COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Premier League ប្ដេជ្ញា​បន្ត​ប្រកួត​ដល់​ចប់​រដូវ​កាល ទោះ COVID-19 នៅតែ​រាលដាល​
20, Mar 2020 , 12:09 pm        
រូបភាព
​ក្របខណ្ឌ Premier League ប្តេជ្ញា​ត្រឡប់​ចូល​ការប្រកួត​ជាធម្មតា​វិញ​ដើម្បី​បញ្ចប់​រដូវ​កាល ២០១៩-២០ នេះ បើ​ទោះ COVID-19 នៅតែ​រាលដាល​ក្តី​។ ការលើកឡើង​បែបនេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បន្ទាន់​របស់​គណៈ​គ្រប់គ្រង Premier League នៅ​ថ្ងៃទី​១៩ ខែមីនា​នេះ តាមរយៈ​សន្និសីទ​តាម​វីដេអូ​។​


 
​ដោយសារតែ​រោគ​ឆ្លង COVID-19 បាន​បង្ខំ​ឲ្យ​ការប្រកួត​ទាំងអស់​គ្រប់​កម្រិត​នៃ​លី​គ​បាល់ទាត់​នៅ​អង់គ្លេស​ត្រូវ​ប្រកាស​ផ្អាក​រហូតដល់​ថ្ងៃទី​៤ ខែមេសា និង​បន្ថែម​ការពន្យារពេល​មួយកម្រិត​ទៀត​រហូតដល់​ថ្ងៃទី​៣០ ខែមេសា​។​
 
​ស្របពេល​ការ​រាតត្បាត​កាន់តែខ្លាំង​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​នេះ គេ​រំពឹងថា​ការពន្យារពេល​ប្រកួត​នឹង​បន្ត​យូរ​ជាង​នេះ​ក្នុង​រយៈពេល​ជាច្រើន​សប្តាហ៍​ទៅមុខទៀត​។ បើទោះបី​ក្លិប​នានា​មិន​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់ ប៉ុន្តែ​ពួកគេ​សង្ឃឹមថានឹង​បន្ត​ការប្រកួត​នេះ​ឡើងវិញ​ដើម្បី​បញ្ចប់​រដូវ​កាល​នេះ​។​
 
​ការពន្យារពេល​ប្រកួត Euro ឆ្នាំ ២០២០ គឺ​ដើម្បី​បើកទ្វារ​ឲ្យ​ការប្រកួត​លី​គ​ក្នុងស្រុក​បញ្ចប់ទៅ​តាម​កា​ល​កំណត់​នៅ​ចុងខែ​មិថុនា​។ រហូតមកទល់​ពេលនេះ មិន​ត្រឹមតែ​ប្រជាជន​ទេ​ដែល​ឆ្លង កីឡាករ​បាល់ទាត់​នៅ​អឺរ៉ុប​មួយចំនួន​ក៏​កើត COVID-19 នេះដែរ​។​
 
​ប្រសិនបើ​ការ​រឹតត្បិត​លើ​ការប្រមូលផ្តុំ​មនុស្ស​ច្រើន​ដែល​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​អង់គ្លេស​នៅតែ​បន្ត នោះ Premier League  នឹង​តម្រូវ​ឲ្យ​មានការ​ប្រកួត​ដោយ​បិទទ្វារ​កីឡដ្ឋាន​ដើម្បី​បញ្ចប់​រដូវ​កាល ២០១៩-២០ នេះ​តែម្តង​។​
 
Liverpool ជា​ក្រុម​រំពឹង​ខ្ពស់បំផុត​ក្នុង​ការលើក​ពាន​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ និង​ជាការ​លើក​ពាន​ក្នុងស្រុក​លើកដំបូង​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុងក្រោយ​។ ក្រោម​ការដឹកនាំ​របស់​លោក Jürgen Klopp ហង្ស​ក្រហម​មាន​ពិន្ទុ​នាំ​មុខដាច់​រហូតដល់​២៥​ពិន្ទុ ខណៈ​នៅសល់​៩​ប្រកួត​ទៀត​នឹង​បញ្ចប់​រដូវ​កាល​នេះ​តែម្តង​។​
​គិត​ត្រឹម​ថ្ងៃទី​១៩ ខែមីនា នេះ ចក្រភព​អង់គ្លេស​មាន​អ្នក​ឆ្លង COVID-19 ចំនួន ២៦២៦​នាក់ ស្លាប់​១០៤​នាក់ និង​សះស្បើយ​៦៥​នាក់​៕

Tag:
 COVID-19
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com