COVID-19
អន្តរជាតិ
អូស្ត្រាលី និងនូវែលសេឡង់ ហាមជនបរទេសចូលប្រទេសដើម្បីទប់ស្កាត់ COVID-19 នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីនដា អាឌើន និងនាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន។ រូបភាព AFP
× អូស្ត្រាលី និងនូវែលសេឡង់ដែលនៅក្បែរខាងគ្នា នៅថ្ងៃទី១៩ ខែមីនា បានប្រកាសបិទព្រំដែនរបស់ខ្លួន លែងទទួលជនបរទេសទាំងអស់។ នេះជាវិធានការថ្មីរបស់ប្រទេសទាំងពីរនេះក្នុងការទប់ស្កាត់ការរាលដាលជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (COVID-19) ។ មេដឹកនាំប្រទេសទាំងពីរ សុទ្ធតែអះអាងថាចំណាត់ការនេះ អាចដោះស្រាយបញ្ហានេះបានដោយមិនបណ្ដាលឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងររហូតដល់ថ្នាក់មានចំណាត់ការកាន់តែតឹងរ៉ឹងឡើយ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន (Scott Morrison) បានប្រកាសថា អូស្ត្រាលី នឹងហាមឃាត់ដំណើរទាំងអស់ដែលមិនមែនជាជនជាតិអូស្ត្រាលី ឬប្រជាជនអចិន្ត្រៃយ៍របស់អូស្ត្រាលីពីការធ្វើដំណើរចូលទឹកដីរបស់ខ្លួនចាប់ពីម៉ោង៩យប់ថ្ងៃទី២០ ខែមីនាតទៅ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ពីទីក្រុងវែលីងតោនវិញ នាយករដ្ឋមន្ត្រីនូវែលសេឡង់ អ្នកស្រី ចាស៊ីនដា អាឌើន ក៏បានប្រកាសវិធានការដូចគ្នាដែរ ដោយជនបរទេសទាំងអស់ មិនត្រូវបានអនុញ្ញាតឲ្យចូលទឹកនូវែលសេឡង់ឡើយ។ អ្នកស្រី អាឌើន ទទួលស្គាល់ថា វិធានការនេះ ពិតជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់នូវែលសេឡង់។ បន្ថែមពីនោះ អ្នកមានទិដ្ឋាការការងារ សិក្សា ឬពលករបណ្ដោះអាសន្ន ក៏ជាប់ក្នុងបម្រាមធ្វើដំណើរនេះដែរ។
ការបិទព្រំដែនមិនទទួលជនបរទេស ជាវិធានការតឹងមួយទៀតរបស់ប្រទេសទាំងពីរនេះបន្ថែមពីលើវិធានការដែលកំពុងអនុវត្តកន្លងមក។ យ៉ាងណាមិញ ស្ថានការណ៍ទាំងអូស្ត្រាលី ទាំងនូវែលសេឡង់ មិនទាន់ដល់ថ្នាក់ឲ្យរដ្ឋាភិបាលប្រទេសទាំងពីរបិទសាលារៀន ឬក៏ដាក់វិធានការបិទទីក្រុងដូចប្រទេសឯទៀតឡើយ។ អ្នកសម្រេចចិត្តផ្នែកគោលនយោបាយប្រទេសទាំងពីរសង្ឃឹមថា ចំណាត់ការចុងក្រោយនេះ គឺគ្រប់គ្រាន់ដើម្បីទប់ស្កាត់ COVID-19 ដោយមិនធ្វើឲ្យស្ថានការណ៍ធ្លាក់ខ្លាំងឡើយ។
បច្ចុប្បន្ន តួលេខឆ្លងសរុបនៅអូស្ត្រាលីមានចំនួន៦៤២ករណី ឯនូវែលសេឡង់មាន២៨ករណី។ ប្រមុខរដ្ឋាភិបាលអូស្ត្រាលី និយាយថា ៨០ភាគរយនៃករណីឆ្លង កើតចេញពីបុគ្គលដែលឆ្លងវីរុសពីបរទេស ឬអ្នកដែលប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលទើបធ្វើដំណើរពីបរទេស៕
Tag:
អូស្ត្រាលី
នូវែលសេឡង់
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com