ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​កម្ចាត់​មុន​ក្បាល​ខ្មៅ ឬ​ក្បាល​ស​មិន​ពិបាក​ឡើយ​! រូបមន្ត​ធម្មជាតិ​ទាំងនេះ​ជួយ​បាន​
19, Mar 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ឡើង​មុន​ក្បាល​ខ្មៅ​និង​ក្បាល​ស​ជា​បញ្ហា​ទូទៅ​បំផុត​មួយ​ដែល​កើតមាន​មិន​ថា​ចំពោះ​មនុស្ស​ប្រុស ឬ​ស្រី​! ភាគច្រើន​វា​កើតមាន​ត្រង់​ចង្ការ​និង​ច្រមុះ​។


 
​ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​វិធី​ងាយៗ​ដោះស្រាយ​បញ្ហា​ស្បែក​ងាប់ៗ​និង​កម្ចាត់​មុន​ក្បាល​ខ្មៅ​និង​ក្បាល​ស​ឆាប់រហ័ស ៖

១. ផ្នែក​ពណ៌​ស​នៃ​ស៊ុត​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​សេ​លេ​ញ៉ូ​ម​ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​កម្ចាត់​មុន​បាន​យ៉ាង​ឆាប់រហ័ស​។ ជាដំបូង​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាង​សម្អាត​មុខ​ឱ្យ​ស្អាត​និង​ជូត​ផ្ដិត​ឱ្យ​ស្ងួត​ជាមុនសិន​។ បន្ទាប់មក​កូរ​វឹក​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​រួច​លាប​ពី ៣ ទៅ ៥ ស្រទាប់​លើ​ស្បែក​មុខ​ដែលមាន​បញ្ហា​មុន​។ ទោះជា​យ៉ាងណា​ត្រូវ​ទុកឱ្យ​ស្រទាប់​នីមួយៗ​ស្ងួត​សិន​សឹម​លាប​មួយ​ស្រទាប់ៗ​បន្ត​។ នៅពេល​មាន​អារម្មណ៍​ថា​តឹង​ស្បែក​ឬ​ម៉ាស​ស្ងួត ចូរ​បក​ថ្នមៗ​និង​លាង​សម្អាត​មុខ​ចេញ​ជាការ​ស្រេច​។ អ្នក​ក៏​អាច​លាយ​ផ្នែក​ពណ៌​ស​នៃ​ស៊ុត ១ គ្រាប់ ជាមួយ​ទឹកក្រូច​ឆ្មារ កន្លះ​ស្លាបព្រា​កាហ្វេ និង​ទឹកឃ្មុំ ចំនួន ១ ស្លាបព្រា​កាហ្វេ​។ កូរ​លាយ​ចូលគ្នា​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​មុន​ក្បាល​ខ្មៅ​។ ទុកចោល​សម្រាប់​រយៈពេល ១៥ នាទី ហើយ​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាមុនសិន សឹម​លាង​ជាមួយ​ទឹក​ត្រជាក់​តាម​ក្រោយ​។​

២. ទឹកឃ្មុំ​លាយ​ទឹកដោះគោ​ស្រស់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​ជាមួយ​ទឹកដោះគោ​ស្រស់ ១ ស្លាបព្រា​បាយ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​មួយ​ជាន់​លើ​មុន​ក្បាល​ខ្មៅ​។ បន្ទាប់មក​ប្រើប្រាស់​ក្រដាស​ជូត​មាត់​សង្កត់ពីលើ​។ ទុកឱ្យ​ស្ងួត​សម្រាប់​រយៈពេល​ប្រហែល ២០ នាទី​។ សឹម​បក​ចេញ​ថ្នមៗ​និង​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។​
 
៣. ទឹកក្រូច​ឆ្មារ​ស្រស់​
 
​លាង​សម្អាត​មុខ​ឱ្យ​ស្អាត រួច​ជូត​ឱ្យ​ស្ងួត​។ បន្ទាប់មក​ប្រើប្រាស់​ដុំ​សំឡី​ជ្រលក់​ទឹកក្រូច​ឆ្មារ​ស្រស់​លាប​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​។ អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​មុនពេល​ចូល​គេង​។ លាង​សម្អាត​ចេញ​នៅពេល​ព្រឹក​។​

៤. ប្រទាល​កន្ទុយក្រពើ​
 
​លាយ​សាច់ ឬ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ចំនួន ១ ស្លាបព្រា​បាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់​ចំនួន​ពី ២ ទៅ ៣ ដំណក់​។ កូរ​ឲ្យ​សព្វ សឹម​លាបទឹក​ល្បាយ​លើ​មុន ឬ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​។ ទុកចោល​រហូតដល់​ស្បែក​ស្រូប​យកជាតិ​ល្បាយ​។ ហើយ​ដើម្បី​កម្ចាត់​ក្បាល​ខ្មៅ​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់​លើ​មុន​ក្បាល​ខ្មៅ និង​ទុកចោល​សម្រាប់​រយៈពេល​ប្រហែល ១០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច​។ អនុវត្ត​រាល់ថ្ងៃ​ជាប្រចាំ​ដើម្បី​ទទួលបាន​ស្បែក​ស្រស់ថ្លា​រលោង​ស្អាត​។​
 
៥. ទឹក​ខ្ពុរមាត់​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ខ្ពុរមាត់​លើ​មុន​ក្បាល​ខ្មៅ​ទាំងនោះ​ជាការ​ស្រេច​។ ជាតិ​អាល់កុល​ដែលមាន​ផ្ទុក​នៅក្នុង​ទឹក​ខ្ពុរមាត់​ស​ម្ងួ​ត​មុន​ទាំងនោះ​យ៉ាង​ឆាប់រហ័ស ព្រមទាំង​សម្លាប់​បាក់តេរី​ទប់ស្កាត់​មិនឱ្យ​ឆ្លង​មេរោគ​ផងដែរ​។ បើ​ប្រៀបធៀប​ទៅនឹង​ទឹក​ថ្នាំ​កម្ចាត់​មុន​ដទៃទៀត​ដាក់លក់​តាម​ទីផ្សារ​ដែលមាន​ផ្ទុក​សារធាតុ​គីមី​ខ្លាំង នោះ​ទឹក​ខ្ពុរមាត់ គឺជា​ផលិតផល​ប្រសើរ​បំផុត​សម្រាប់​សុខភាព​ស្បែក​របស់​អ្នក​។​
 
៦. ខ្ទឹមស​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ចិញ្ច្រាំ​ខ្ទឹមស​ឱ្យ​ក្លាយជា​ម៉ដ្ឋ​ខាប់ៗ​។ បន្ទាប់មក​លាយ​ទឹក​ស្អិតៗ​នៃ​ខ្ទឹមស​ដែល​ចិញ្ច្រាំ​រួច​នោះ​លើ​មុន​ក្បាល​ខ្មៅ​និង​ទុកចោល​សម្រាប​រយៈពេល ៥ នាទី​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com