COVID-19
ជាតិ
សង្គមជាតិ
COVID-19៖ ក្រសួង​នឹង​ចាត់វិធានការ​លើ​អ្នកលក់​អាល់កុល​ក្លែងក្លាយ និង​ផលិតផល​ឡើង​ថៃ្ល
20, Mar 2020 , 7:59 am        
រូបភាព
រូបភាពពីអគ្គនាយកដ្ឋានកាំកុងត្រូល
រូបភាពពីអគ្គនាយកដ្ឋានកាំកុងត្រូល
ដោយ:
​ភ្នំពេញ​៖ ក្រសួង​ចំនួន​២ ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ លើ​អ្នកលក់​ទឹក​អាល់កុល​ក្លែងក្លាយ និង​ដំឡើងថ្លៃ​ផលិតផល ស្របពេល​វីរុស​COVID-19 កំពុង​រីក​រាលដាល​នៅ​កម្ពុជា​។ ការព្រមាន​នេះ ធ្វើឡើង​ក្រោយពី​ក្រសួង​ទាំងពីរ ពិនិត្យឃើញថា ពលរដ្ឋ និង​អាជីវករ បាន​ឆ្លៀតឱកាស​លក់​ផលិតផល​ក្លែងបន្លំ ដើម្បី​កេង​ផលចំណេញ​ច្រើន​។​

 
​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងសុខាភិបាល​បានចេញ​សេចក្តីណែនាំ​រួមគ្នា​មួយ ដោយ​ស្នើ​ឲ្យ​ឱសថស្ថាន​នានា និង​អាជីវក​រដែ​លលក់​ម៉ាស់ ទឹក​អាល់កុល និង​ទឹក​សម្អាត​ដៃ  កុំ​ដំឡើងថ្លៃ​ហួសហេតុ និង​លក់​ផលិត​ក្លែងក្លាយ​។ ក្នុងករណី​អ្នកពាក់ព័ន្ធ​ទាំងនេះ មិន​គោរព​តាម​ការណែនាំ​ទេ ក្រសួង​ទាំងពីរ​នឹង​សហការគ្នា​ចាត់វិធានការ​តាមច្បាប់ និង​បិទ​អាជីវកម្ម​តែម្ដង​។  
 
​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា ក្រសួង​នឹង​អនុវត្ត​នូវ​គោលការណ៍​៣​ដំណាក់កាល​សម្រាប់​អាជីវករ និង​ឱសថស្ថាន​ណា​ដែល​លក់​ផលិតផល​ក្លែងក្លាយ និង​ដំឡើងថ្លៃ​។ នៅ​ចំណុច​នេះ​លោក ស៊ា​ង ថៃ បាន​បញ្ជាក់ថា បើ​អ្នកលក់​ផលិតផល​បន្ត​ថ្លៃ គឺ​ក្រសួង​នឹង​ចុះទៅ​ណែនាំ ។​ប៉ុន្តែ​បើ​អ្នកលក់​នៅតែ​មិន​រាងចាល គឺ​ក្រសួង​នឹង​បិទ​អាជីវកម្ម ឬ​ឈានដល់​ការអនុវត្ត​ទៅតាម​វិធី​ច្បាប់​ជា​ធរមាន​តែម្តង​។ 
 
«​ក្រសួងពាណិជ្ជកម្ម​បាន​អំពាវនាវ​កុំ​ឲ្យ​ពួកគាត់​ឡើងថ្លៃ​ខ្លាំង ធ្វើ​ម៉េច​បើ​កម្ពុជា​ជាទី​ផ្សារសេរី​ដែល​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​ហ្នឹង​វា​ឡើងថ្លៃ​។ យើង​អំពាវនាវ​ដល់​ពូក​គាត់ ពិចារណា ភាពជា​ខ្មែរ​ដូចគ្នា កុំ​ឲ្យ​លក់​ចំណេញ​ហួសហេតុ​ពេក​។ យើង​បាន​សហការ​ជាមួយនឹង​នគរបាល​សេដ្ឋកិច្ច ក្នុងការ​ឃ្លាំមើល បើសិនជា របស់របរ​នៅ​ទីផ្សារ​ដែល​លក់​ឡើងថ្លៃ​ហួសហេតុ ដែល​នាំ​ឲ្យ​ចលាចល និង​បង្ក​អសន្តិសុខ​ក្នុងប្រទេស គាត់​នឹងមាន​ភារកិច្ច​ក្នុងការ​បង្ក្រាប​។  បើ​ផលិតផល​ក្លែងបន្លំ ក្រសួងពាណិជ្ជកម្ម​មាន​សិទ្ធិ​ក្នុង​ការបិទ​អាជីវកម្ម បើ​ធ្ងន់ធ្ងរ​យើង​នឹង​បញ្ជូនទៅ​តុលាការ​តែម្តង​»​។ នេះ​បើតាម​លោក ស៊ា​ង ថៃ ដែល​បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​។ 
 
​លោក ស៊ា​ង ថៃ ទទួលស្គាល់ថា​ផលិតផល​ចាំបាច់​សម្រាប់​បំពេញតម្រូវការ​របស់​មនុស្ស​ក្នុងការ​ការពារ​COVID-19 កំពុងតែ​ប្រកួតប្រជែង​គ្នា និង​លក់​ហួស​ពី​តម្លៃ​ពីមុន​។ បើតាម​លោក ស៊ា​ង ថៃ ការដំឡើងថ្លៃ​នៅតាម​ទីផ្សារ បណ្តាលមកពី​ពលរដ្ឋ​នាំគ្នា​ភ័យខ្លាច​ពេក និង​ផ្អើល​ទៅ​ទិញ​កាន់តែច្រើន ទើប​ធ្វើ​ឲ្យ​ទីផ្សារ​តម្លៃ​ផលិតផល គឺ​រឹតតែ​ឡើងថ្លៃ និង​អស់​ផលិតផល​ពី​ស្តុក​។​
 
​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​រៀបរាប់​ដូច្នេះ​ថា​៖« កម្ពុជា​ជាទី​ផ្សារសេរី​។ របស់​មួយ​ដែល​ធ្លាប់តែ​លក់​ត្រឹមតែ​១០​ដុល្លារ ហើយ​ត្រូវការ​ច្រើន ដែល​ឡើងដល់​១៣​ដុល្លារ វា​ធម្មតា និង​សមរម្យ​នឹង​ទទួលយកបាន​។ តែបើ​ឡើងដល់​៣០​ដុល្លារ​អី តម្លៃ​ហ្នឹង​វា​ហួសហេតុ​ពេក​ហើយ​»​។ 
 
​គិត​មកដល់​ថ្ងៃទី​១៩ ខែមីនា កម្ពុ​ជាមាន​៣៧​ករណី​ហើយ​ដែល​ផ្ទុក​កូ​វីដ​-១៩ ក្នុងនោះ​មាន​ខ្មែរ​២៤​នាក់ អង់គ្លេស​៣​នាក់ កាណាដា​១​នាក់ ប៊ែ​ល​ហ្ស៊ិ​ក​១​នាក់ បារាំង​២​នាក់​(​ក្នុងនោះ​មាន​ទារក​ម្នាក់​) ម៉ាឡេស៊ី​៥​នាក់ និង​ចិន​១​នាក់​(​ជាសះស្បើយ​)៕ 

Tag:
 ទឹក​អាល់កុល​
 ​ស្លាក​សញ្ញា​
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com