COVID-19
អន្តរជាតិ
COVID-19៖ ម៉ាឡេស៊ី​ឆ្លង​ដល់​៩០០​ករណី ឯ​ឥណ្ឌូណេស៊ី​ស្លាប់​ដល់​ទៅ​២៥​នាក់
19, Mar 2020 , 5:07 pm        
រូបភាព
ប្រជាជនឥណ្ឌូណេស៊ី ពាក់ម៉ាស់នៅតាមទីសាធារណៈ។ រូបភាព៖ EPA-EFE
ប្រជាជនឥណ្ឌូណេស៊ី ពាក់ម៉ាស់នៅតាមទីសាធារណៈ។ រូបភាព៖ EPA-EFE
​គិត​ត្រឹម​ថ្ងៃទី​១៩ ខែមីនា ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន ៣ បាន​រកឃើញ​ករណី​ឆ្លង​ថ្មី នៃ​ជំងឺ​រលាក​សួត​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19) ជា​បន្តបន្ទាប់​។ ខណៈពេល​ម៉ាឡេស៊ី​នៅតែមាន​ករណី​ឆ្លង​ច្រើន​ដដែល ថៃ​វិញ បាន​រកឃើញ​តួលេខ​អ្នក​ឆ្លង​COVId-19 យ៉ាងខ្ពស់​បំផុត គិត​ចាប់​តាំង​ផ្ទុះ​ជំងឺ​នេះ​មក ស្រប​ពេលដែល​ឥណ្ឌូណេស៊ី​មាន​ករណី​ស្លាប់​ច្រើនជាងគេ​។



​ជា​ប្រទេស​ធំជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី កំពុង​រងគ្រោះ​ដោយសារ COVID-19 យ៉ាងខ្លាំង​។ បើតាម​វេ​ប​សាយ Worldometer នា​ថ្ងៃទី​១៩ ខែមីនា ឥណ្ឌូណេស៊ី បាន​រកឃើញ​ចំនួន​អ្នកស្លាប់​រហូតដល់ ៦​ករណី និង​អ្នក​ឆ្លង​COVID-19 ថ្មី​រហូតដល់ ៨៤​ករណី​ឯណោះ​។ ការណ៍​នេះ បានធ្វើ​ឲ្យ​តួលេខ​សរុប​COVID-19 របស់​ឥណ្ឌូណេស៊ី ទាំង​ករណី​ឆ្លង និង​ស្លាប់ ឡើង​យ៉ាងគំហុក​។ គិត​ត្រឹម​ពេលនេះ ឥណ្ឌូណេស៊ី​មាន​ករណី​ឆ្លង​សរុប​ប្រមាណ​៣១០​ករណី ខណៈ​អ្នកស្លាប់​ឡើងដល់ ២៥​ករណី​។

ម៉ាឡេស៊ី​វិញ ក៏​កំពុងស្ថិត​ក្នុងស្ថានភាព​អាក្រក់​ដែរ​។ បើទោះបី​ជាមាន​វិធាន​ការបិទ​ប្រទេស​ទាំងមូល ហាម​ជនបរទេស​ចេញចូល​ក៏ដោយ ប៉ុន្តែ​តួលេខ​នៅ​ម៉ាឡេស៊ី នៅតែ​បន្ត​កើនឡើង​យ៉ាងគំហុក​។ នា​ថ្ងៃទី​១៩ ខែមីនា ម៉ាឡេស៊ី បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​រហូតដល់ ១១០​ករណី​ឯណោះ​។

ភាគច្រើន​នៃ​ករណី​ឆ្លង​ថ្មី​នេះ​នៅ​ម៉ាឡេស៊ី គឺមាន​ទាក់ទង​ទៅនឹង​ពិធី​សាសនា​ឥស្លាម​មួយ​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។ តួលេខ COVID-19 សរុប​នៅ​ម៉ាឡេស៊ី​ឡើងដល់​៩០០​ករណី និង​អ្នកស្លាប់ ២​ករណី ខណៈ​អ្នកជា​សះស្បើយ​៧៥​នាក់​។

បន្ទាប់ពី​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ថៃ ក៏​រកឃើញ​ចំនួន​អ្នក​ឆ្លង COVID-19 នៅក្នុង​ប្រទេស​ច្រើន​ដែរ​។ អាជ្ញាធរ​សុខាភិបាល​ថៃ បានប្រកាស​តួលេខ​រកឃើញ​ថ្មី​រហូតដល់​ទៅ​៦០​ករណី ដែលជា​ចំនួន​ដ៏​ច្រើន​បំផុត​ចាប់តាំងពី​ផ្ទុះ​COVID-19 ។ បើតាម​ការអះអាង​រប​ស់​នាយកដ្ឋាន​ជំងឺឆ្លង ក្នុង​ចំនួន ៦០​ករណីនេះ មាន​៤៣​ករណី​គឺមាន​ពាក់ព័ន្ធ​ទៅនឹង កន្លែង​ប្រដាល់ កន្លែង​កម្សាន្ត និង​ពិធី​ប្រារព្ធ​សាសនា​។ ករណី​សរុប​COVID-19 នៅ​ថៃ គឺមាន​ចំនួន ២៧២​ករណី អ្នកស្លាប់​ម្នាក់ និង​អ្នកជា​សះស្បើយ ៤២​នាក់​៕


Tag:
 ​ឥណ្ឌូណេស៊ី​
  ថៃ​
  ម៉ាឡេស៊ី COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com