ជាតិ
ព្រះបរមរាជវាំង ផ្អាក​ព្រះ​រាជពិធី​ត្រស្ដិ​សង្ក្រាន្ត​
19, Mar 2020 , 2:40 pm        
រូបភាព
រូប​ពី​ Royal du Cambodia
រូប​ពី​ Royal du Cambodia
​ភ្នំពេញ​៖ ព្រះបរមរាជវាំង​នឹង​ផ្អាក​ការរៀបចំ ព្រះ​រាជពិធី​ត្រស្ដិ​សង្ក្រាន្ត​(​ភាណ​យ​ក្យ​) ដែល​នឹង​ប្រារព្ធ​នៅ​ព្រះបរមរាជវាំង ចាប់ពី​ថ្ងៃ​សុក្រ ១២​រោច ដល់​ថ្ងៃ​ចន្ទ​១៥​រោច ត្រូវ​នឹង​ថ្ងៃទី​២០-២៣ ខែមីនា ឆ្នាំ​២០២០​។ នេះ​បើតាម​សេចក្ដី​ជួន​ដំណឹង របស់​ក្រសួងព្រះបរមរាជវាំង​។



​សេចក្ដីជូនដំណឹង​នេះ ធ្វើឡើង​ក្រោយពី ក្រសួងសុខាភិបាល ប្រកាស​បិទ​នូវ​រាល់​ការជួបជុំ​បែប​សាសនា​គ្រប់បែបយ៉ាង នៅ​ទូទាំងប្រទេស​ក្នុងស្ថានភាព​ជំងឺ​កូ​វីដ​១៩ កំពុងតែ​រីក​រាលដាល ដែល​សេចក្ដីប្រកាស​នោះ​ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០​។​
 
​តាម​ឯកសារ ព្រះ​រាជពិធី​ត្រស្តិ​សង្ក្រាន្ត ជា​ព្រះរាជ​ពិធីសូត្រមន្ត​រំដោះ​ព្រះ​គ្រោះ​ចម្រើន​ព្រះ​សិរី​សួស្តី​របស់​ព្រះរាជ​បល្ល័ង្ក ដូច​ពិធីសូត្រមន្ត ឬ​ចម្រើន​ព្រះ​បរ​ត្តិ​ធម្មតា តែមាន​របៀប​រៀបចំ​ធំ​ជាង ព្រោះ​ជា​ព្រះ​រាជពិធី​ព្រះមហាក្សត្រ ហើយ​១​ឆ្នាំ​ត្រូវធ្វើ​តែម្តង​នៅវេលា​ដាច់​ឆ្នាំ​។ តាម​ទម្លាប់​អ្នកស្រុក គេ​ចូលចិត្ត​ហៅថា ព្រះរាជ​ពិធី​សូត្រ​ភាណ​យក្ស​។​
 
​រៀងរាល់ឆ្នាំ ព្រះ​រាជពិធី​ត្រស្តិ​សង្ក្រាន្ត ប្រព្រឹត្ត​នៅ​ថ្ងៃ ១២ - ១៣ -១៤-១៥ រោច ខែ ក្នុង​ព្រះបរមរាជវាំង​។ ព្រះរាជ​ពិធី​នេះ​តែង​ធ្វើ​នៅក្នុង​ព្រះទីនាំង ទេវាវិនិច្ឆ័យ និង​ក្នុង​រោង​មណ្ឌល​ទាំង ៥ ខាង ក្រៅ​កំពែង​ព្រះបរមរាជវាំង ជា​កិច្ច​ជូន​ដំណើរ​ឆ្នាំ​ចាស់​ដែល​ត្រូវ​ចេញទៅ ទទួល​ឆ្នាំ​ថ្មី​ដែល​ត្រូវ​ចូលមក នឹង​បំបាត់​ឧ​ប​ទ្រព្យ​ចង្រៃ​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​អស់​ទៅ អញ្ជើញ​ទេវតា​ឆ្នាំ​ថ្មី​ឲ្យ​ចូល មក​ចម្រើន សិរី​សួស្តី​ជ័យ​មង្គល​មហាប្រសើរ ចំពោះ​ព្រះរាជ​បល្ល័ង្ក និង​ដល់ ប្រជាពលរដ្ឋ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​
 
​ព្រះរាជ​ពិធី​នេះ មានឈ្មោះ​ហៅ​ច្រើនយ៉ាង គឺ​ហៅថា ព្រះ​រាជពិធី​ត្រស្តិ​សង្ក្រាន្ត​ក៏បាន ថា​ព្រះ​រាជពិធី​បញ្ជាន់ត្រស្តិ​ក៏បាន ថា​ព្រះ​រាជពិធី សម្ព​ច្ឆ​រ​ច្ឆិ​ន្ទ​ក៏បាន ថា​ព្រះ​រាជពិធី​សូត្រ​ភាណ​យក្ស​ក៏បាន​, តែ​ក្នុង​ផ្លូវការ ហៅថា ព្រះ​រាជពិធី​ត្រស្តិ​សង្ក្រាន្ត​។​
 
​ពាក្យ​ថា ត្រ​សិ្ត ឬ ត្រុដិ ប្រែ​ថា ការ​កាត់ ការផ្តាច់ ពាក្យ​ថា សម្ព​ច្ឆ​រ​ច្ឆិ​ន្ទ ប្រែ​ថា ការផ្តាច់​ឆ្នាំ គឺ​ការជូន​ដំណើរ​ឆ្នាំ​ចាស់ ទទួល​ដំណើរ​ឆ្នាំ​ថ្មី​, ឯ​ពាក្យ​ថា សូត្រ​ភាណ​យក្ស គឺ​សូត្រ​អាដានាដិយបរិត្ត​បណ្តេញ​យក្ស ខ្មោច​បិសាច ហើយនឹង​ពាក្យ​ថា បញ្ជាន់ត្រស្តិ គឺ​បញ្ជាន់​បណ្តេញ​ខ្មោច​បិសាច​ឆ្នាំ​ចាស់​ឲ្យ បរវៀស​ជៀស​ឆ្ងាយ​ទៅ ។ 
 
​រួម​ពាក្យ​ទាំងអស់នេះ បានសេចក្តីថា ព្រះរាជ​ពិធី ដែល​ធ្វើ​នៅ​ថ្ងៃ ១២ - ១៣ - ១៤ - ១៥ រោច ខែផល្គុន ជា​ព្រះ​រាជពិធី​ជូន ដំណើរ​ឆ្នាំ​ចាស់ ដែល​ត្រូវផុត​ទៅ​នៅ​ថ្ងៃ ១៥ រោច​ខែផល្គុន ទទួល​ដំណើរ ឆ្នាំ​ថី្ម ដែល​ត្រូវ​ធ្វើដំណើរ​ចូលមក​នៅ​ថ្ងៃ ១ កើត ខែចេត្រ ព្រោះថា តាំងពី​ថ្ងៃ ១ កើត ខែចេត្រ​ទៅ លោក​រាប់​ថា​ជា​ឆ្នាំ​ថ្មី​ហើយ គ្រាន់តែ​មិនទាន់​ឡើងស័ក ប៉ុណ្ណោះ​៕



Tag:
 ព្រះបរមរាជវាំង​
  ព្រះរាជ​ពិធី​
  ត្រស្ដិ​សង្ក្រាន្ត​
  សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com