COVID-19
អន្តរជាតិ
មួយថ្ងៃ អ៊ីតាលី​មាន​ករណី​ស្លាប់​ដោយសារ COVID-19 ចំនួន​៤៧៥​នាក់ ខណៈ​បារាំង​មាន​ជិត​៩០​នាក់​
19, Mar 2020 , 9:31 am        
រូបភាព
ដោយ:
អ៊ីតាលី នៅ​ថ្ងៃទី​១៨ ខែមីនា បាន​រាយការណ៍​ករណី​ស្លាប់​ដោយសារ COVID-19 ថ្មី ចំនួន​៤៧៥​នាក់ ។ នេះ​គឺជា​តួ​ស្លាប់​ខ្ពស់បំផុត​ក្នុង​មួយ សម្រាប់​ប្រទេស​ទាំងអស់ គិត​ចាប់ពី​ករណី COVID-19 បាន​រកឃើញ​ក្នុងប្រទេស​ចិន កាលពី​ចុង​ឆ្នាំមុន​។ ចំណែក​បារាំង​វិញ មាន​ករណី​ស្លាប់​ថ្មី ៨៩​នាក់ ដែល​ធ្វើ​ឲ្យ​តួលេខ​សរុប​ឡើងដល់​២៦៤​នាក់​ហើយ​។​



​ដោយ​បូក​តួលេខ​ថ្មី​នេះ​ទៀត ករណី​ស្លាប់​សរុប​ក្នុងប្រទេស​អ៊ីតាលី បាន​ឈានដល់ ២៩៧៨​នាក់ ខណៈ​តួលេខ​អ្នក​ឆ្លង​ហក់​ឡើងដល់ ៣៥៧១៣​ករណី​ហើយ​។  តួលេខ​អ្នកស្លាប់​ខ្ពស់បំផុត​ដែល​បាន​រកឃើញ​ក្នុងប្រទេស​អ៊ីតាលី កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន គឺមាន​ចំនួន ៣៦៨ នាក់ ។

​អត្រា​ស្លាប់​នៅ​បន្ត​កើនឡើង ទោះបី​ប្រជាជាតិ​មួយ​នេះ​ចូលដល់​សប្តាហ៍​ទី​២​នៃ​ការបិទ​ប្រទេស​ទាំងមូល​។ មន្ត្រី​រដ្ឋាភិបាល បាន​ទទូច​ឲ្យ​ពលរដ្ឋ​អ៊ីតាលី​បន្ត​មាន​ជំនឿ និង​រឹងប៉ឹង​ឡើង​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធាន​វិទ្យាស្ថាន​សុខាភិបាល​ជាតិ​អ៊ីតាលី លោក Silvio Brusaferro ថ្លែង​នៅ​សន្និសីទ​ព័ត៌មាន​លើ​ទូរទស្សន៍​ជាតិ​ថា​៖«​រឿង​ដែល​សំខាន់​នោះ​គឺ យើង​មិន​ចុះចេញ​។ វា​នឹង​ត្រូវការ​ពេល​២ ទៅ ៣ ថ្ងៃ​ទៀត មុននឹង​យើង​ឃើញ​ប្រសិទ្ធភាព​»​។ ត្រង់នេះ​លោក Brusaferro សង្កត់ធ្ងន់ថា​៖«​យើង​ត្រូវ​រក្សា​ចំណាត់ការ​ទាំងនេះ​ដើម្បី​មើលឃើញ​ពី​ប្រសិទ្ធភាព និង​ដើម្បី​ការពារ​អ្នក​ដែល​រងគ្រោះ​បំផុត​»​។

​បានដាក់​ចេញ​នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃទី​១២ ខែមីនា ចំណាត់​ការបិទ​ការធ្វើ​ធុ​កិច្ច និង​បម្រាម​លើ​ការប្រមូលផ្ដុំ​សាធារណៈ​នេះ នឹង​បិទ​បញ្ចប់​នា​ថ្ងៃទី ២៥ ខែមីនា​។ ក៏ប៉ុន្តែ​ការបិទ​សាលារៀន និង​ចំណាត់ការ​ផ្សេងទៀត ដូចជា ការផ្អាក​ព្រឹត្តិការណ៍​កីឡា នានា នឹង​បន្ត​រហូតដល់​ថ្ងៃទី ៣ ខែមេសា​។ ទោះជា​បែបនេះ​ក្តី  មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អ៊ីតាលី បាន​បង្ហើប​ថា ការបិទ​សាលា អាច​លើក​រហូតដល់​ខែមេសា ។​

អត្ថបទទាក់ទង


​ចំណែក​នៅ​បារាំង អាជ្ញាធរ​សុខាភិបាល​ប្រទេស​នេះ នៅ​ថ្ងៃ​ពុធ ទី​១៨ ខែមីនា បាន​រាយការណ៍​ករណី​ស្លាប់​ដោយសារ COVID-19 ចំនួន ៨៩​នាក់​ថ្មី ដែល​ធ្វើ​ឲ្យ​តួលេខ​ស្លាប់​សរុប​ឡើងដល់ ២៦៤​នាក់​ហើយ​។ ដោយឡែក​ករណី​ឆ្លង COVID-19 នៅ​ប្រទេស​នេះ កើនឡើង​ជាង​១៤០០​នាក់​ថ្មី ដែល​ធ្វើ​ឲ្យ​តួលេខ​ឆ្លង​សរុប ឡើងដល់ ៩១៣៤​នាក់​។ 

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បានប្រកាស​ចាត់វិធានកា​រ​រឹតត្បិត​ការដើរ​ហើរ​របស់​ប្រជាជន​ខ្លួន​រយៈពេល​១៥​ថ្ងៃ​។ ប្រធានាធិបតី​បារាំង​រូបនេះ បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​សម្ងំ​នៅផ្ទះ​និង​ចៀសវាង​ការចេញ​ទៅ​ដើរហើរ​នៅ​ខាងក្រៅ ដរាបណា​មានការ​ចាំបាច់​ក្នុង​ការទិញ​ម្ហូបអាហារ ទៅធ្វើ​ការ ឫ​ស្វែងរក​ការថែទាំ​សុខាភិបាល​៕


Tag:
 អ៊ីតាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com