ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! ភេសជ្ជៈ​អ្វីខ្លះ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​?
19, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​រឹងមាំ គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​ចៀស​ផុតពី​ជំងឺ​ផ្សេងៗ​។ ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បានដឹងហើយថា​ការទទួល​ទាន​បន្លែ​និង​ផ្លែឈើ​ស្រស់ៗ​អាច​ផ្ដល់​អត្ថប្រយោជន៍​ប្រសើរ​យ៉ាងណា​ចំពោះ​សុខភាព​។ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ គឺ​ទឹក​បន្លែ​និង​ផ្លែឈើ​មួយចំនួន​ដូចខាងក្រោម​ក៏​អាចជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ចៀស​ផុតពី​បញ្ហា​ឆ្លង​មេរោគ​ទៀតផង​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ទឹក​បន្លែ​និង​ផ្លែឈើ​ស្រស់ៗ​ដែលមាន​ប្រយោជន៍​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ ៖
 
១. តែ​ខ្ញី​
 
​ខ្ញី​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​មេរោគ​បាក់តេរី​ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​រាល់​បាក់តេរី​បង្ក​គ្រោះថ្នាក់​។ ប្រសិនបើ​អ្នកទទួល​ទាន​ខ្ញី ឬ​តែ​ខ្ញី​រាល់ថ្ងៃ អ្នកនឹង​មិន​ងាយ​កើត​ជំងឺ​ផ្ដាសាយ​ឡើយ​។ ខ្ញី​ក៏មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​កម្ចាត់​ការ​រលាក​ផ្សេងៗ​ក្នុង​ប្រព័ន្ធ​ប្រសាទ​នៃ​ប្រព័ន្ធ​ភាពស៊ាំ រួមបញ្ចូល​ទាំង​សមាសធាតុ​សកម្ម​បំផុត​ហៅថា gingerols ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​។​

២. ទឹក​ការ៉ុត​
 
​ជា​បន្លែ​ដ៏​ប្រសើរ​ជួយ​ក្នុងការ​ទប់ស្កាត់​ជំងឺ​ផ្ដាសាយធំ​និង​គ្រុនផ្ដាសាយ​។ វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ beta-carotene ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។ អ្នកនឹង​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ ប្រសិនបើ​ឧស្សាហ៍​ទទួលទាន​ទឹក​ការ៉ុត​ស្រស់ៗ​។​
 
៣. ទឹកដូង​
 
​អ្នក​អាច​ជៀស​ផុតពី​ជំងឺ​ដោយ​គ្រាន់តែ​ទទួលទាន​ទឹកដូង​ជាប្រចាំ​។ នោះ​ក៏​ព្រោះតែ​ទឹកដូង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​បាន​យ៉ាង​ប្រសើរ​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត lauric ដែល​ជួយ​ប្រយុទ្ធប្រឆាំង​បាក់តេរី​និង​ពពួក​វីរុស​។ វា​មាន​ប្រសិទ្ធភាព​កម្ចាត់​រាល់​បាក់តេរី​មិនល្អ​ក្នុង​រាងកាយ​ដែល​បង្ក​ជំងឺ​អញ្ចាញ​និង​មេរោគ​ឆ្លង​ក្នុង​ផ្លូវ​ទឹកនោម​។ ទឹកដូង​ក៏​ជួយ​ទប់ស្កាត់​វីរុស​ដែល​បង្ក​ជំងឺ​ផ្ដាសាយ និង​មេរោគ​ឆ្លង​ផ្សេងៗ​ផងដែរ​។​
 
៤. ទឹកក្រូច​ឆ្មារ​
 
​វីតាមីន C ក្នុង​ទឹកក្រូច​ឆ្មារ​ធ្វើឱ្យ​វា​ក្លាយជា​ភេសជ្ជៈ​ដ៏​ប្រសើរ​បំផុត​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។​
 
៥. ទឹក​ផ្លែ​ប៉ោម​ស្រស់​
 
​ក្រៅពី​វីតាមីន​និង​ជាតិ​រ៉ែ​ហើយ​នោះ​ផ្លែ​ប៉ោម​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ផងដែរ​។ ជាតិ​សរសៃ​នេះ​ជួយ​បណ្ដេញ​ជាតិពុល​តាម​ពោះវៀន​។ នៅពេល​ជាតិពុល​ត្រូវបាន​កម្ចាត់​នោះ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​នឹងមាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​។​
 
៦. ទឹក​ផ្លែ​ល្ហុង​
 
​ល្ហុង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A វីតាមីន C និង​វីតាមីន E ដែលជា​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។​
 
៧. ទឹកក្រូច​ច្របាច់​
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ក្រូច​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ចាំបាច់​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។​
 
៨. តែ​អូ​ឡុង​
 
​សារធាតុ flavonoids ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទទួលខុស​ត្រូវ​ក្នុងការ​ទប់ស្កាត់​ការបំផ្លាញ​លើ​កោសិកា​មាន​សុខភាព​ល្អ​។ សមត្ថភាព​របស់​រាង​កាយ​ក្នុង​ការផលិត​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​នឹង​កាន់តែ​ប្រសើរឡើង​នៅពេល​ទទួលទាន​តែ​អូ​ឡុង​ជាប្រចាំ​។​
 
៩. ទឹក​សណ្ដែក​

​នេះ​ក៏​ព្រោះតែ​សណ្ដែកសៀង​មាន​ផ្ទុក​សមាសធាតុ​ម្យ៉ាង​ហៅថា saponins ដែលមាន​ប្រសិទ្ធភាព​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com