COVID-19
កីឡាជាតិ
ជាតិ
សន្និបាតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបានផ្អាកដោយសារ COVID-19 លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
× សន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២០ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ត្រូវបានផ្អាករៀបចំគ្មានពេលកំណត់ ដោយសារបារម្ភពីការរីករាលដាលនៃមេរោគ COVID-19។ ការផ្អាកនេះ ធ្វើឡើងក្រោយចំនួនអ្នកផ្ទុកមេរោគ COVID-19 នៅកម្ពុជា ចេះតែបន្តកើនឡើងជាបន្តបន្ទាប់។
ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃមេរោគកូរ៉ូណាប្រភេទថ្មី COVID-19 សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃទី១៨ មីនា បានចេញសេចក្តីប្រកាសព័ត៌មានដោយសម្រេចផ្អាករៀបចំសន្និបាតបូកសរុបការងារក្នុងឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២០។ សន្និបាតប្រចាំឆ្នាំមួយនេះ គ្រោងរៀបចំនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅសណ្ឋាគារ Garden City។
សេចក្តីប្រកាសព័ត៌មានដែលចុះហត្ថលេខាដោយលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់បន្ថែមថា ការផ្អាកជាបណ្តោះអាសន្ននេះ គ្មានកំណត់ពេលវេលានោះទេ។ ពោលគឺសហព័ន្ធ នឹងផ្តល់ដំណឹងពីការរៀបចំឡើងវិញនៅពេលស្ថានភាពការរីករាលដាលនៃ COVID-19 មានភាពល្អប្រសើរឡើងវិញ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បានចេញសេចក្តីប្រកាសព័ត៌មានសម្រេចផ្អាកការរៀបចំការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ និងពានរង្វាន់សម្តេច ហ៊ុន សែន និងពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម១៦ឆ្នាំ និង១៨ឆ្នាំ ក្រោមហេតុផងដូចគ្នានេះផងដែរ។
ការសម្រេចបែបនេះ ធ្វើឡើងក្រោយក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការកើនឡើងជាបន្តបន្ទាប់នៃចំនួនអ្នកផ្ទុក COVID-19 ដែលកំពុងរាតត្បាតនៅកម្ពុជា និងលើពិភពលោក។ បញ្ហាការរាតត្បាតនៃ COVID-19 នេះដែរ ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសរំសាយការប្រមូលផ្តុំក្រុមកីឡាករជម្រើសជាតិថ្នាល និងផ្អាកការរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាប្រចាំឆ្នាំ២០២០ ដោយមិនកំណត់ពេលវេលាផងដែរ៕
Tag:
បាល់ទាត់
FFC
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com