COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់បរិច្ចាគ ២,៧លានដុល្លារដើម្បីប្រឆាំង COVID-19
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ នៅថ្ងៃទី១៨ ខែមីនាប្រកាសថា ពួកគេនឹងបរិច្ចាគប្រាក់ចំនួន ២,៥ លានអឺរ៉ូ (២,៧ លានដុល្លារអាមេរិក) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនៃវិបត្តិដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺឆ្លង COVID-19។
តាមរយៈវីដេអូខ្លីមួយដែលបានបង្ហោះលើបណ្តាញសង្គម Instagram អ្នកចាំទី និងជាប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ Manuel Neuer បាននិយាយថា៖ «យើងត្រូវមើលថែរក្សាគ្នាទៅវិញទៅមកក្នុងគ្រាដ៏លំបាកនេះ។ យើងនៅក្នុងក្រុមជម្រើសជាតិទាំងអស់បានគិតហើយថា យើងនឹងបរិច្ចាគប្រាក់ដើម្បីរួមចំណែកជួយក្នុងករណីនេះ»។
ក្រៅពី Neuer សមាជិកក្រុម Bayern Munich ផ្សេងទៀតដូចជា Joshua Kimmich និង Leon Goretzka រួមជាមួយ Matthias Ginter ខ្សែការក្រុម Borussia Moenchengladbach ក៏បានបង្ហោះវីដេអូស្រដៀងគ្នានេះដែរ។
គោលបំណងរបស់កីឡាករអាល្លឺម៉ង់ គឺចង់សម្របសម្រួលដល់អ្នកស្ម័គ្រចិត្ត និងក្រុមគ្រូពេទ្យនៅទូទាំងប្រទេសអំឡុងពេលជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មីកំពុងរាលដាលខ្លាំង។
Ilkay Gundogan តារាឆ្នើមរបស់ក្រុម Manchester City ខ្សែបម្រើ Toni Kroos របស់ Real Madrid និងអ្នកចាំទី Marc-Andre ter Stegen របស់ក្រុម Barcelona ក៏ស្ថិតក្នុងចំណោមអ្នកដែលបានបង្កើតគំនិតបរិច្ចាគប្រាក់នេះផងដែរ។
ទន្ទឹមនឹងនេះ លោក Joachim Loew ដែលជាគ្រូបង្វឹករបស់អាល្លឺម៉ង់ក៏ បានអំពាវនាវឲ្យប្រជាជនផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេបន្ទាប់ពីវិបត្តិ COVID-19 នេះ។
«ពិភពលោកកំពុងជួបប្រទះវិបត្តិដ៏ធ្ងន់ធ្ងររួមគ្នា។ អំណាច ភាពលោភលន់បានកើតឡើងគ្រប់ទីកន្លែង។ ប៉ុន្តែឥឡូវនេះយើងមានបញ្ហាដែលជះឥទ្ធិពលដល់យើងទាំងអស់គ្នា ហើយយើងដឹងថាអ្វីដែលពិតជាមានសារៈសំខាន់នៅក្នុងជីវិតនោះ គឺមិត្តភក្តិ គ្រួសារ និងការគោរពអ្នកដទៃ។ យើងគួរគោរពគ្នាទៅវិញទៅមកឲ្យកាន់តែច្រើននាពេលអនាគត»។ លោក Loew លើកឡើងដូច្នេះតាមរយៈវីដេអូពីផ្ទះរបស់លោកនៅឯក្រុង Freiburg។
រហូតមកទល់ថ្ងៃទី១៨ ខែមីនានេះ អាល្លឺម៉ង់មានករណីស្លាប់ដោយសារ COVID-19 ចំនួន២៨នាក់ និងឆ្លងចំនួន១២៣២៧ករណី ហើយសះស្បើយ១០៥នាក់។ អាល្លឺម៉ង់ជាប្រទេសនៅតំបន់អឺរ៉ុបទី៣ ដែលមានអ្នកឆ្លងជំងឺនេះច្រើនជាងគេ បន្ទាប់ពីអេស្ប៉ាញ និង អ៊ីតាលី៕
© រក្សាសិទ្ធិដោយ thmeythmey.com