ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ការសម្ដែង​សិល្បៈ​ជាច្រើន​ត្រូវ​ជាប់គាំង ព្រោះតែ​កូ​វីដ​១៩
21, Mar 2020 , 9:59 am        
រូបភាព
​ភ្នំពេញ​៖ ការសម្ដែង​សិល្បៈ​ទាំង​បុរាណ និង​សម័យ ត្រូវ​ជាប់គាំង​ទាំងអស់ ទាំង​នៅ​កម្ពុជា​ក៏ដូចជា​ពិភពលោក​ទាំងមូល ព្រោះតែ​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩​។ ហើយ​សិល្បករ​កម្ពុជា​មួយចំនួន ដែលមាន​គម្រោង​ទៅ​សម្ដែង​នៅក្រៅ​ប្រទេស ក៏ត្រូវ​លុបចោល​ដែរ​។ អ្នកដឹកនាំ​សិល្បៈ​នៅ​កម្ពុជា​ខ្លះ ព្រួយបារម្ភ​ពី​ជីវភាព​របស់​សិល្បករ ក្នុងកំឡុងពេល​ផ្អាក​ការសម្ដែង​នេះ​។

 
​ជាធម្មតា​នៅ​រដូវ​ជិត​ចូលឆ្នាំថ្មី ឬ​នៅក្រោយ​ចូលឆ្នាំថ្មី គឺ​យ៉ាងហោចណាស់ នៅ​ចន្លោះ​ខែមីនា​រហូតដល់​ខែឧសភា គឺជា​ពេលវេលា​ដែល​ក្រុម​សិល្បករ ទាំង​សិល្បៈ​បុរាណ និង​សម័យ មមាញ​ញឹក​ខ្លាំង​ទៅលើ​ការសម្ដែង​នានា ទាំង​ក្នុង និង​ក្រៅប្រទេស​។ ប៉ុន្តែ​ដោយសារតែ​កូ​វីដ​១៩ បានធ្វើឱ្យ​ការសម្ដែង​សិល្បៈ​ស្ទើរតែ​ទាំងស្រុង​នៅ​កម្ពុជា​ត្រូវ​ជាប់គាំង ជាពិសេស​នៅក្នុង​អំឡុង​ខែមីនា​នេះ​។


ភាព​យន្ត​ដែល​ត្រូវ​បញ្ចាំង​ក្នុង​មហោស្រពភាព​យន្ត​អន្តរជាតិ​កម្ពុជា (រូប​ពី CIFF) 

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រកាស​បិទ​រោងភាពយន្ត ការប្រគំ​តន្ត្រី គ្រឹះស្ថាន​អប់រំ ក្លិប​ក​ម្សា​ន ktv ការជួបជុំ​ធ្វើ​ពិធី​សាសនា​ផ្សេងៗ និង​ការជួបជុំ​ក្នុង​ចំនួន​មនុស្ស​ច្រើន​ជាដើម នៅ​ទូទាំងប្រទេស ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល កូ​វីដ​១៩​។​
 
​សម្រាប់​លោក ព្រឿង ឈាង ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ហើយ​លោក​ក៏​ជា​សិល្បករ​ជើងចាស់​មួយរូប​ផង​នោះ ត្រូវ​លុបចោល​ការចេញ​ទៅ​សម្ដែង​សិល្បៈ​បុរាណ​នៅក្រៅ​ប្រទេស​មួយចំនួន​។ «​ខែក្រោយ​ខ្ញុំ​ត្រូវ​ទៅ​អ៊ីតាលី និង​ស្រុក​បារាំង ប៉ុន្តែ​មើលទៅ​វា​អវិជ្ជមាន​ច្រើន ហើយ​ឥឡូវ​រដ្ឋាភិបាល​បានប្រកាស​មិនឱ្យ​ចេញទៅ​ប្រទេសមួយ​ចំនួន​ដូចជា អាមេរិក បារាំង ជាដើម​ហ្នឹង​។ ឥឡូវ​បាន​ដំណឹង​មក​ថា បិទ​ទីក្រុង​ប៉ារីស​ស្ងាត់ជ្រងំ​។ ទី​២​ឱ្យ​តែមាន​មនុស្ស​ច្រើន គេ​មិន​ឱ្យមាន​សកម្មភាព​ទេ​»​។


លោក ព្រឿង ឈាង ទីប្រឹក្សា​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ (រូប​ពី​ហ្វេសប៊ុក​Angkor Dance Troupe
 
​ដូចគ្នា​ដែរ​លោក សួស សុភ័ក្ត្រ ជា​តន្ត្រីករ​ឯកទេស​ឧបករណ៍​ភ្លេងបុរាណ ដែល​ត្រូវ​ចេញទៅ​ប្រទេស​អ៊ីតាលី​នៅក្នុង​ខែមីនា​នេះ ដើម្បី​សម្ដែង​សិល្បៈ​បុរាណ ក៏បាន​ខកខាន​ដំណើរ​នោះដែរ​។ ជាង​នោះ​ទៅទៀត គម្រោង​ត្រូវ​ទៅ​សម្ដែង​សិល្បៈ​នៅ​អាមេរិក រហូត​ទៅដល់​ខែតុលា ក៏​ត្រូវដាក់​ក្នុងស្ថានភាព​អាស​ន្ត​ដែរ​។ «​មួយរយៈ​នេះ​គឺ​មមាញ​ញឹក តែ​យើង​នៅតែ​អាក់ខាន​ការងារ​ធំៗ​ខ្លះ​ដែរ សម្រាប់​ការ​ទៅ​សម្ដែង​ល្ខោន​នៅ​ប្រទេស​អ៊ីតាលី​។ ហើ​ង​យើង​គ្រោង​ទៅ​អាមេរិក​នៅ​ខែ​១០ ក៏ប៉ុន្តែ​ដោយសារតែ​ព្រឹត្តិការណ៍​សង្គម​បែបនេះ យើង​ក៏​អាក់ខាន​ទាំងអស់​វិញ​ទៅ​។ គេ​គ្រាន់តែ​ប្រាប់​យើង​ថា នៅ​ចន្លោះ​ខែ​៥ ទៅ​ខែ​៦ បើ​វា​នៅតែ​បន្ត​ព្រឹត្តិការណ៍​បែប​ហ្នឹង​ទៀត ក៏​គេ​សម្រេច​ថា នឹង​លុប​កិច្ចការងារ​នេះ​ចោល​តែម្ដង​»​។


​លោក សួស សុភ៏ក្រ្ត តន្ត្រីករ​ឯកទេស​ឧបករណ៍​ភ្លេង​បុរាណ​

​ទោះជា​យ៉ាងណា ការសម្ដែង​នៅក្នុង​ស្រុក សម្រាប់​លោក សួស សុភ័ក្ត្រ នៅតែ​បន្ត​សម្ដែង​ប្រសិនបើ​កម្មវិធី​នោះ នៅតែ​អាច​ប្រព្រឹត្តិទៅបាន​។ «​យើង​នៅតែ​បន្តការងារ​ដូច​ធម្មតា ប៉ុន្តែ​យើង​នៅ​មិនទាន់​ដឹងថា ខែ​បន្ទាប់​ទៀត ចូលដល់​អំឡុង​ខែ​៤ និង​ខែ​៥ ការងារ​ហ្នឹង​វា នឹង​ត្រូវជា​យ៉ាងម៉េច​ទេ​។ តែបើ​នៅតែ​បន្ត​ការអនុវត្ត​នូវ​ព្រឹត្តិការណ៍​ណាមួយ គឺ​ខ្ញុំ​នៅតែ​ទៅ​ដដែល​ហ្នឹង ដោយសារតែ​ពេលនោះ ពួកគាត់​មាន​វិធានការ​អ្វី​ផ្សេងៗ សម្រាប់​ការងារ​ហ្នឹងហើយ​។ គាត់​មាន​ចំណាត់ការ សម្រាប់​ការសម្អាត​កន្លែង​បរិវេណ​ហ្នឹង​។ ហើយ​យើង​ក៏មាន​វិធានការ សម្រាប់​ការពារ​ខ្លួន​ដែរ ដូចជា​ទឹក​អាល់កុល ជែ​ល​លាងដៃ ទឹក​បាញ់សម្លាប់​មេរោគ និង​មាន​ម៉ាស​ការពារ​ជាដើម​»​។​
 
​រីឯ​លោក អន បញ្ញា បាន​ដំឡើង​ស្នាដៃ​ល្ខោន​នាដកម្ម​មួយ មាន​ចំណងជើង​ថា «​ងងឹត​ទាំង​ថ្ងៃ​»​ដែល​ត្រូវ​សម្ដែង​នៅ​ថ្ងៃទី​២៣ ខែមីនា​ខាងមុខ ក៏ត្រូវ​បាន​លុបចោល​ដែរ​។ ការខកខាន​ការសម្ដែង​នេះ ធ្វើឱ្យ​អ្នកដឹកនាំ​រឿង​រូបនេះ ខាត​ថវិកា​ច្រើន​គួរសម​។ «​ខាត​ថវិកា​អស់​៥០ ទៅ​៦០​ភាគរយ នៅក្នុង​ថវិកា​ដែល​យើង​បានរៀបចំ​ហ្នឹង​។ បើ​ដេ​គ័​រ​យើង​អត់​ខាត​ទេ​។ យើង​អាច​ទុក​សម្រាប់​ការសម្ដែង​លើក​ក្រោយ​។ អ្វីដែល​ខាត​គឺ​ថវិកា​ដែល​ជូនទៅ​សិល្បករ ទៅ​និង​មក ដើម្បី​ចាក់​សាំង និង​ទៅលើ​អាហារ​ប្រចាំថ្ងៃ ក្នុងការ​ហាត់​សម​។ នៅមាន​ការចំណាយ​ទៅលើ​ការដឹកជញ្ជូន​ផ្សេងៗ គឺ​ខាតបង់​ទាំងស្រុង​តែម្ដង​»​។


លោក អន បញ្ញា អ្នក​និពន្ធ​រឿង ងងឹតទាំង​ថ្ងៃ 

​អ្នកនិពន្ធ អន បញ្ញា រំឭក​ពី​ការលក់​សំបុត្រ​ពី​ការសម្ដែង​កាលពី​ឆ្នាំមុនៗ​។ «​ពីរ​ឆ្នាំ​ចុងក្រោយ​គឺ​ឆ្នាំ​២០១៨ និង​២០១៩ យើង​មានការ​សម្ដែង​២​ស្នាដៃ ហើយ​យើង​បាន​លក់​សំបុត្រ​មុន​ការសម្ដែង​២​សប្ដាហ៍ លក់​អស់រលីង មានរឿង​«​ថៅកែ​ចិត្តចោរ​» និង​«​វង្ស​ត្រកូល​កម្សត់​»​។ តែ​ស្ថានការណ៍​នៅ​ឆ្នាំ​២០២០​នេះ វា​ប៉ះចំ​ស្ថានការណ៍​មេរោគ បានជា​ទស្សនិកជន គាត់​មិនបាន​ចូលរួម​។ ប្រសិនជា​មិនមាន​មេរោគ​ហ្នឹង ខ្ញុំ​ជឿថា សំបុត្រ​នឹង​លក់​អស់​ដូចពេលមុន​អ៊ីចឹង​»​។​
 
​ជា​នាដកា​របាំ​បុរាណ​មួយរូប​ទៀត គឺ​អ្នកនាង សុំ សុធា មានការ​សម្ដែង​សិល្បៈ​បុរាណ​មួយ​នៅ​ចុងខែ​មីនា​នេះដែរ ក៏ប៉ុន្តែ​វា​ត្រូវបាន​លុបចោល​។ ជាង​នោះ​ទៅទៀត ការសម្ដែង​នានា​នៅ​ថ្ងៃ​ចូលឆ្នាំថ្មី ក៏​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​ដែរ​។ «​ព្រួយ​ចេះតែ​ព្រួយ​ហើយ តែ​ត្រូវតែ​ប្រយ័ត្ន​រៀងខ្លួន ព្រោះ​មិនមាន​អ្នកណា​មក​ប្រយ័ត្ន​ជំនួស​យើង​បានទេ​។ ខ្ញុំ​មានតែ​កម្មវិធី​សង្ក្រាន្ត​ចូលឆ្នាំ​ហ្នឹង​។  ខ្ញុំ​មិនទាន់​ច្បាស់​ទេ ព្រោះ​គេ​ឱ្យ​រង់ចាំ ហើយ​យើង​ចេះតែ​តាមដាន​ស្ថានភាព​ទៅ​ថ្ងៃមុខ​»​។​
 
​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ បានបញ្ជាក់​ពី​ការបិទ​ការសម្ដែង​សិល្បៈ​នានា​ដូច្នេះ​។ «​ទាក់ទង​ទៅនឹង​មហោស្រព ការរៀបចំ​ការសម្ដែង ជាពិសេស​សូម្បី​តែមាន​សិក្ខាសាលា ពាក់ព័ន្ធ​រឿង​ការលួចចម្លង​ស្នាដៃ​នៅ​ថ្ងៃ​ខាងមុខ ក៏​យើង​សុំ​ឱ្យគេ​ផ្អាក​សិន​ដែរ​។ ជាពិសេស យើង​មានការ​បញ្ចាំងភាពយន្ត​អន្តរជាតិ​កម្ពុជា យើង​ក៏បាន​ផ្អាក​ដែរ​»៕


លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ  (រូប​ពី​ហ្វេស​ប៊ុក​របស់​លោក ឡុង​ ប៉ុណ្ណាសិរីវត្ថ)​

Tag:
 សិល្បៈ​
  កូ​វីដ​១៩
  វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com