អន្តរជាតិ
ឥណ្ឌា ព្យួរ​ក​បុរស​៤​នាក់​ក្នុងករណី​រំលោភ​បូក​កាលពី​ឆ្នាំ​២០១២
20, Mar 2020 , 9:39 pm        
រូបភាព
ដោយ:
​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ២០​មីនា​នេះ ឥណ្ឌា​បាន​ព្យួរ​ក​បុរស ៤​នាក់​ក្នុងករណី​រំលោភ​នារី​ម្នាក់​ក្នុង​ឡានក្រុង​នៅក្នុង​ទីក្រុង ញូ​ដេលី កាលពី​ឆ្នាំ​២០១២​។ ករណីនេះ​រំលោភ​នេះ​បណ្តាល​ឲ្យ​មាន​បាតុកម្ម​ទូទាំងប្រទេស និង​ការ​ស្អប់ខ្ពើម​ពី​សហគមន៍​អន្តរជាតិ​។

 
​លោក Sandeep Goel ប្រធាន​ពន្ធនាគារ Tihar ក្បែរ​ទីក្រុង​ញូ​វ​ដេលី​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​បុរស​ទាំង​៤​ខាងលើ​ត្រូវបាន​ព្យួរ​ក តាំងតែ​ពី ម៉ោង​៥:៣០ ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​នេះ​។ ការព្យួរ​ក​នេះ គឺជា​ការប្រហារជីវិត​លើកដំបូង​ក្នុងប្រទេស​ឥណ្ឌា​គិត​តាំងពី​ឆ្នាំ​២០១៥​មក​។ 
 
​ករណី​រំលោភ​ដ៏​ព្រៃផ្សៃ​លើ​និស្សិត​ពេទ្យ បណ្តាល​ឲ្យ​មាន​បាតុកម្ម​រាប់​សប្តាហ៍​នៅ​ទូទាំងប្រទេស នឹង​ឆ្លុះបញ្ចាំង​ពី​ការ​បៀតបៀន​ផ្លូវភេទ និង​គ្រោះថ្នាក់​ដែល​ស្ត្រី​ឥណ្ឌា​ប្រឈម​នៅក្នុង​សង្គម​។​
 
​ការព្យួរ​ក​ប្រហា​ជីវិត​នេះ​ទទួលបាន​គាំទ្រ នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ធំ​បំផុត​មួយ​នេះ ខណៈ​មានការ​ជួបជុំ​អបអរសាទរ​តូច​មួយ​នៅក្រៅ​ពន្ធនាគារ​។ លោកស្រី Asha Devi ដែលជា​ម្តាយ​យុវតី​រងគ្រោះ​បាន​ប្រាប់​អ្នកយក​ព័​ត៍​មាន​ថា​៖ « យើង​ពេញចិត្ត​ដែល​ទីបំផុត​ទៅ កូនស្រី​របស់​យើង​ទទួលបាន​យុត្តិធម៌​ក្រោយពេល​រង់ចាំ​ជាង ៧​ឆ្នាំ​មកនេះ​»​។ 
 
​យុវតី Singh វ័យ ២៣​ឆ្នាំ​ត្រូវបាន បុរស​៦​នាក់​រំលោភ​នៅលើ​ឡានក្រុង ក្រោយពី​នាង​បាន​ត្រឡប់​ពី​រោងភាពយន្ត​ជាមួយ​មិត្ត​ភ័ក្តិ​របស់​នាង កាលពី​ថ្ងៃ​១២ ធ្នូ ឆ្នាំ​២០១២​។ នាង​បានទទួល​មរណៈភាព ១៣​ថ្ងៃក្រោយ នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​សិង្ហ​បុរី​ក្រោយ​មាន​របួស​ខាងក្នុង​រាងកាយ​ធ្ងន់ធ្ងរ​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា ក្នុង​ឆ្នាំ​២០១៨ របាយការណ៍​ផ្លូវការ​របស់​អាជ្ញាធរ​បា​ន​បង្ហាញថា​ករណី​រំលោភ​មាន​ដល់​ទៅ ៣៤,០០០​ករណី ខណៈ​មនុស្ស​មួយចំនួន​គិតថា​វា​មាន​ចំនួន​តិច​ណាស់ ត្បិត​អី​ស្ត្រី​រងគ្រោះ​នៅ​ខ្លាច​មិន​ហ៊ាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។ នៅ​ឥណ្ឌា មាន​ជនសង្ស័យ​ក្នុងករណី​រំលោភ​ចំនួន ១៥០,០០០ ដែល​រង់ចាំ​ការកាត់ទោស​ពី​តុលាការ ខណៈ​ប្រព័ន្ធយុត្តិធម៌​ឥណ្ឌា​សឹងតែ​មិន​ដំណើការ​៕ 

Tag:
 ​ឥណ្ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com