COVID-19
ជាតិ
សង្គមជាតិ
ទ័ព​មួក​ខៀវ​កម្ពុជា ត្រូវដាក់​កំហិត​ឲ្យ​ទៅធ្វើ​តេស្តរ​កកូ​វីដ​-១៩ និង​នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ​
20, Mar 2020 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គ​នាយ​នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង កាកសំណល់​សង្គ្រាម បានចេញ​សេចក្តីជូនដំណឹង នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០  ដោយ​បង្គាប់​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ទាំងអស់ ដែល​ទទួលបាន​ច្បាប់ឈប់​សម្រាក​ចាប់​ថ្ងៃ​ជូន​ណឹ​ង​នេះ​ទៅ ឲ្យ​ទៅធ្វើ​តេស្តរ​កវី​រុស​កូ​វីដ​-១៩ ជា​កំហិត នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ឬ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ហើយ​ត្រូវ​នៅ​ដាច់ដោយឡែក​ពី​គេ​១៤​ថ្ងៃ​។​


 
​លោក សែម សុវណ្ណនី បន្តថា ចំពោះ​កងកម្លាំង​មួក​ខៀវ​កម្ពុជា ដែល​ឈប់សម្រាក​រួចហើយ ហើយ​ត្រូវ​ត្រឡប់​ទៅកាន់​តំបន់​បេសកកម្ម​វិញ ក៏​តម្រូវ​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល​១៤​ថ្ងៃ​ដែរ​។ តែ​មជ្ឈមណ្ឌល​ជាតិ ពុំបាន​បញ្ជាក់ថា ឲ្យ​ពួកគេ ទៅធ្វើ​តេស្ត​រក​វីរុស​កូ​វីដ​-១៩​នោះទេ​។ 
 
​លោក បន្ថែមថា កងកម្លាំង​មួក​ខៀវ​កម្ពុជា ដែល​កំពុង​បំពេញបេសកកម្ម ហើយ​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គល​មាន​កូ​វីដ​-១៩ ត្រូវ​ប្រាប់​ទៅ​មេបញ្ជាការ​ខ្លួន ដើម្បី​ចាត់វិធានការ​ការពារ​និង​ព្យាបាល ហើយ​កងកម្លាំង​មួក​ខៀវ​រូបនោះ ត្រូវ​នៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល​១៤​ថ្ងៃ​។​
 
​លោក ណែនាំ​ទៀតថា កងកម្លាំង​មួក​ខៀវ​កម្ពុជា ដែល​ត្រឡប់​មកពី​បំពេញបេសកកម្ម​នៅ​ខាងក្រៅ ដាច់ខាត​ត្រូវ​ឲ្យ​ពេទ្យ វាស់​កម្តៅ និង​បាញ់ថ្នាំ​សម្អាត​សម្លាប់​មេរោគ មុនពេល​ចូល​បន្ទាយ​វិញ​។ 
 
​ក្រៅពី​ប្រាប់​ឲ្យ​អនុវត្ត​វិធានការ​ទាំងអស់​នេះហើយ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី នៅ​ដាក់​ការណែនាំ​មួយចំនួនទៀត ឲ្យ​កងកម្លាំង​មួយ​ខៀវ​កម្ពុជា យកទៅអនុវត្ត​។ ការណែនាំ​ទាំងនោះ រួមមាន បង្កើត​គណៈកម្មការ​តាមដាន​និង​ពិនិត្យ​សុខភាព​ជាប្រចាំ​ដល់​កង​ម្លាំ​ង​មួក​ខៀវ​, ត្រូវ​ពាក់​ម៉ាស់ លាងដៃ​ជាប្រចាំ និង រក្សា​គម្លាត​ពីគ្នា​យ៉ាងហោចណាស់​១​ទៅ​២​ម៉ែត្រ​, ត្រូវ​សម្អាត​កន្លែង​ស្នាក់នៅ បន្ទប់ទឹក កន្លែង​មាន​មនុស្ស​ប្រើប្រាស់​ច្រើន វត្ថុ​ដែល​ប្រើ​រួមគ្នា និង ធ​ម្យោ​បាយ​ធ្វើដំណើរ​, និង ត្រូវ​ជៀសវាង​ពី​កន្លែង​ដែលមាន​មនុស្ស​ចេញចូល​ច្រើន​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹមយប់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ កម្ពុជា រកឃើញ​មនុស្ស​៤៧​នាក់​ហើយ ដែល​ឆ្លង​កូ​វីដ​-១៩៕  

Tag:
 COVID-19
  ទ័ព​មួក​ខៀវ​
© រក្សាសិទ្ធិដោយ thmeythmey.com