ពីនេះ ពីនោះ
ជំនួញខ្លះ«បិទ»ដោយបុគ្គលិក ឬថៅកែខ្លាច កូវីដ១៩ ឬដោយសារអត់ម៉ូយទេ?
× ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រធានបទកូវីដ ១៩ មិនទៅណាឆ្ងាយពី សុធីរ និងសំណាង ឡើយ។ ជំនួញខ្លះបិទដោយសារអត់ម៉ូយទិញ តែជំនួញខ្លះទៀតបិទ ឬអាចនឹងបិទដោយសារតែអត់កម្មករ-បុគ្គលិកបម្រើការឲ្យក្រុមហ៊ុន ឬដោយសារម្ចាស់ជំនួញខ្លួនឯងខ្លាចជ្រុលពេក។ នេះ គឺជាបរិបទដ៏លំបាកបំផុតសម្រាប់អ្នកធ្វើជំនួញទាំងឡាយនៅក្នុងគ្រប់ប្រទេស និងនៅក្នុងប្រទេសកម្ពុជា។
សំណាង៖ អា សុធីរ! អញសង្កេតឃើញជំនួញជាច្រើន ចាប់ផ្តើមថយសកម្មភាព ហើយជំនួញខ្លះក៏បិទទ្វារតែម្តង។ អ្ហែងសង្កេតឃើញដូចអញអត់?
សុធីរ៖ ពិតណាស់ សំណាង។ បន្តបើកម៉េចកើត បើអត់ភ្ញៀវសោះហ្នឹង។ សណ្ឋាគារ អត់ភ្ញៀវ ហាងអត់ម៉ូយ ផ្សារអត់សូវមានមនុស្សដើរ។ ឲ្យគេបន្តបើកម៉េចទៅ បើស្ងាត់ដូចចោរលួចសេះហ្នឹង។ រឿងនេះ មិនមែនតែបរិបទកម្ពុជាទេណា៎។ វាជារឿងទូទៅ នៅគ្រប់ទីកន្លែងណា៎ អា សំណាង។ នៅប្រទេសខ្លះ គេប្រកាសឲ្យហាងស៊ីផឹកបិទតែម្តង។
សំណាង៖ បើហាងបិទ ចុះបុគ្គលិកបានប្រាក់ខែមកពីណា?
សុធីរ៖ បើថៅកែងាប់ហើយ បុគ្គលិកក៏ងាប់ដូចតែគ្នាហ្នឹង (ប្រាក់ខែត្រូវកាត់បន្ថយអាស្រ័យលើប្រភេទក្រុមហ៊ុន និងប្រទេសនីមួយៗ)។ ហើយរឿងហ្នឹងវាកើតឡើងគ្រប់ប្រទេសទាំងអស់ហ្នឹងណា៎។
សំណាង៖ សុធីរ! នៅស្រុកយើង អញលឺគេនិយាយថា ជំនួញខ្លះដួលបះជើងដោយសារខ្វះកម្លាំងបុគ្គលិក-កម្មករ ព្រោះ ពួកគេខ្លាច កូវីដ១៩។ តើវាមែនឬទេ?
សុធីរ៖ មិនទាន់មានច្រើនទេ តែអាចចាប់ផ្តើមមានតើ។ ជំនួញខ្លះ មិនបិទទ្វារដោយសារអត់ភ្ញៀវទេ។ តែដោយសារបុគ្គលិក-កម្មករខ្លាច កូវីដ ខ្លាំងពេក ពួកគេសុំសម្រាកពីការងារ ដូច្នេះ ជំនួញនោះ ក៏ត្រូវបង្ខំចិត្តបិទទ្វារតែម្តងទៅ។ នៅក្នុងបរិបទប្រឈមយ៉ាងដូច្នេះ ឪពុកម្តាយបុគ្គលិក-កម្មករមួយចំនួនហៅកូនចៅរបស់ពួកគេឲ្យឈប់ធ្វើការដើម្បីត្រឡប់ទៅស្រុកកំណើតវិញ ឬដើម្បីសម្រាកនៅផ្ទះតែម្តង។ ជំនួញខ្លះទៀតបិទ ដោយសារហៅកែខ្លួនឯងខ្លាចពេក។ អា សំណាង! បើតាមអញដឹងខ្លះៗពីប្រទេសនៅអឺរ៉ុប, ក្រុមហ៊ុននៅទីនោះមួយចំនួនក៏ប្រឈមនឹងកង្វះខាតបុគ្គលិកធ្វើការដែរ ព្រោះតែបុគ្គលិកភ័យខ្លាចជ្រុលខ្លាំងពេក។ ជាធម្មតា សហគ្រាសផលិតកម្មនៅអឺរ៉ុប គេមិនតម្រូវឲ្យផ្អាកដំណើរការទេ។
សំណាង៖ អ៊ីចឹង តើអ្វីទៅជាដំណោះស្រាយ អា សុធីរ?
សុធីរ៖ ដំណោះស្រាយ គឺថា ក្រុមហ៊ុនទាំងអស់មិនគួរបិទទ្វារទេ តែគួរបង្កើនការយកចិត្តទុកដាក់រក្សាសុវត្ថិភាពជូនដល់បុគ្គលិករបស់ខ្លួន។ ហើយត្រឡប់មកវិញ បុគ្គលិកខ្លួនឯង ក៏ត្រូវបង្ការខ្លួនឯងដោយចៀសវាងកុំចម្លងមេរោគពីខាងក្រៅចូលក្នុងក្រុមហ៊ុន។ នៅក្នុងដំណាក់កាលនេះ បើអាចធ្វើបាន បុគ្គលិកត្រូវកម្រិតវត្តមានខ្លួនឯងត្រឹមកន្លែងធ្វើការ និងគេហដ្ឋាន ពោល គឺត្រូវកាត់បន្ថយទំនាក់ទាក់ទំនងសង្គមផ្សេងៗទៀតដែលមិនចាំបាច់៕
© រក្សាសិទ្ធិដោយ thmeythmey.com