​ក្រៅពី​អភិបាលក្រុង Miami អាមេរិក​មាន​សមាជិក​សភា​២​នាក់​ទៀត​ផ្ទុក COVID-19
COVID-19
អន្តរជាតិ
​ក្រៅពី​អភិបាលក្រុង Miami អាមេរិក​មាន​សមាជិក​សភា​២​នាក់​ទៀត​ផ្ទុក COVID-19
19, Mar 2020 , 3:01 pm        
រូបភាព
លោក Mario Diaz-Balart (ឆ្វេង) និងលោក Ben McAdams ផ្ទុក COVID-19 ។ រូបថត CNN
លោក Mario Diaz-Balart (ឆ្វេង) និងលោក Ben McAdams ផ្ទុក COVID-19 ។ រូបថត CNN
​លោក Mario Diaz-Balart សមាជិកសភា​ប្រចាំ​រដ្ឋ Florida នៃ​គណបក្ស​សាធារណរដ្ឋ និង​លោក Ben McAdams សមាជិកសភា​ប្រចាំ​រដ្ឋ Utah ពី​គណបក្ស​ប្រជាធិបតេយ្យ ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19)​។

 
​សេចក្តីថ្លែងការណ៍​មួយ​របស់​ការិយាល័យ​លោក Mario Diaz-Balart បាន​បញ្ជាក់ថា ក្នុងពេល​ថ្មីៗ​នេះ លោក Mario Diaz-Balart សមាជិកសភា​របស់​ប​ក្ស​សាធារណរដ្ឋ ប្រចាំ​រដ្ឋ Florida ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក COVID-19​។ 
 
​លោក Mario បាន​បញ្ជាក់ថា លោក​បាន​សម្រាក​ព្យាបាល​នៅក្នុង អា​ផាត​មិន​(Apartment)​របស់ខ្លួន​នាទី​ក្រុង​វ៉ាស៊ីនតោន​។ ជាមួយគ្នានេះ លោក Mario បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំងអស់​ស្តាប់ និង​អនុវត្តតាម​សេចក្តីណែនាំ​របស់​មជ្ឈមណ្ឌល​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​អាមេរិក ដើម្បី​ជៀសវៀង​ជំងឺឆ្លង និង​ទប់ស្កាត់​ករណី​ឆ្លង​នៅក្នុង​ប្រទេស​។ 
 
​នៅ​ថ្ងៃ​ដដែល លោក Ben McAdams សមាជិកសភា​ប្រចាំ​រដ្ឋ Utah ក៏បាន​ប្រកាស​តាម​បណ្តាញ​សង្គម Twitter ថា ខ្លួន​ឆ្លង COVID-19 ផងដែរ​។ លោក​អះអាងថា លោក​នៅតែ​បន្ត​កិច្ច​ការជួយ​ដល់​ពលរដ្ឋ​នៅ Utah តាមរយៈ​ការងារ​ពី​ផ្ទះ រហូតដល់​លោក​ដឹងថា​ខ្លួន​មាន​សុវត្ថិភាព​។​
 
​ក្រៅពី​សមាជិកសភា​ទាំងពីរ​រូបនេះ អ្នកនយោបាយ​អាមេរិក​មួយចំនួនទៀត​ដែល​ឆ្លង COVID-19 មាន​ដួច​ជា លោក Francis X. Suarez ក្រុង Miami រួមទាំង​សមាជិកសភា​ថ្នាក់មូលដ្ឋាន លោក Charles Barron, លោក Steve Padilla, លោក Ritchie Torres និង​លោកស្រី Helene Weinstein ជាដើម​។​
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៩ ខែមីនា អាមេរិក​បាន​រកឃើញ COVID-19 ចំនួន​ជិត ៩៥០០​ករណី ហើយ ខណៈពេល​អ្នកស្លាប់​មាន​ចំនួន​ជាង ១៥០​ករណី និង​អ្នកជា​សះស្បើយ​មាន ១០៨​ករណី​៕


លោកMario Diaz-Balart សមាជិកសភារបស់បក្សសាធារណរដ្ឋ ប្រចាំរដ្ឋ Florida, រូបភាព៖ AP


Tag:
 អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម