COVID-19
អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី ទទូចឲ្យមន្ត្រីពន្លឿការធ្វើតេស្តរកមើល COVID-19 ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ, រូបភាព Reuters
× ប្រធានាធិបតីឥណ្ឌូណេស៊ី នាថ្ងៃទី១៩ ខែមីនា បានប្រាប់ទៅមន្ត្រីសុខាភិបាល ឲ្យពន្លឿន ការធ្វើតេស្តរកមើល ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) លើប្រជាពលរដ្ឋឥណ្ឌូណេស៊ីបន្ថែមទៀត ដើម្បីទប់ស្កាត់ករណីឆ្លងនៅក្នុងប្រទេស។
មួយរយៈចុងក្រោយនេះ តួលេខ COVID-19 នៅឥណ្ឌូណេស៊ី បានកើនឡើងជាលំដាប់។ គិតត្រឹមរយៈពេលចុងក្រោយនេះ ឥណ្ឌូណេស៊ី មានករណីសរុប ជាង៣០០ករណីឯណោះ ខណះអ្នកស្លាប់កើនឡើងដល់ ២៥ករណី។
ពាក់ព័ន្ធនឹងបញ្ហានេះ តាមរយៈកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលកំណត់សមាជិកចូលរួម លោកប្រធានាធិបតី ចូកូ វីដូដូ ទាមទារឲ្យមានការធ្វើតេស្តបន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ករណីឆ្លង ខណៈប្រទេទមួយនេះ កំពុងរងគ្រោះដោយសារ COVID-19។ បើតាមលោកប្រធានាធិបតី ឥណ្ឌូណេស៊ីគួរតែប្រើវិធីសាស្ត្រលឿន ជាជាងវិធីសាស្ត្រ polymerase chain reaction។
ក្នុងន័យនេះ លោកប្រធានាធិបតីបាន ពន្យល់ថា វិធីសាស្ត្រលឿន គ្រាន់តែប្រើឈាមយកមកធ្វើតេស្តប៉ុណ្ណោះ នោះមន្ត្រីសុខាភិបាលអាចធ្វើតេស្តរកមើលវីរុសបានហើយ ចំណែកវិធីសាស្ត្រ polymerase chain reaction គឺមានលក្ខណៈស្មុគស្មាញជាង។ បើតាមវិធីសាស្ត្រលឿន ប្រជាជនឥណ្ឌូណេស៊ីជាច្រើននាក់ នឹងអាចត្រូវបានគេធ្វើតេស្ត ដើម្បីរកមើលកូរ៉ូណាវីរុស ក្នុងរយៈពេលយ៉ាងឆាប់រហ័ស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Post។
ដើម្បីពន្លឿននីតិវីធីនៃការធ្វើតេស្តនេះ លោកវីដូដូ ចង់បានមន្ទីរពិសោធន៍ និងឧបករណ៍ធ្វើតេស្តបន្ថែមទៀត ចំណែកមន្ទីរពេទ្យ ឥណ្ឌូណេស៊ីមានច្រើនហើយសម្រាប់អ្នកជំងឺ។
សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី មានចំនួនអ្នកស្លាប់ច្រើនជាងគេ ដោយសារCOVID-19 នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រហូតដល់ ២៥ករណី ខណៈឡាវ និងមីយ៉ាន់ម៉ា នៅតែមានទាន់មានរបាយការណ៍ស្តីពីករណីឆ្លងនៅក្នុងប្រទេស៕
Tag:
ឥណ្ឌូណេស៊ី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com