COVID-19
ជាតិ
​អភិបាល​ភ្នំពេញ​ស្នើ​ម្ចាស់​អគារ មេ​ចុងភៅ​...​កុំ​កាត់​ប្រាក់​កក់​ពី​អ្នក​ដែល​សុំ​ពន្យារពេល​កម្មវិធី​
19, Mar 2020 , 5:59 pm        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
ដោយ:
ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​មេ​ចុងភៅ ម្ចាស់​អគារ ភោជនីយដ្ឋាន មជ្ឈមណ្ឌល​ដែល​ត្រៀម​នឹង​រៀបចំ​កម្មវិធី​អាពាហ៍ពិពាហ៍ កម្ម​វី​ធី​បុណ្យ និង​កម្មវិធី​ផ្សេងៗ​ទៀត កុំ​កាត់លុយ​ថ្លៃ​កក់​ពី​ម្ចាស់​ដែល​គ្រោង​នឹង​រៀបចំ​កម្ម​វី​ធី​នៅ​ខែ​នេះ ហើយ​ពន្យារពេល​ទៅ​រៀបចំ​កម្ម​វី​ធី​នៅពេល​ក្រោយ ដោយសារ​ទប់ស្កាត់​កូ​វីដ​១៩​។



លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​ចេញមុខ​តំណាង​ឲ្យ​ម្ចាស់​ដែល​គ្រោង​នឹង​រៀបចំ​កម្ម​វី​ធី​អាពាហ៍ពិពាហ៍ និង​កម្មវិធី​ផ្សេងៗ សូម​ស្នើ​ឲ្យ​ម្ចាស់​កន្លែង​ដែល​ត្រៀម​នឹង​រៀបចំ​កម្មវិធី​ផ្សេងៗ​នៅ​ខែមីនា​នេះ កុំ​យក​លេស​ទាមទារ​សំណង​ពី​ការខាតបង់​ពី​ម្ចាស់​កម្មវិធី​ដែល​កក់​ប្រាក់ និង​ចៀសវាង​ការយក​ឱកាស​នេះ ឌើ​ម្បី​កេងចំណេញ​ពី​ពលរដ្ឋ​ដែល​សម្រេច​ផ្អាក និង​ទប់ស្កាត់​កូ​វីដ​-១៩ ដែល​កំពុងតែ​រាលដាល​ដល់​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​ដទៃទៀត​។

តាមរយៈ​សេចក្តីអំពាវនាវ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែលមាន លោក ឃួ​ង ស្រេង  ចុះហត្ថលេខា លោក​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​ស​ង្ឈឹ​ម​ទុកជាមុន​ថា ម្ចាស់​ដែល​រៀបចំ​កម្មវិធី​ទាំងអស់ នឹងចូលរួម​អនុវត្តតាម​ខ្លឹមសារ​នៃ​សេចក្តីអំពាវនាវ​នេះ ដោយ​ស្មារតី​យោគយល់​អធ្យាស្រ័យ​ខ្ពស់ និង​ឈរលើ​ស្មារតី​សាមគ្គី​ជាតិ​ជា​ធ្លុង​មួយ ជាក់​ជាមិនខាន​»​។​

​គិត​ត្រឹម​ថ្ងៃទី​១៩ ខែមីនា​នេះ កម្ពុ​ជាមាន​៣៧​ករណី​ហើយ​ដែល​ផ្ទុក​កូ​វីដ​១៩ ក្នុងនោះ​មាន​ខ្មែរ​២៤​នាក់ អង់គ្លេស​៣​នាក់ កាណាដា​១​នាក់ ប៊ែ​ល​ហ្ស៊ិ​ក​១​នាក់ បារាំង​២​នាក់​(​ក្នុងនោះ​មាន​ទារក​ម្នាក់​) ម៉ាឡេស៊ី​៥​នាក់ និង​ចិន​១​នាក់​(​ជាសះស្បើយ​)៕ 








© រក្សាសិទ្ធិដោយ thmeythmey.com