អន្តរជាតិ
COVID-19៖ អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ អាមេរិក បារាំង និងអ៊ីរ៉ង់ មានអ្នកជំងឺខ្ទង់ម៉ឺននាក់ រូបភាព Xinhua
× ករណីឆ្លងជំងឺ COVID-19 នៅតែមិនទាន់ថមថយដដែល។ ករណីឆ្លងត្រូវបានរាយការណ៍សឹងទូទាំងពិភពលោក ខណៈប្រទេសលោកខាងលិចមានករណីឆ្លងមេរោគកាន់តែច្រើន។ គ្រាន់តែថ្ងៃទី២០ ខែមីនាមួយ អ៊ីតាលីមានអ្នកស្លាប់៦២៧នាក់ ដែលជាចំនួនច្រើនមិនធ្លាប់មាន។ តួលេខឆ្លងសរុបនៅអាល្លឺម៉ង់វិញ បានកើតលើសករណីឆ្លងនៅអ៊ីរ៉ង់ ស្របពេលអាមេរិក និងបារាំងរកឃើញករណីឆ្លងថ្មីជាងមួយពាន់នាក់ក្នុងមួយថ្ងៃ។ ចិនឯណោះ គ្មានការឆ្លងក្នុងស្រុកបីថ្ងៃជាប់គ្នា។
ស្ថានភាព COVID-19 នៅអ៊ីតាលី បានប្រែប្រួលកាន់តែយ៉ាប់យ៉ឺន ដោយចំនួនអ្នកឆ្លងថ្មីបន្តកើនឡើងឥតស្រាកស្រាន្ត។ ត្រឹមមួយថ្ងៃទី២០ ខែមីនា អ៊ីតាលីមានចំនួនអ្នកស្លាប់៦២៧នាក់ ដែលនាំឲ្យអ្នកស្លាប់សរុបឡើងដល់៤០៣២នាក់។ ករណីឆ្លងសរុបនៅប្រទេសនេះមានចំនួនជាង៤៧០០០នាក់ ស្ថិតនៅលំដាប់ទីពីរបន្ទាប់ចិន។
អេស្ប៉ាញ ឈរនៅលេខបីនៃបញ្ជីប្រទេសមានករណីឆ្លងទូទាំងពិភពលោក។ គិតត្រឹមថ្ងៃទី២០ ខែមីនា អេស្ប៉ាញមានករណីឆ្លងសរុប២៤៦២៦នាក់ ស្លាប់១៣២៦នាក់។ អាល្លឺម៉ង់វិញ បានហក់ឡើងមកលំដាប់ទីបួន ក្រោយរកឃើញករណីឆ្លងចំនួន៤៥២៨នាក់ទៀតនៅថ្ងៃដូចគ្នា ដែលនាំឲ្យតួលេខឆ្លងសរុបមាន១៩៨៤៨នាក់ និងស្លាប់៦៨នាក់។ អាមេរិក ក៏មានករណីឆ្លងខ្ទង់ម៉ឺននាក់ដែរ គឺ១៩៦៥០នាក់នៅទូទាំងប្រទេស និងមានអ្នកស្លាប់២៦៣នាក់។ នេះបើតាមវេបសាយ Worldometer ។
អ៊ីរ៉ង់ដែលជាប្រទេសរងគ្រោះជាងគេនៅមជ្ឈិមបូព៌ា នៅតែមានចំនួនអ្នកឆ្លងថ្មីច្រើនដដែល។ បច្ចុប្បន្ន អ៊ីរ៉ង់ មានអ្នកឆ្លងទាំងអស់ជិតពីរម៉ឺននាក់ និងអ្នកស្លាប់ជាង១៤០០នាក់។ បារាំងវិញ ក៏មានករណីឆ្លង COVID-19 ច្រើនដែរ។ គិតត្រឹមថ្ងៃទី២០ ខែមីនា បារាំងមានអ្នកឆ្លងសរុប១២៦០០នាក់ និងស្លាប់ចំនួន៤៥០នាក់។ កូរ៉េខាងត្បូង ដែលធ្លាប់មានករណីឆ្លងច្រើនបន្ទាប់ពីចិន មានករណីឆ្លងថ្មីចំនួនជិត៨៧០០ករណីប៉ុណ្ណោះ។
អ្វីគួរឲ្យកត់សម្គាល់ គឺចិន។ ថ្ងៃទី២០ ខែមីនា ជាថ្ងៃទីបីដែលចិនមិនមានករណីឆ្លងក្នុងស្រុក សូម្បីតែទីក្រុងវូហាន ខេត្តហ៊ូប៉ីដែលជាតំបន់កណ្ដាលនៃការឆ្លង COVID-19 ។ ប៉ុន្តែករណីនាំចូលពីប្រទេសផ្សេង ធ្វើឲ្យការឆ្លងនៅចិនមានចំនួនសរុប៨១០០០ករណី។
មកដល់ពេលនេះ ប្រទេស និងដែនដី១៨៥ហើយ ដែលអះអាងពីករណីឆ្លង ដោយសរុបមានជិត២៧៦ ០០០នាក់ ស្លាប់ជាង១១ ០០០នាក់ និងសះស្បើយជិត៩២ ០០០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com