COVID-19
អន្តរជាតិ
COVID-19៖ រដ្ឋ​កាលីហ្វ័រ​នីញ៉ា​បញ្ជា​ឲ្យ​ប្រជាជន​៤០​លាន​នាក់​នៅក្នុង​ផ្ទះ​គ្មាន​កាលកំណត់​
20, Mar 2020 , 6:49 pm        
រូបភាព
អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា លោក Gavin Newsom ។ រូបភាព AFP
អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា លោក Gavin Newsom ។ រូបភាព AFP
​នៅ​ថ្ងៃទី​១៩ ខែមីនា ប្រជាជន​៤០​លាន​នាក់​នៃ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ត្រូវបាន​បញ្ជា​ឲ្យ​ស្ថិតក្នុង​ផ្ទះ​ក្នុង​រយៈពេល​គ្មាន​កាលកំណត់ ដើម្បី​ជួយ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​ផ្លូវដង្ហើម COVID-19 ក្នុង​រដ្ឋ​មាន​ប្រជាជន​ច្រើនជាងគេ​របស់​អាមេរិក​។ វិធានការ​នេះ មាន​លក្ខ​ខណៈ​ខ្លាំង​បើ​ធៀប​នឹង​ការសម្រេចចិត្ត​របស់រ​ដ្ឋ​សហព័ន្ធ​ឯទៀត​របស់​អាមេរិក ខណៈ​កាលីហ្វ័រ​នីញ៉ា ជា​រដ្ឋ​មួយ​ដែល​រងគ្រោះ​ខ្លាំង​ផងដែរ​ដោយសារ​វីរុស​ប្រភេទ​ថ្មី​នេះ​។

 
​ក្នុង​បញ្ជា​ដែល​ចុះហត្ថលេខា​ដោយ​អភិបាលរដ្ឋ​កាលីហ្វ័រ​នីញ៉ា Gavin Newsom ការ​ប្រាប់​ឲ្យ​ប្រជាជន​ទូទាំង​រដ្ឋ​មិនត្រូវ​ចាក​ចេញពីផ្ទះ ជា​វិធានការ​ទប់ស្កាត់ COVID-19 ដែល​ដ៏​តឹងរ៉ឹង​មួយ​ក្នុងចំណោម​រដ្ឋ​ផ្សេងទៀត​។ លោក Newsom និយាយថា វា​ជា​រឿង​ដែល​ត្រូវ​ឲ្យ​ប្រជាជន​៤០​លាន​នាក់ ស្នាក់នៅ​ក្នុងផ្ទះ​របស់​ពួកគេ​។​
 
​បើតាម​អភិបាលរដ្ឋ​រូបនេះ វិធានការ​ខាងលើនេះ មិនមាន​រយៈពេល​កំណ​ត់​ឡើយ ព្រោះ​ការ​រាតត្បាត​របស់ COVID-19 ជា​ស្ថានភាព​ដែល​ប្រែប្រួល​ឆាបរហ័ស​។ កាលីហ្វ័រ​នីញ៉ា ស្ថិតក្នុង​ចំណោម​រដ្ឋ​មាន​ករណី​ឆ្លង​ច្រើន ខណៈ​ករណី​ស្លាប់មាន​យ៉ាងហោចណាស់​១៨​នាក់​ទៅហើយ​ដែរ​។ នេះ​បើតាម​តួលេខ​ដែល​ប្រមូល​ដោយ​សាកលវិទ្យាល័យ John Hopkins ។​
 
​សម្រាប់​វិធានការ​ដេក​ផ្ទះ​នេះ ករណី​លើកលែង​នឹងត្រូវ​អនុវត្ត​លើ​ការងារ​សំខាន់ៗ​ដូចជា​ការទិញ​អាហារ​ជាដើម ដោយ​លោក Newsom លើកឡើងថា អាជ្ញាធរ​នៅតែ​ចង់​ឲ្យ​ប្រជាជន​អាច​ទិញ​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ​ដដែល តែ​ត្រូវ​ចេះ​គិតគូរ​ផងដែរ​។ បន្ថែម​ពីលើ​នេះ ហាង​លក់​សម្ភារ​ចាំបាច់​ផ្សេងទៀត​ដូចជា​កន្លែង​ចាក់​សាំង ឱសថស្ថាន ធនាគារ និង​សេវាកម្ម​បោកគក់ ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​បន្ត​ការរកស៊ី​ផងដែរ រីឯ​ភោជនីយដ្ឋាន​ដែលមាន​សេវាកម្ម​ដឹកជញ្ជូន ក៏​អាច​បន្ត​ដំណើរការ​។​
 
​តាមពិតទៅ ទីក្រុង​ធំៗ​ក្នុង​រដ្ឋ​នេះ​ដូចជា Los Angeles និង San Francisco បាន​ប្រាប់​ឲ្យ​ប្រជាជន​ក្នុង​ទីក្រុង​រៀងៗ​ខ្លួន មិនត្រូវ​ចាក​ចេញពីផ្ទះ​តាំងពីដើម​សប្ដាហ៍​មកម្ល៉េះ​។ ដោយសារ​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន ទើប​អភិបាលរដ្ឋ​ចេញ​បញ្ជា​ឲ្យ​អនុវត្ត​ទូទាំង​រដ្ឋ​ពេលនេះ​។ ក្នុង​លិខិត​ទៅកាន់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ លោក Newsom ព្រមាន​ថា ២៥​ភាគរយ​នៃ​ប្រជ​ជន​កាលីហ្វ័រ​នីញ៉ា អាច​ឆ្លង​វីរុស​នេះ​។ ហេតុនេះ​ទើប​លោក​សម្រេចចិត្ត​ហាម​ប្រជាជន​ចេញពីផ្ទះ​តែម្ដង​។​
 
​ជាមួយគ្នានេះ លោក Newsom ក៏បាន​ផ្ញើលិខិត​មួយ​ទៅកាន់​ព្រឹទ្ធសភា​ដើម្បី​សុំ​លុយ​ចំនួន​ច្រើនជាង​មួយ​ពាន់​លាន​ដុល្លារ​ដើម្បី​ទប់ទល់​នឹង COVID-19 ៕

Tag:
 California
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com