COVID-19
អន្តរជាតិ
COVID-19៖ ចិន​លែងមាន​ករណី​ឆ្លង​ថ្មី​ក្នុងស្រុក តែ​ករណី​ឆ្លង​ពី​បរទេស​បន្ត​កើនឡើង​
19, Mar 2020 , 10:31 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​នៅ​ថ្ងៃទី​១៨ ខែមីនា ចិនដីគោក​មាន​ករណី​ឆ្លង​ថ្មី​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ឡើយ​។ នេះ​ជា​លើកដំបូង​សម្រាប់​ចិន​គិត​តាំងពី​ការចាប់ផ្ដើម​កត់ត្រា​ករ​ណី​ឆ្លង​ប្រចាំថ្ងៃ​ក្នុង​ខែមករា​មក ដែល​នេះ​ក៏​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​វិធានការ​កន្លងមក​រប​ស់​រដ្ឋាភិបាល​ចិន​ផងដែរ​។ ប៉ុន្តែ​ករណី​ឆ្លង​វីរុស​ពី​ប្រទេស​ផ្សេង​ចូល​ទឹកដី​ចិន បាន​បន្ត​កើនឡើង​គួរ​ឲ្យ​បារម្ភ បើទោះបី​ជាមាន​វិធានការ​រឹតបន្តឹង​លើ​អ្នកដំណើរ​ទាំងអស់​ក្ដី​។

 
​គណៈកម្មការ​សុខាភិបាល​ចិន នៅ​ថ្ងៃទី​១៩ ខែមីនា បាន​រាយ​ករ​ណ៍​ការឆ្លង COVID-19 ចំនួន​៣៤​ករណី ដែល​សុទ្ធសឹង​ករណី​ឆ្លង​នាំចូល​ពី​បរទេស​ទាំងអស់​។ នេះ​ជាការ​កើនឡើង​ករណី​ឆ្លង​ប្រចាំថ្ងៃ​ដ៏​ខ្ពស់​ចិន ខណៈ​មកទល់ពេលនេះ ករណី​នាំចូល​វីរុស​នេះ​នៅ​ចិន​មាន​ចំនួន​១៨៩​នាក់​។ ជា​រឿង​គួរ​ឲ្យ​ត្រេកអរ មិនមាន​ឡើយ​ករណី​ឆ្លង​ក្នុងស្រុក​នៅ​ថ្ងៃទី​១៨ ខែមីនា សូម្បីតែ​នៅ​ទីក្រុង​វូ​ហាន ឬ​ខេត្ត​ហ៊ូ​ប៉ី​ទាំងមូល​ក៏ដោយ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua តួលេខ​អ្នក​ឆ្លង COVID-19 នៅ​ទីក្រុង​វូ​ហាន​មាន​ចំនួន​៥០០០៥​នាក់ និង​នៅ​ខេត្ត​ហ៊ូ​ប៉ី​មាន​ចំនួន​សរុប​៦៧៨០០​នាក់​ដដែល​។ នេះ​ជា​ជំហាន​វិជ្ជមាន​មួយ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​វីរុស​ប្រភេទ​ថ្មី​របស់​ចិន ហើយ​វា​ក៏​ស្ដែង​ពី​លទ្ធផល​នៃ​ចំណាត់​ការមិន​ធ្លាប់​របស់​ចិន​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​វីរុស​នេះ​ផងដែរ​។ 
 
​នៅ​ថ្ងៃទី​១៨ ខែមីនា​ដដែល ទោះ​គ្មាន​ករណី​ឆ្លង​ថ្មី តែ​ករណី​ស្លាប់​ដោយសារ COVID-19 មាន​ចំនួន​៨​នាក់​ដែល​កើត​នៅ​ខេត្ត​ហ៊ូ​ប៉ី​ទាំងអស់ ដែល​នាំ​ឲ្យ​តួលេខ​អ្នកស្លាប់​សរុប​នៅ​ចិនដីគោក​មាន​ចំនួន​៣២៤៥​នាក់​។ ចាប់តាំងពី​ការផ្ទុះ​ឡើង​ក្នុង​ខែធ្នូ ឆ្នាំ​២០១៩ មក ជំងឺ COVID-19 បានកើត​លើ​មនុស្ស​ជិត​៨១០០០​នាក់ ហើយ​មកទល់ពេលនេះ​មានតែ​ចំនួន​៧២៦៣​នាក់​ទៀត​ប៉ុណ្ណោះ ដែល​បន្ត​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។ 
 
​យ៉ាងណាមិញ បញ្ហា​ប្រឈម​ដែល​លេចឡើង​សម្រាប់​ចិន​ពេលនេះ គឺ​ការកើនឡើង​ករណី​ឆ្លង​នាំចូល​ពី​ប្រទេស​ដែល​កំពុង​ផ្ទុះ COVID-19 ធ្ងន់ធ្ងរ​ដូចជា​អ៊ីតាលី និង​អ៊ីរ៉ង់​ជាដើម​។ ដើម្បី​ទប់ស្កាត់​ការ​រាលដាល ទីក្រុង​ចិន​ធំៗ​រាប់ទាំង​រដ្ឋធានី​ប៉េកាំង​ផង បាន​តម្រូវ​ឲ្យ​អ្នកដំណើរ​ទាំងអស់​នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ ដោយ​ចេញថ្លៃ​ចំណាយ​ខ្លួនឯង​ទៀតផង​៕

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com