COVID-19
អន្តរជាតិ
អាជ្ញាធរ​សុខាភិបាល​អាមេរិក​៖ កន្សែង និង​ក្រមា​បង់ក​អាច​ប្រើ​បាន​ក្នុងករណី​ខ្វះ​ម៉ាស់​
20, Mar 2020 , 7:39 pm        
រូបភាព
ដោយ:
​អាជ្ញាធរ​សុខាភិបាល​អាមេរិក បាន​ប្រាប់​បុគ្គលិក​សុខាភិបាល​របស់ខ្លួន​ថា ពួកគេ​អាច​ប្រើ​កន្សែង និង​ក្រមា​បង់ការ​បាន​ក្នុងករណី​អាសន្ន​ពេល​ខ្វះខាត​ម៉ាស់​អំឡុងពេល​ប្រឈមមុខ​នឹង​ជំងឺ COVID-19​។ នេះ​ជា​ផ្នែក​មួយ​នៃ​វិធានការ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺឆ្លង​របស់​សហរដ្ឋ​អាមេរិក (CDC) ដែល​ដាក់​ឲ្យ​អនុវត្ត​នៅ​កម្រិត​សហព័ន្ធ រដ្ឋ និង​បុគ្គលិក​សុខាភិបាល​ទូទាំងប្រទេស​។

 
​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺឆ្លង​របស់​សហរដ្ឋ​អាមេរិក (CDC) លើកឡើងថា ក្នុងករណី​ដែល​មិនមាន​ម៉ាស់ និង​គ្មាន​ជម្រើស​ដទៃទៀត បុគ្គលិក​សុខាភិបាល អាច​ប្រើ​ម៉ាស់​ដែល​ធ្វើ​ដោយ​ខ្លួនឯងបាន (​កន្សែង និង​ក្រមា​បង់ក​) ក្នុងពេលដែល​ត្រូវ​ថែទាំ​អ្នកជំងឺ COVID-19 ។ ប៉ុន្តែ​ការប្រើ​កន្សែង ឬ​ក្រមា​នេះ ជា​ជម្រើស​ចុងក្រោយ​ប៉ុណ្ណោះ​។ 
 
​យ៉ាងណាមិញ CDC បាន​បញ្ជាក់ថា​៖ « គេ​ត្រូវ​ប្រុងប្រយ័ត្ន នៅពេល​ពិចារណា​ជ្រើសរើស​ជម្រើស​នេះ ដោយហេតុតែ​សមត្ថភាព​ការពារ​របស់​វា​នៅ​មិនទាន់​ដឹង​នៅឡើយ​»​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​ទាក់ទង​រឿង​ម៉ាស់​នេះ លោក ម៉ៃ ផេ​ន អនុ​ប្រធានាធិបតី​អាមេរិក​អះអាងថា  ផលិតកម្ម​ម៉ាស់​កំពុង​បង្កើន​យ៉ាង​រហ័ស​ដោយ​ក្រុមហ៊ុន​ឯកជន​ដើម្បី​បំពេញតម្រូវការ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​នៅ​សេត​វិមាន លោក ផេ​ន បាន​បន្ថែមថា ក្រុមហ៊ុន​ឯកជន​នៅ​អាមេរិក​បាន​បង្កើន​ការផលិត​ម៉ាស់ N95 ដល់​ចំនួន ១០​លាន​។ ចំណែកឯ​ក្រុមហ៊ុន​មួយទៀត​បាន​បង្កើន​ផលិត​មកដល់ ៣៥​លាន​ក្នុង​មួយខែ​។ 
 
​បន្ថែម​ពីនេះ​ក្រុមហ៊ុន​សំណង់​ទូ​ទាំ​ប្រទេស ក៏បាន​បរិច្ចាគ​ម៉ាស់​សម្រាប់​ឧស្សាហកម្ម​ឲ្យ​ទៅ​មន្ទីរពេទ្យ​ផងដែរ​។ នេះ​ជាការ​បន្ថែម​របស់លោក ផេ​ន ដែល​ទទួលបន្ទុក​កិច្ចការ​ដោះស្រាយ​ការ​រាលដាល​វីរុស​ប្រភេទ​ថ្មី​។  
 
​បើ​យោងតាម​តួលេខ​ប្រមូល​ដោយ​សកល​វិទ្យាល័យ John Hopkin គិត​ត្រឹម​ថ្ងៃទី​១៩ ខែមីនា ករណី COVID-19 នៅ​អាមេរិក មាន​ចំនួន ១០,៧៥៥ ករណី ខណៈ​ករណី​ស្លាប់មាន​ចំនួន ១៥៤ ករណី​៕

Tag:
 COVID-19
  សហរដ្ឋអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com