COVID-19
កីឡាជាតិ
ជាតិ
សង្វៀន​ប្រដាល់​ទាំងអស់​ត្រូវ​បិទ​ចាប់ពី​សប្តាហ៍​ក្រោយ ដោយសារ COVID-19
20, Mar 2020 , 9:19 pm        
រូបភាព
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
ដោយ:
​សង្វៀន​ប្រដាល់​តាម​ស្ថានីយទូរទស្សន៍​ទាំងអស់​នឹង​បិទ​ជា​បណ្តោះអាសន្ន​ចាប់ពី​សប្តាហ៍​ក្រោយ ដោយសារ​បារម្ភ​ពី​ការរីក​រាល​នៃ​មេរោគ COVID-19 ដែល​ប្រទេស​ជុំវិញ​ពិភពលោក​កំពុង​បង្ការ​និង​ទប់ស្កាត់​។ តាម​គម្រោង​វិធានការ​នេះ គ្រោង​អនុវត្ត​ចាប់ពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ ប៉ុន្តែ​ដោយសារ​មាន​ស្ថានីយទូរទស្សន៍​ចំនួន​៤ សុំ​ប្រកួត​មួយ​សប្តាហ៍​ទៀត​។ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​នឹង​ផ្តល់ដំណឹង​ឲ្យ​ដំណើរការ​ឡើងវិញ​នៅពេល​ក្រោយ​។

 
​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​នឹង​បិទ​សង្វៀន​ប្រដាល់​តាម​ស្ថានីយទូរទស្សន៍​មួយរយៈ​ចាប់ពី​ថ្ងៃទី​២០ មីនា ឆ្នាំ​២០២០​។ ការផ្អាក​ជា​បណ្តោះអាសន្ន​នេះ គឺ​ដោយសារ សហព័ន្ធ បារម្ភ​ខ្លាច​សង្វៀន​ប្រដាល់​ក្លាយជា​កន្លែង​ចំលង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 ដែល​កំពុង​រីក​រាលដាល​តាម​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​។​
 
​មកទល់ពេលនេះ មានតែ​សង្វៀន​ប្រដាល់​របស់​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ និង Town(​ថោ​ន​)​ប៉ុណ្ណោះ ដែល​បាន​បិទ​ដំណើរការ​តាម​ការកំណត់​របស់​ស​ហ​ព័ន្ធ​។ ចំណែក​សង្វៀន​ប្រដាល់​៤​ផ្សេងទៀត​របស់​ស្ថានីយទូរទស្សន៍​បាយ័ន PNN, CNC និង SEA TV នឹង​បិទ​នៅ​សប្តាហ៍​ក្រោយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក តែម ម៉ឺន ដែល​បាន​បន្ថែមថា ការពន្យា​ពេល​ក្នុង​ការបិទ​នេះ គឺ​ដោយសារ​ស្ថានីយទូរទស្សន៍​ទាំងនេះ ស្នើសុំ​ប្រកួត​នៅ​សប្តាហ៍​នេះ​មួយ​សប្តាហ៍​ទៀត​។ 
 
​ប្រធាន​សហព័ន្ធ​រូបនេះ បាន​បន្ថែមថា ទោះបី​សហព័ន្ធ​ព្រម​តាម​សំណើរ​របស់​ស្ថានីយទូរទស្សន៍​ទាំងនេះ​ក៏ពិតមែន តែ​ការប្រកួត​ស្ថិតក្រោម​ការ​រឹត​ដ្បិត ពោលគឺ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​ទៅ​ទស្សនា​ផ្ទាល់​នៅ​សង្វៀន​នោះទេ​។ បើតាម​លោក តែម ម៉ឺន ការ ប្រកួត​នៅ​សប្តាហ៍​នេះ អនុញ្ញាត​ឲ្យ​តែ​កីឡាករ គ្រូបង្វឹក មន្ត្រី​បច្ចេកទេស អ្នក​ឲ្យ​ទឹក និង​អ្នកពាក់ព័ន្ធ​នឹង​ការរៀបចំ​តែប៉ុណ្ណោះ​។  
 
​ការដាក់ចេញ​វិធានការ​បែបនេះ​របស់​សហព័ន្ធ គឺ​ដើម្បី​រួមចំណែក​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ដង្ហើម​បង្កឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 ដែល​កំពុងមាន​ការរីក​រាលដាល​នៅ​កម្ពុជា​។ ការសម្រេច​បិទ​សង្វៀន​ប្រដាល់​មួយរយៈ​នេះ ធ្វើឡើង​ក្រោយ​ក្រសួងសុខាភិបាល​កម្ពុជា​ប្រកាស​រកឃើញ​អ្នក​ផ្ទុក COVID-19 ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២០ ខែមីនា នេះ កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្កឡើង​ដោយ COVID-19 ចំនួន​៤៧​ករណី​៕ 

Tag:
 ​ប្រដាល់​គុន​ខ្មែរ​
  តែម ម៉ឺន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com