ជួយ​ចែករំលែក​! កំឡុងពេល​មាន​ផ្ទៃពោះ អាហារ​អ្វី​គួរ ឬ​មិនគួរ​ទទួលទាន​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! កំឡុងពេល​មាន​ផ្ទៃពោះ អាហារ​អ្វី​គួរ ឬ​មិនគួរ​ទទួលទាន​?
20, Mar 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​កំឡុងពេល​មាន​ផ្ទៃពោះ គឺជា​ស្ថានភាព​ដ៏​លំបាក​មួយ​សម្រាប់​ស្ត្រី​ដោយ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ហើយ​ជៀស​មិន​ផុតពី​ការអនុវត្ត​តាម​បញ្ជា និង​ការណែនាំ​ជាច្រើន​ដើម្បី​ប្រាកដថា​អាច​សម្រាល​បាន​ជោគជ័យ​ឡើយ​។ ការ​រឹង​បន្តឹង​របប​អាហារ គឺជា​ចំណុច​ចម្បង​មួយ​ដែល​ស្ត្រី​ព្រួយបារម្ភ​កំឡុងពេល​មាន​ផ្ទៃពោះ​។ ថ្វីត្បិតតែ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវបាន​ហាម​មិនឱ្យ​ទទួលទាន​អាហារ​ជាច្រើន​ប្រភេទ​ក៏ដោយ ក៏​នៅមាន​អាហារ​មួយ​ប្រភេទ​ដែល​អ្នក​អាច​ទទួលទាន​បាន​ដោយ​គ្មាន​ការព្រួយបារម្ភ​ក្នុងកំឡុងពេល​មាន​ផ្ទៃពោះ និង​ថែមទាំង​ផ្ដល់​អត្ថប្រយោជន៍​ល្អ​ចំពោះ​សុខភាព​ទៀតផង​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​ស្ត្រី​គួរ ឬ​មិនគួរ​ទទួលទាន​កំឡុងពេល​មាន​ផ្ទៃពោះ ៖
 
•​ ​អាហារ​គួរ​ទទួលទាន​

១. សណ្ដែក​ពពួក Legumes

​ការ​ទទួលទាន​សណ្ដែក​ពពួក Legumes រួមមាន​សណ្ដែកខៀវ ឬ​សណ្ដែកក្រហម​ជាដើម​កំឡុងពេល​មាន​ផ្ទៃពោះ គឺ​ល្អ​ណាស់​សម្រាប់​សុខភាព​ទារក​ក្នុង​ផ្ទៃ​។ នោះ​ក៏​ព្រោះតែ​សណ្ដែក​ទាំងនេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​កាល់ស្យូម ជាតិ folate ជាតិ​សរសៃ ជាតិ​ដែក និង​ប្រូតេអ៊ីន​។​
 
២. ត្រី​សាល​ម៉ុ​ន​
 
​នៅ​ចុង​ត្រីមាស​ដំបូង​ខួរក្បាល​របស់​ទារក​ចាប់ផ្ដើម​លូតលាស់​អភិវឌ្ឍ​កាន់តែ​លឿន​ជាង​ផ្នែក​ដទៃទៀត​នៃ​រាងកាយ​។ ដូច្នេះ​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង DHA គឺ​សំខាន់​ណាស់​ដើម្បី​ផ្ដល់​សារធាតុចិញ្ចឹម​ចាំបាច់​បន្ថែម​ជួយ​ក្នុង​ដំណើរការ​នេះ​។ ហើយ​ត្រី​សម្បូរ​ខ្លាញ់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​DHA​។ ត្រី​សាល​ម៉ុ​ន​មាន​ផ្ទុក​ជាតិ​បា​រ៉​ត​ទាប​។ អ្នក​មិនគួរ​ទទួលទាន​លើសពី ២ ដង​ក្នុង​មួយ​សប្តាហ៍​ឡើយ​។​

៣. ស៊ុត​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ចាំបាច់​ដែល​រាងកាយ​ត្រូវការ​។ លើសពីនេះទៅទៀត ស៊ុត ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ choline និង Folic acid ដែល​សំខាន់​ជួយ​ការអភិវឌ្ឍ​ខួរក្បាល និង​ឆ្អឹងខ្នង​របស់​ទារក​ក្នុង​ផ្ទៃ​។ ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សារធាតុ choline គ្រប់គ្រាន់​កំឡុងពេល​មាន​ផ្ទៃពោះ​ក៏​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​បញ្ហា​សរសៃប្រសាទ​របស់​ទារ​ក​ផងដែរ​។​
 
៤. បន្លែ​បៃតង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់ស្យូម សារធាតុ Folate ជាតិ​ស​សៃ ជាតិ​ដែក ប៉ូ​តា​ស្យូ​ម វីតាមីន A វីតាមីន C និង​វីតាមីន K​។ ហើយ​ពិតណាស់​ការទទួល​ទាន​បន្លែ​បៃតង​អាចជួយ​ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ ព្រមទាំង​អាកា​រៈ​ទល់លាមក​ដែល​កើតឡើង​កំឡុងពេល​មាន​ផ្ទៃពោះ​បាន​យ៉ាង​ប្រសើរ​។​

៥. សាច់​គ្មាន​ខ្លាញ់​
 
​សាច់​គ្មាន​ខ្លាញ់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​។ លើសពីនេះទៅទៀត​សាច់​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​កំឡុងពេល​មាន​ផ្ទៃពោះ​។​
 
៦. អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​
 
​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវការ​ទទួលទាន​អាហារ​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន និង​កាល់ស្យូម​បន្ថែម ដើម្បី​ការ​វិវឌ្ឍន៍​នៃ​កូន​ក្នុង​ផ្ទៃ​ល្អប្រសើរ​។ ផលិតផល​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ដូចជា យ៉ា​អ៊ួ​រ គឺអាច​ផ្ដល់​អត្ថប្រយោជន៍​ប្រសើរ​មែនទែន​សម្រាប់​អ្នក​។ ជាពិសេស យ៉ា​អួរ greek ដែល​មិន​ត្រឹមតែ​ផ្ដល់​ជាតិ​កាល់ស្យូម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្ដល់ឱ្យ​រាងកាយ​នូវ​ប្រូ​បាយ​អូ​ទិ​ក ក៏ដូចជា​បាក់តេរី​ល្អៗ​ជួយ​សម្រួល​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ​ផងដែរ​។ ការទទួល​ទាន​អាហារ​មាន​ជាតិ​ប្រូ​បាយ​អូ​ទិ​ក​ជួយ​កាត់បន្ថយ​ទប់ស្កាត់​ផលវិបាក​មួយចំនួនទៀត​ដូចជា​អា​ឡែក​ស៊ី ជំងឺ​ក្រឡាភ្លើង ការឆ្លង​មេរោគ​ក្នុង​ទ្វារមាស និង​ជំងឺ​ទឹកនោមផ្អែម​អំឡុងពេល​មាន​ផ្ទៃពោះ​ផងដែរ​។​
 
•​ ​អាហារ​គួរ​ចៀសវាង​

១. គ្រឿង​សមុទ្រ​ដែលមាន​ផ្ទុក​ជាតិ​បា​រ៉​ត​ខ្ពស់​
 
​ត្រី​ដែលមាន​ផ្ទុក​ជាតិ​បា​រ៉​ត គឺ​គ្រោះថ្នាក់​ណាស់​កំឡុងពេល​មាន​ផ្ទៃពោះ​ដោយ​វា​អាច​បង្ក​ប៉ះពាល់​ទៅលើ​ការលូតលាស់​និង​សុខភាព​ខួរក្បាល​របស់​ទារក​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរ​ចៀសឱ្យផុត​ពី​អាហារ​សមុទ្រ​ប្រភេទ​ណា​ដែលមាន​ផ្ទុក​ជាតិ​បា​រ៉​ត​ខ្ពស់​។ ទោះជា​យ៉ាងណា​អ្នក​អាច​ទទួលទាន​ត្រី​ដែលមាន​ផ្ទុក​ជាតិ​បា​រ៉​ត​ទាប​បាន ប៉ុន្តែ​ក្នុង​កម្រិត​មធ្យម​។ ត្រី​សាល​ម៉ុ​ន​និង​បង្គា​ជា​ប្រភេទ​នៃ​អាហារ​សមុទ្រ​ដែលមាន​សុវត្ថិភាព​ក្នុងការ​ទទួលទាន​កំឡុងពេល​មាន​ផ្ទៃពោះ​។​
 
២. ស៊ុត​ឆៅ​
 
​ជាធម្មតា​ស៊ុត​ជា​អាហារ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​សុខភាព​ពិសេស​កំឡុងពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​ប្រសិនបើ​ទទួលទាន​វា​ទាំង​ឆៅ គឺ​មិនល្អ​សោះឡើយ​។ ស៊ុត​ឆៅ​អាចមាន​ផ្ទុក​បាក់តេរី salmonella ដែលនាំឱ្យ​ក្អួត​និង​រាគ​បង្ក​គ្រោះថ្នាក់​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​ស្ត្រី​ជា​ម្ដាយ រួមទាំង​ទារក​ក្នុង​ផ្ទៃ​។​

៣. គ្រាប់​ធញ្ញជាតិ​
 
​គ្រាប់​ធញ្ញជាតិ​ជា​អាហារសម្រន់​ដ៏​ប្រសើរ​កំឡុងពេល​មាន​ផ្ទៃពោះ​ក៏​ព្រោះ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​និង​ជាតិ​ខ្លាញ់​សុខភាព​ល្អ​។ ទោះជា​យ៉ាងណាក៏ដោយ អ្នក​គួរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​ទទួលទាន​គ្រាប់​ធញ្ញជាតិ​កំឡុងពេល​មាន​ផ្ទៃពោះ​។ នោះ​ក៏​ព្រោះតែ​គ្រាប់​ធញ្ញជាតិ​មួយចំនួន​ដែល​បង្កបញ្ហា​ប្រតិកម្ម​ធ្វើឱ្យ​ស្បែក​ឡើង​រោល​ក្រហម រមាស់ និង​ហើម​ផ្នែក​ខ្លះ​នៃ​រាងកាយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​គួរ​ធ្វើការ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​សិន​អំពី​ប្រភេទ​នៃ​គ្រាប់​ធញ្ញជាតិ​ណា​ដែល​អ្នក​អាច​ទទួលទាន​បាន​កំឡុងពេល​មាន​ផ្ទៃពោះ​។​

៣. អាហារ​ឆៅ​
 
​ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​ទទួលទាន​អាហារ​ឆៅ​ឡើយ ជាពិសេស​សាច់មាន់​និង​សាច់​ក្រហម​។ សាច់ ឬ​អាហារ​ឆៅ​ផ្សេងៗ​អាចមាន​ផ្ទុក​នូវ​បាក់តេរី​និង​ប៉ារ៉ាស៊ីត​ដែល​បង្ក​គ្រោះថ្នាក់​ចំពោះ​ទារក​ក្នុង​ផ្ទៃ​។ ដូច្នេះ​មុននឹង​ទទួលទាន​ត្រូវ​ប្រាកដថា​អាហារ​នោះបាន​លាង​សម្អាត​ជ្រះ​សព្វ​និង​ឆ្អិន​ល្អ​។​
 
៤. អាហារ​កំប៉ុង​
 
​អាហារ​កំប៉ុង​ភាគច្រើន​មាន​ផ្ទុក​សារធាតុ​គីមី​ផ្សេងៗ ព្រមទាំង​សារធាតុ​រក្សាទុក​បានយូ​រដែ​លអាច​បង្ក​ផលប៉ះពាល់​គួរឱ្យ​បារម្ភ​ចំពោះ​សុខ​ភា​ពា​ស្ត្រី​ជា​ម្ដាយ​និង​កូន​ក្នុង​ផ្ទៃ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចៀសផុត​ពីសារ​ធាតុគីមី​គ្រោះថ្នាក់​ចូរ​ជ្រើសរើស​បន្លែ​ផ្លែឈើ​និង​សាច់​ស្រស់ៗ​ជំនួស​វិញ​។​
 
៥. កាហ្វេ​អ៊ី​ន​

​អាហារ​និង​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន​មិនល្អ​ឡើង​សម្រាប់​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ​រួមទាំង​ទារក​។ ស្ត្រី​មាន​ផ្ទៃពោះ​គួរ​កម្រិត​ការ​ទទួលទាន​កាហ្វេ​អ៊ី​ន​ឱ្យ​តិចជាង ២០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ ឬ​ប្រមាណ​ពី ២ ទៅ ៣ ពែង​នៃ​កាហ្វេ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com