កម្ពុជា​-​វៀតណាម ហាម​តែ​ពលរដ្ឋ ឯ​ទំនិញ នៅមាន​ចរន្ត​ធម្មតា
COVID-19
ជាតិ
សង្គមជាតិ
កម្ពុជា​-​វៀតណាម ហាម​តែ​ពលរដ្ឋ ឯ​ទំនិញ នៅមាន​ចរន្ត​ធម្មតា
20, Mar 2020 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
ទោះជាបិទគ្រប់ច្រកមិនឲ្យពលរដ្ឋធ្វើដំណើរចេញចូលរវាងកម្ពុជានិងវៀតណាមក្តី តែប្រទេសទាំងពីរ បានឯកភាពគ្នា បន្តឲ្យមានការដឹកជញ្ជូនទំនិញទៅមកជាធម្មតា។ ការឯកភាពគ្នានេះ គឺធ្វើឡើងក្នុងជំនួបរវាងលោក គុណ ញឹម ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាមួយនឹងអាជ្ញាធរវៀតណាម កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។



ខ្លឹមសារនៃកិច្ចប្រជុំ ដែលត្រូវបានផ្សព្វផ្សាយ បង្ហាញថា ភាគីកម្ពុជានិងវៀតណាម បានសម្រេចរួមគ្នាលើដំណោះស្រាយ៤សំខាន់ៗ ស្តីពីការដឹកជញ្ជូនទំនិញ រួមមាន ទី១ អនុញ្ញាតឲ្យរថយន្តដឹកទំនិញចូលដល់តំបន់ស ហើយផ្លាស់ប្តូរអ្នកបើកបរ, ទី២ អនុញ្ញាតឲ្យរថយន្តដឹកទំនិញចូលដល់តំបន់ស ហើយប្តូរក្បាលឡានសណ្តោង, ទី៣ អនុញ្ញាតឲ្យរថយន្តដឹកទំនិញចូលដល់តំបន់ស ហើយផ្ទេរទំនិញឬលើកផ្ទេរកុងតឺន័រពីរថយន្តភាគីម្ខាង ទៅរថយន្តភាគីម្ខាងទៀត, និង ទី៤ អនុញ្ញាតឲ្យរថយន្តដឹកទំនិញពីភាគីវៀតណាម ចូលដល់ផែស្ងួតនៅក្បែរព្រំដែន រួចផ្ទេរទំនិញចេញនិងអាចផ្ទុកទំនិញដែលត្រូវនាំចេញពីកម្ពុជាទៅវៀតណាមវិញ ដោយតម្រូវឲ្យអ្នកបើកបរ ត្រូវស្លៀកសម្លៀកបំពាក់សុវត្ថិភាពការពារវីរុស ហើយសមត្ថកិច្ចពាក់ព័ន្ធខាងកម្ពុជា ជួយសហការ ដើម្បីធានាថា អ្នកបើកបរ មិនបានទៅណាខុសពីតម្រាយផ្លូវ និង ទៅជួបប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេង។ 

ភាគីទាំងពីរ បានផ្សព្វផ្សាយដំណោះស្រាយទាំងនេះ ទៅកាន់ធុរជន ដែលពាក់ព័ន្ធក្នុងការដឹកជញ្ជូនទំនិញ ហើយគ្រប់ធុរជន អាចជ្រើសរើសយកជម្រើសឬមធ្យោបាយមួយណាក៏បាន។ ខ្លឹមសារនៃកិច្ចប្រជុំ សរសេរថា៖«ដើម្បីដោះស្រាយការកកស្ទះនៅព្រំដែន ភាគីទាំងពីរ បានសម្រេចអនុញ្ញាតឲ្យអនុវត្តភ្លាម...។ ដំណោះស្រាយទាំង៤នេះ នឹងត្រូវបានយកមកអនុវត្តចំពោះគ្រប់មាត់ច្រក ដែលមានព្រំប្រទល់ជាប់ខេត្តតៃនិញរបស់វៀតណាម និងបានឯកភាពគ្នាបន្តកិច្ចសហការដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដែលអាចកើតមានជាយថាហេតុ»។ 

សូមរម្លឹកសាវតារថា ក្រោយមានការណែនាំពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន ក្រសួងការបរទេសកម្ពុជា សរសេរលិខិត នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ជូនទៅស្ថានទូតវៀតណាមប្រចាំកម្ពុជា ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ក្នុងការបិទផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស ជាមួយវៀតណាម ដោយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋប្រទេសទាំងពីរ ធ្វើដំណើរទៅមក ក្រោមហេតុផលថា ដើម្បីកុំឲ្យមានការរីករាលដាលនៃវីរុសកូវីដ-១៩ ចូលប្រទេសទាំងពីរ។ 

អត្ថបទទាក់ទង
 

កម្ពុជា សម្រេចបិទគ្រប់ច្រកចេញចូលជាមួយវៀតណាម គឺជាវិធានការ ដែលធ្វើក្រោយវៀតណាម ពោលគឺ វៀតណាម បានសម្រេចបិទព្រំដែនជាមួយកម្ពុជាជាមុន ដោយពុំបានជូនដំណឹង។ តាមការសង្កេត វៀតណាម សម្រេចបិទព្រំដែននេះ គឺបន្ទាប់ពីកម្ពុជា សម្រេចបិទច្រកផ្លូវទឹកក្អមសំណ ដែលជាច្រកផ្លូវទឹកជាមួយវៀតណាម ដោយមិនអនុញ្ញាតឲ្យគ្រប់នាវា ចូលមកកម្ពុជា តាមច្រកផ្លូវទឹកនេះ។ 

ក្រោយប៉ុន្មានថ្ងៃ នៃការសម្រេចរបស់កម្ពុជា ក្នុងការបិទច្រកផ្លូវទឹកក្អមសំណ ស្រាប់តែមាននាវាទេសចរណ៍កម្ពុជា៤-៥គ្រឿង នាំភ្ញៀវទៅលេងវៀតណាម តែមិនត្រូវបានវៀតណាម អនុញ្ញាតឲ្យចូលចតឡើយ។ កម្ពុជា បិទច្រកផ្លូវទឹកក្អមសំណនេះ ក្រោយកម្ពុជា រកឃើញជនជាតិអង់គ្លេស៣នាក់ ជាអ្នកទេសចរលើនាវាមួយឈ្មោះ Viking Cruise Journey មានកូវីដ-១៩ ។ នាវានេះ ចេញពីហូជីមិញ មកភ្នំពេញ ហើយបន្តទៅកំពង់ចាម។ 

គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ដូចគ្នា កម្ពុជា មានមនុស្ស៤៧នាក់ហើយ ដែលឆ្លងកូវីដ-១៩ ខណៈវៀតណាម មាន៨៥នាក់។ ប្រទេសទាំងពីរ មិនទាន់មានករណីស្លាប់ ដោយសារកូវីដ-១៩ នោះទេ៕

Tag:
 កម្ពុជា​-​វៀតណាម​
  ទំនិញ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com