​ដ្រូ​ន​កសិកម្ម រួមចំណែក​កាត់បន្ថយ​ការលំបាក​របស់​កសិក​រ​
ជាតិ
វីដេអូ
​ដ្រូ​ន​កសិកម្ម រួមចំណែក​កាត់បន្ថយ​ការលំបាក​របស់​កសិក​រ​
20, Mar 2020 , 4:24 pm        
រូបភាព
​ភ្នំពេញ​៖ ដ្រូ​ន​កសិកម្ម ជា​ឧបករណ៍​ទំនើប ដែល​ជួយ​សម្រាល​ទុក្ខលំបាករ​បស់​ប្រជាកសិករ​។ ដ្រូ​ន​កសិកម្ម ត្រូវបាន​ដំឡើង​ដោយ​ក្រុម​អ្នកជំនាញ​កសិកម្ម និង​បច្ចេកវិទ្យា ដែលមាន​លោក ឡេង សុខលី ជា​ប្រធាន​។ ឧបករណ៍​នេះ អាច​ប្រើ​សម្រាប់​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត ឬ​ជី លើ​ដំណាំ​ច្រើន​ប្រភេទ​។ លោក ឡេង សុខលី លើកឡើងថា​៖ «​ដ្រូ​ន​កសិកម្ម​នេះ អាច​ប្រើប្រាស់​បាន​ច្រើន​ប្រភេទ​ដំណាំ រួមមាន ស្រូវ​, ដំឡូង​, ម្រេច​, ស្វាយចន្ទី​, ស្វាយ​, ពោត​, ឈូក​, ឪឡឹក​ជាដើម​»​។


 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក ឡេង សុខលី ប្រធាន​ក្រុម​ដ្រូ​ន​កសិកម្ម​ដូចតទៅ​៖ 

 
 
​ដ្រូ​ន​កសិកម្ម​កម្ពុជា ត្រូវបាន​បង្កើត និង​ដំឡើង​ដោយ​កូន​ខ្មែរ​មួយក្រុម ដែលមាន​ជំនាញ​កសិកម្ម និង​បច្ចេកវិទ្យា​ក្នុង​ឆ្នាំ​២០១៧​។ ដ្រូ​ន​នេះ ត្រូវបាន​ប្រជាកសិករ​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ស្គាល់ និង​និយម​ប្រើប្រាស់​នៅក្នុង​ឆ្នាំ​២០១៩​។ រយៈពេល​១​ឆ្នាំនេះ ដ្រូ​ន​កសិកម្ម បានបង្ហាញ​ភាពជោគជ័យ​លើ​ការស្រោចស្រព​ដំណាំ​របស់​កសិករ និង​ផ្ដល់​ជា​ភាពងាយស្រួល​ដល់​កសិក​រ​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ឡេង សុខលី ប្រាប់​ឲ្យ​ដឹងថា​៖ «​ការបង្កើត​ដ្រូ​ន​នេះ ដោយសារ​យើង​ឃើញថា នៅក្នុង​វិស័យ​កសិកម្ម មានការ​លំបាក ជាពិសេស​លើ​កម្លាំង​ពលកម្ម កសិករ​មាន​ផល​លំបាក​ក្នុងការ​ស្វែងរក​កម្លាំង​ពលកម្ម​។ ម្យ៉ាងទៀត យើង​គិតថា​មានតែ​បច្ចេកវិទ្យា​ទេ ដែល​អាចជួយ​វិស័យ​កសិកម្ម​យើង​ឲ្យ​កាន់តែ​ប្រសើរឡើង​មួយកម្រិត​ទៀត ដូច្នេះ​យើង​ក៏បាន​សម្រេចចិត្ត​ជាមួយ​ក្រុម ដើម្បី​ស្វែងរក​អ្វីមួយ ដែល​គិតថា​ជួយ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​បាន​»​។ 



​បើតាម​ប្រធាន​ក្រុម​រូបនេះ ដ្រូ​ន​កសិកម្ម បាន​ចូលរួមចំណែក​យ៉ាងច្រើន​នៅក្នុង​វិស័យ​កសិកម្ម ជាក់ស្ដែង​ដ្រូ​ន​នេះ កាត់បន្ថយ​ការចំណាយ​ថវិកា​, ពេលវេលា និង​មាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់ រួមទាំង​កាត់បន្ថយ​ការប៉ះពាល់​សុខភាព និង​បរិស្ថាន​ផងដែរ​។​
 
​ដ្រូ​ន​កសិកម្ម​នេះ មាន​ទម្ងន់ ១៥​គីឡូក្រាម មាន​ស្លាប​ចំនួន ៦ និង​អាច​ផ្ទុក​ទឹកបាន​ប្រមាណ ១៦​លីត្រ​។ ចំពោះ​ការប្រើប្រាស់​ដ្រូ​ន​នេះ ក្នុង​មួយ​ហិកតា​ចំណាយពេល​ត្រឹម ១០​ទៅ​១២​នាទី​ប៉ុណ្ណោះ ដែល​នេះ ជា​ចំណុច​មួយ​ចំណេញ​ពេលវេលា​សម្រាប់​ប្រជាកសិករ​។ លោក ឡេង សុខលី អះអាងថា សម្រាប់​ដំណាំ​ស្រូវ ក្នុង​ផ្ទៃដី​១០​ហិកតា ប្រើពេល​ត្រឹមតែ ៣​ម៉ោង​ប៉ុណ្ណោះ ដែល​ខុសពី​ការប្រើ​កម្លាំង​ពលកម្ម​។ 
  


ក្រៅពី​មាន​សេវាកម្ម​ជួល​បាញ់ថ្នាំ ឬ​ជី ដ្រូ​ន​កសិកម្ម​របស់​ក្រុម​លោក ឡេង សុខលី ក៏បាន​ចែកចាយ​ដល់​កសិកម្ម ដែលមាន​បំណង​ទិញ​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​ផងដែរ​។ លោក សុខលី ចង់​ឲ្យ​កសិករ​នៅតាម​បណ្ដា​ខេត្ត​នានា ងាក​មកប្រើប្រាស់​ដ្រូ​ន​កសិកម្ម ដើម្បី​សន្សំសំចៃ​ពេលវេលា ថវិកា និង​ទិន្នផល​ខ្ពស់​៕ 




Tag:
 ដ្រូ​ន​
  កសិកម្ម​
  ដំណាំ​
  បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com