COVID-19
ជាតិ
COVID-19៖ គណៈដឹកនាំឥស្លាមកម្ពុជាឱ្យសាសនិកឥស្លាមថ្វាយបង្គំនៅផ្ទះ វិហារឥស្លាម ជើមៀក នៅក្រុងកំពង់ចាម
× សៀមរាប៖ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានចេញសេចក្ដីប្រកាសដោយហាមការជួបជុំការថ្វាយបង្គំរៀងរាល់ពេល រាប់ទាំងថ្ងៃសុក្រផង ដើម្បីបង្ការការរាតត្បាតជំងឺកូវីដ១៩។ សេចក្ដីប្រកាស បានបញ្ជាក់ច្បាស់ថា ការថ្វាយបង្គំ ត្រូវប្រតិប័តន៍តាមផ្ទះរៀងៗខ្លួន។
ដើម្បីឆ្លើយតបទៅនឹងវិធានការរបស់រាជរដ្ឋាភិបាល បង្ការការរាតត្បាតជំងឺរលាកសួតប្រភេទថ្មី កូវីដ១៩ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ក្នុងសេចក្ដីប្រកាសដែលចេញផ្សាយនៅយប់ថ្ងៃទី១៨ មីនា ហាមរាល់ការជួបជុំទាំងអស់របស់សាសនិកឥស្លាមទូទាំងប្រទេស តាមព្រះវិហារទូទៅប្រទេស។ ក្នុងលិខិតនោះបញ្ជាក់ថា តម្រូវតែ អាហ្សាន (ការប្រកាសប្រាប់ពីពេលវេលាថ្វាយបង្គំ និងឱ្យសាសនិកឥស្លាមមកថ្វាយបង្គំ) តែប៉ុណ្ណោះ នៅតាមម៉ាស្ជិត (វិហារឥស្លាម)។ បន្ថែមពីនេះ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជាក៏មិនភ្លេចរំឭកឱ្យសាសនិកឥស្លាមទាំងអស់ ត្រូវរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន និងប្ដូរពីទម្លាប់ចាប់ដៃពេលជួបគ្នា ជំនួសដោយការប្រើពាក្យ សាឡាម (ពាក្យអារ៉ាប់មានន័យថា សន្ដិភាព)។
សាសនិកឥស្លាមទាំងអស់ ត្រូវបានណែនាំឱ្យខ្ទប់ច្រមុះនៅពេលក្អក និងកណ្ដាស់ ដោយប្រើជាកន្សែង ក្រដាស និងជៀសវាងការប៉ះពាល់លើភ្នែក ច្រមុះ និងមាត់ ហើយត្រូវលាងដៃជាញឹកញាប់ជាមួយសាប៊ូ ឬទឹកលាងដៃ។ល។ ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា លោកសុះ កំរ៉ី ស្នើដល់គណៈដឹកនាំតាមខេត្ត-ក្រុងទាំងអស់ បង្កើនការយកចិត្តទុកដាក់ និងសហការជាមួយអាជ្ញាធរ ក្នុងស្មារតីទទួលខុសត្រូវ ក៏ដូចជាអប់រំ ណែនាំដល់ពលរដ្ឋយល់ពីបញ្ហានេះ ដើម្បីបង្ការការពារពីជំងឺឆ្លងកូវីដ១៩។
លោក សុះ រ៉ហាន សហការីនៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនិកឥស្លាមកម្ពុជា បានឱ្យដឹងថា វិហារឥស្លាមសរុបទូទាំងប្រទេសមានជាង៦០០ ដោយមិនរាប់ពីកន្លែងថ្វាយបង្គំតូចៗ (សូរ៉ាវ) តាមភូមិនីមួយៗនោះទេ។ ថ្នាក់ដឹកនាំរូបនេះ អំពាវនាវឱ្យសាសនិកឥស្លាមទាំងអស់ គោរពតាមសេចក្ដីប្រកាសខាងលើ ដើម្បីថែរក្សាសុខភាព និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ បន្ថែមពីនេះ លោក សុះ រ៉ហាន ពន្យល់ថា ការតម្រូវឱ្យថ្វាយបង្គំនៅតាមផ្ទះ (សម្រាប់បុរស) មិនខុសពីច្បាប់សាសនានោះទេ ផ្ទុយទៅវិញ សាសនាឥស្លាមមិនមានភាពតឹងរឹងទេ ក្នុងកាលៈទេសៈ ឬមានអាសន្នណាមួយ។ លោកពន្យល់យ៉ាងដូច្នេះថា៖« សាសនាឥស្លាមមានភាពអនុគ្រោះច្រើន ដល់សាសនិកគ្រប់រូប ដូចជាការថ្វាយបង្គំ តម្រូវឱ្យយើងឈរ តែបើយើងមានជំងឺពិបាកក្រោក យើងអាចថ្វាយបង្គំដោយអង្គុយ គឺតាមកាលៈទេសៈជាក់ស្ដែង។ ឥឡូវប្រទេសឥស្លាមធំៗ ដូចជាអារ៉ាប៊ីសាអូឌីត ម៉ាឡេស៊ី ជាដើម គេក៏បានបិទវិហារផងដែរ ដើម្បីទប់ស្កាត់ជំងឺកាចសាហាវនេះ...»៕
© រក្សាសិទ្ធិដោយ thmeythmey.com