COVID-19
អន្តរជាតិ
ករណី​ឆ្លង​នៅ​ថៃ​កើន​ដល់​៣២២ បន្ទាប់ពី​រកឃើញ​អ្នក​ផ្ទុក COVID-19 ៥០​នាក់​ទៀត​
20, Mar 2020 , 2:22 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​ថៃ នា​រសៀល​ថ្ងៃទី​២០ ខែមីនា បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) បន្ថែមទៀត​។ ករណី​ឆ្លង​ថ្មី​នេះ ភាគច្រើន​នៅតែមាន​ពាក់ព័ន្ធ​ជាមួយ​កន្លែង​ប្រដាល់ កន្លែង​កម្សាន្ត​។


 
​បើតាម​ការប្រកាស​រប​ស់​ក្រសួងសុខាភិបាល ថៃ​បាន​រកឃើញ​អ្នក​ផ្ទុក COVID-19 ចំនួន ៥០​ករណី​បន្ថែមទៀត​។ ក្នុង​ចំនួន​នេះ ៤១​ករណី គឺមាន​ទាក់ទង​ទៅនឹង​កន្លែង​ប្រដាល់ និង​កន្លែង​កម្សាន្ត​។ ចំណែក ៩​ករណី​ទៀត គឺជា​ករណី​ថ្មី ដែល​មិនមាន​ពាក់ព័ន្ធ​នឹង​ករណី​មុនៗ​។ ករណី​សរុប COVID-19 ថៃ​កើន ដល់ ៣២២​ករណី អ្នកស្លាប់ ១​ករណី និង​អ្នកជា​សះស្បើយ ៤២​ករណី​។ 
 
​តាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល​ថៃ ក្នុង​ចំនួន​អ្នកជំងឺ COVID-19 សរុប គឺ​បុរស​មាន​ចំនួន ៦៦​ភាគរយ​។ មនុស្ស​អាយុ​ចាប់ពី​៣០​ឆ្នាំ ដល់​៣៩​ឆ្នាំ គឺមាន​ចំនួន​អ្នក​ផ្ទុក COVID-19 ច្រើនជាងគេ​រហូតដល់ ៧៩​នាក់​។ ចំនួន​អ្នកជំងឺ​មាន​អាយុ​ចាប់ពី​២០​ឆ្នាំ ដល់ ២៩​ឆ្នាំមាន ៥១​នាក់​។ ក្នុង​របាយការណ៍​ដដែល​នេះ បាន​បញ្ជាក់ថា អ្នកជំងឺ​៨០​ភាគរយ គឺ​ត្រូវបាន​រកឃើញ​ក្នុង​ទីក្រុង​បាងកក​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​រសៀល​ថ្ងៃទី​២០ ខែមីនា​នេះ ថៃ គឺជា​ប្រទេស​ទី​បី ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​រកឃើញ COVID-19 ច្រើនជាងគេ បន្ទាប់ពី​ម៉ាឡេស៊ី និង​សិង្ហ​បុរី​៕ 

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com