COVID-19
អន្តរជាតិ
COVID-19៖ អ្វី​ទៅជាការ​ឆ្លង​ជា​សហគមន៍ (Community Transmission)?
20, Mar 2020 , 5:51 pm        
រូបភាព
​គិត​ត្រឹម​ថ្ងៃទី​១៩ ខែមីនា កម្ពុ​ជាមាន​ករណី​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19) សរុប​ចំនួន ៤៧​ករណី ប៉ុន្តែ​យ៉ាងណាក៏ដោយ ក្នុង​តួលេខ​ទាំងនេះ កម្ពុ​ជាមាន​ត្រឹមតែ​ករណី​ឆ្លង​ក្នុងស្រុក (Local Transmission) និង​ឆ្លង​មកពី​បរទេស (Imported case) តែប៉ុណ្ណោះ ពោលគឺ​មិនទាន់មាន​ឡើយ​ករណី​ឆ្លង​ជា​សហគមន៍ (Community Transmission)​។ បើតាម​ការពន្យល់​រប​ស់​អង្គការ​សុខភាព​ពិភពលោក​(WHO) ករណី​ឆ្លង​មាន​ត្រឹមតែ​៣​ប៉ុណ្ណោះ គឺ​ករណី​ឆ្លង​មកពី​បរទេស ករណី​ឆ្លង​ក្នុងស្រុក និង​ករណី​ឆ្លង​ជា​សហគមន៍​។​

 
​សារព័ត៌មាន​ថ្មីៗ សូម​លើកយក​ពី​អត្ថន័យ នៃ​ករណី​នីមួយៗ ដែល​ត្រូវបាន​ពន្យល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​៖ 
 
​ករណី​ឆ្លង​មកពី​បរទេស (Imported Case) គឺជា​ករណី ដែល​មនុស្សម្នា​ក់បាន​ទៅ​បរទេស ឬ​មកពី​បរទេស ហើយ​ត្រូវបាន​អាជ្ញាធរ​ក្នុងស្រុក រកឃើញថា​មាន​ផ្ទុក COVID-19​។ ក្នុងករណីនេះ អ្នកជំងឺ​អាចជា​ប្រជាជន​ក្នុងស្រុក ឬ​ជនបរទេស ដែល​ឆ្លង​កូ​រ៉ូ​ណា​វីរុស​មកពី​បរទេស ហើយ​ត្រលប់ ឬ​ចូលមកក្នុង​ប្រទេស​កំណើត ឬ​ទៅ​ប្រទេស​ណាមួយ​។ ជាក់ស្តែង កន្លងមក កម្ពុជា​បាន​រកឃើញ​ជនជាតិ​អង់គ្លេស ៣​នាក់​លើ​ទេសចរណ៍ Viking Cruise Journey គឺជា​ករណី​ឆ្លង​មកពី​បរទេស​។ ក្នុងពេល​ថ្មីៗ​នេះ កម្ពុជា បាន​រកឃើញ​ជនជាតិ​របស់ខ្លួន​មួយចំនួន ដែល​ត្រលប់​មកពី​ពិធីបុណ្យ​សាសនា​ឥស្លាម​មួយ​នៅ​ម៉ាឡេស៊ី មាន​ផ្ទុក COVID-19​។ នេះ​ក៏​ត្រូវគេ​ចាត់ទុកថា ជា​ករណី​ឆ្លង​មកពី​បរទេស​ដែរ​។ 
 
​ចំណែក​ករណី​ឆ្លង​ក្នុងស្រុក​វិញ (Local Transmission) គឺជា​ករណី​ឆ្លង ដែល​ត្រូវបាន​គេ​រកឃើញថា ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ទៀត​នៅក្នុង​ស្រុក និង​អាច​កំណត់​អត្តសញ្ញាណ​បាន​។ ករណី​ឆ្លង​ក្នុងស្រុក​នេះ អាច​កើតមាន​ពី​អ្នកជំងឺ​ផ្ទុក COVID-19 ទៅ​ក្រុមគ្រួសារ ឬ​ទៅ​អ្នក​ជិតស្និទ្ធ​។ បន្ថែម​ពីលើ​នេះ ករណី​ឆ្លង​ក្នុងស្រុក អាច​បង្កដោយ​ជនបរទេស​មាន​ផ្ទុក​កូ​រ៉ូ​ណា​វីរុស​ទៅ​ប្រជាជន​ក្នុងស្រុក ឬ​អាច​ពី​ប្រជាជន​ក្នុងស្រុក ដែល​ទើប​ត្រលប់​មកពី​បរទេស ទៅ​មនុស្ស​នៅក្នុង​ស្រុក​។ សម្រាប់​ករណី​នៅ​កម្ពុជា​វិញ ករណី​ឆ្លង​ក្នុងស្រុក​នេះ កម្ពុជា​ក៏មានដែរ ពោលគឺ​កើត​លើ​បុរស រស់នៅ​សៀមរាប ដែលមាន​ការទាក់ទង​ជាមួយ បុរស​ជនជាតិ​ជប៉ុន មាន​ផ្ទុក COVID-19​។ លើសពីនេះ​នា​ថ្ងៃទី​១៩ ខែមីនា កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​ក្នុងស្រុក ពីរ​ករណី​បន្ថែមទៀត នា​ខេត្តបាត់ដំបង​។ 
 
​ដោយឡែក ករណី​ឆ្លង​ជា​សហគមន៍ (Community Transmission) វិញ គឺជា​ករណី​ឆ្លង​នៅក្នុង​តំបន់​មួយ ដែល​អាជ្ញាធរ​មិនអាច​កំណត់​បាន​ពី​ប្រភព​ចម្លង​។ ករណីនេះ អាច​ចម្លង​ទៅ​មនុស្ស​ច្រើន​នាក់ ទាំង​នៅ​កន្លែងធ្វើការ កន្លែង​លក់ទំនិញ និង​កន្លែង​ផ្សេងទៀត​ជាដើម​។ សម្រាប់​ករណី​ចុង​ក្រោយនេះ អ្នក​ផ្ទុក​COVID-19 អាច​មិនដឹង​ខ្លួន​ថា​មាន​ជំងឺ​ប្រភេទ​នេះ នៅក្នុង​ខ្លួន​ឡើយ​។ ម្យ៉ាងវិញទៀត អ្នក​ឆ្លង​ក្នុងករណី​ចុងក្រោយ​នេះ គឺ​មិនមាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​បរទេស ឬ​ទៅ​កន្លែង​ណា​ផ្សេង​។  
 
​យ៉ាងណាមិញ នៅ​កម្ពុជា​មិនទាន់មាន​ករណី​ឆ្លង​ជា​សហគមន៍​នេះ​នៅឡើយ​ទេ ប៉ុន្តែ​វា​បាន​កើតឡើង​នៅក្នុង​បណ្តា​ប្រទេស​មួយចំនួន ដូចជា​កូរ៉េខាងត្បូង អ៊ីតាលី ចិន ឥណ្ឌូណេស៊ី ជាដើម​។ បើទោះបីជា កម្ពុជា​មិនទាន់​កើតមាន​ក៏ដោយ ក៏​អាជ្ញាធរ​សុខាភិបាល នៅតែ​បន្ត​ស្រាវជ្រាវ និង​យកចិត្តទុកដាក់​យ៉ាងខ្លាំង លើ​បញ្ហា​នេះ​។ 
 
​គិត​មក​ត្រឹម​ពេលនេះ កម្ពុ​ជាមាន​ករណី​ឆ្លង​COVID-19 ក្នុងស្រុក​សរុប​ចំនួន ៣​ករណី និង​ករណី​ឆ្លង​មកពី​បរទេស ៤៤​ករណី​។ សរុប​ករណី COVID-19 ទាំងអស់​មាន ៤៧​ករណី និង​អ្នកជា​សះស្បើយ ១​ករណី​៕

Tag:
 កម្ពុជា​
  WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com