ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
២៥ខេត្ត/រាជធានី
ទោះ​មិនសូវ​កាក់កប អ្នកស្រី ប្រា ឌិន ជនជាតិដើម​ភាគតិច​ព្នង​នៅតែ​បន្តធ្វើ​តម្បាញ​ដើម្បី​រក្សា​មរតក​ដូនតា​
21, Mar 2020 , 3:19 pm        
រូបភាព
មណ្ឌលគិរី​៖ ជនជាតិដើម​ភាគតិច​ព្នង អ្នកស្រី ប្រា ឌិន រស់នៅ​ខេត្តមណ្ឌលគិរី កំពុង​ប្រក​បរបរ​ត្បាញ​កន្សែង ក្រមា និង​សម្លៀកបំពាក់​ជនជាតិដើម​ភាគតិច និង​បាន​បង្រៀន​របៀប​ត្បាញ​ដល់​យុវជន​ជនជាតិដើម​ភាគតិច​ព្នង​ជំនាន់​ក្រោយ​ផង​ដេរ​។ ស្ត្រី​វ័យ​៤០​ឆ្នាំ​រូបនេះ បាន​អះអាងថា គោលបំណង ដែល​អ្នកស្រី​បង្រៀន​ដល់​អ្នកជំនាន់ក្រោយ ព្រោះ​អ្នកស្រី ចង់ឃើញ​តម្បាញ​ប្រពៃណី​នេះ នៅតែ​រស់រានមានជីវិត​យូរអង្វែង​។​



​តម្បាញ​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​ព្នង កំពុង​ត្រូវបាន​ថែរក្សា​យ៉ាង​យកចិត្តទុកដាក់​បំ ផុត ពី​អ្នកស្រី ប្រា ឌិន ដែលជា​ជនជាតិដើម​ភាគតិច​ព្នង រស់នៅក្នុង​ភូមិ​ព្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។ ជា​អ្នកលក់ដូរ​ចាប់ហួយ​នៅផ្ទះ លក់​ផលិតផល​តម្បាញ និង​ជា​អ្នក​ត្បាញ​ផង អ្នកស្រី ប្រា ឌិន រៀប រាប់​ថា អ្នកស្រី បាន​រៀន​ត្បាញ​ជាមួយ​ម្តាយ និង​ជីដូន តាំងពី​អាយុ ១៥​ឆ្នាំ​មកម្ល៉េះ​។ មាន​ទឹកមុខ​ញញឹម​ស្រស់ អ្នកស្រី ប្រា ឌិន រំឭកថា​៖«​យើង​គាត់​(​ជីដូន​) ធ្វើ​ស្អាត​។ យើង​ឃើញ​ចឹ​ង យើង​ចង់​ចេះ​ដូច​គាត់​»​។​



​សម្រាប់ អ្នកស្រី ប្រា ឌិន តម្បាញ ជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​របស់​ជនជាតិ​ភាគ​ដើម​ភាគតិច​ព្នង​។ អ្នកស្រី ក៏​ដឹង​ទៀតថា ការបង្រៀន​ត​គ្នា គឺជា​រឿង​ចាំបាច់ និង​សំខាន់បំផុត ក្នុងការ​ថែរក្សា​ប្រពៃណី​តម្បាញ​នេះ​។ ដូច្នេះហើយ​បានជា​ជនជាតិដើម​ភាគតិច​ព្នង​រូបនេះ ឥត​រួញរា​ឡើយ ក្នុងការ​ផ្ទេរ​ចំណេះ​ត្បាញ​របស់ខ្លួន​ទៅដល់​ក្មេងៗ និង​យុវតី​ជំនាន់​ក្រោយ ឲ្យ​ចេះ​ដូច​ខ្លួន​។ «​ខ្ញុំ​បង្រៀន​ឥតគិតថ្លៃ​ទេ​។ ឲ្យ​តែ​គេ​ចង់​រៀន អីចឹង​យើង​បង្រៀន​ពួកគាត់​។ ទី​១ ខ្ញុំ​ស្រឡាញ់​ការងារ​ហ្នឹង​។ ខ្ញុំ​ចង់​ចែកចាយ​ឲ្យ​បងប្អូន​ផ្សេង ឲ្យ​ចេះ​ដូច​ខ្ញុំ​ដែរ ឲ្យ​តែ​ពួកគាត់​ចង់ ដោយសារតែ​យើង​ចេះ បើសិនជា​យើង​មិន​ចែករំលែក​ឲ្យ​ពួកគាត់​ចេះ ពួកគាត់​មិនចេះ​។ យើង​អត់​ចង់​ឲ្យ​បាត់បង់​(​តម្បាញ​) និង​ឲ្យ​ពួកគាត់​ចេះ សម្រាប់​ទៅ​ប្រកបមុខរបរ​»​។ នេះ​ជាការ​រៀបរាប់​របស់​អ្នកស្រី ប្រា ឌិន ដែល​កំពុង​បង្រៀន​ត្បាញ​ដល់​ស្ត្រី​ជនជាតិដើម​ភាគតិច​ជាច្រើន​នាក់ នៅ​បរិវេណ​ផ្ទះ​របស់ខ្លួន​។ បច្ចុប្បន្ន​មានកូន​សិស្ស​២០​នាក់​បង្រៀន​ផង និង​ត្បាញ​កន្សែង និង​សម្លៀកបំពាក់​ខ្លួនឯង​ផង​។​



​អង្គុយ​សណ្តូកជើង ចង្កេះ​ចងក្រមា​ត​ភ្ជាប់​ជាមួយ​កី របស់ អ្នកស្រី ប្រា ឌិន កំពុង​ត្បាញ​កន្សែង​យ៉ាង​ញាប់ដៃ​។ បើតាម​អ្នកស្រី ឌិន ការ​ត្បាញ​កន្សែង និង​កាបូប​ត្រូវ​ចំណាយពេល​មួយថ្ងៃ ឬ​ពីរ​ថ្ងៃ​។ រីឯ​ការ​ត្បាញ​កំណាត់​អាវ និង​សំពត់​ត្រូវ​ចំណាយពេល​មួយខែ​ឯណោះ​។ ដ្បិត​ការងារ​ប្រចាំ​ថ្ងៃមួយ​នេះ​ត្រូវ​ចំណាយ​កម្លាំង និង​ពេលវេលា​ច្រើន  ក៏ប៉ុន្តែ​សម្រាប់ អ្នកស្រី ប្រា ឌិន ការ​ត្បាញ​ដោយ​ផ្ទាល់ដៃ មានតម្លៃ ជាង​ការ​ត្បាញ​ដោយ​ម៉ាស៊ីន​។ អ្នកស្រី​រៀបរាប់​ដូច្នេះ​៖«​យើង​ធ្វើ​ផ្ទាល់ដៃ​តែម្តង យើង​អត់​មានប្រើ​ម៉ាស៊ីន ទោះបី​ម៉ាស៊ីន​យើង​ចំណេញ​ច្រើន​មែន ប៉ុន្តែ​ធ្វើ​ដៃ ដូច​មានតម្លៃ​ចំពោះ​យើង​។ ទោះ​យើង​ធ្វើ​នេះ អត់​ចំណេញ​ច្រើន​ក៏ដោយ យើង​នៅតែ​ខំប្រឹង ជួយ​ថែរក្សា​វប្បធម៌​របស់​យើង​ដែរ​»​។​



​អ្នកស្រី ប្រា ឌិន បាន​លះបង់​ពេលវេលា​ដោយ​មិន​ស្ដាយស្រណោះ​ដើម្បី​បង្រៀន​ត្បាញ​ដល់​ជនជាតិដើម​ភាគតិច​ព្នង​។ តែ​ទោះជា​យ៉ាងណា អ្នកស្រី​នៅតែ​បារម្ភ​ខ្លាច​ផលិតផល​តម្បាញ​ដែលជា​កេរដំណែល​ដូនតា​បាត់បង់ និង​ចង់ឃើញ​យុវជន​ជនជាតិដើម​ភាគតិច​ព្នង​ជំនាន់​ក្រោយ យកចិត្តទុកដាក់​ថែរក្សា​ប្រពៃណី​របស់ខ្លួន​។ ជាងនេះទៀត ស្ត្រី​ជនជាតិដើម​ភាគតិច​ព្នង រស់នៅ​ខេត្តមណ្ឌលគិរី​រូបនេះ ចង់ឃើញ​អ្នក​ដែល​ចេះ​ត្បាញ ផ្ទេរ​ចំណេះដឹង​តម្បាញ​នេះ ដល់​កូនចៅ​ជំនាន់​ក្រោយ​ផងដែរ​។​



​ក្រៅពី​ការបង្រៀន អ្នកស្រី ប្រា ឌិន ក៏​ជួយ​ទិញ​ផលិតផល​តម្បាញ ពី​ស្ត្រី​ជនជាតិដើម​ភាគតិច​នៅ​ភូមិ​ស្រុក​ផ្សេងទៀត យកមក​លក់​បន្ត​ដែរ​។ អ្នកស្រី​ពន្យល់​ដូច្នេះ​ថា​៖« បើសិនជា​ពួកគាត់​លក់ខ្លួន​ឯង​អីចឹង ពួកគាត់​លក់​មិន​ដាច់ យូរៗ​ទៅ​ពួកគាត់​ខ្ជិល​ធ្វើ ហើ​៧​ក៏​អាច​អាច​បាត់បង់​។ ខ្ញុំ​ចង់​ជួយ​លើកកម្ពស់ ដើម្បី​ជួយ​ឱ្យ​ពួកគាត់​មាន​មុខរបរ​បន្តិចបន្តួច​។ ខ្ញុំ​ចង់​ជួយ​ពួកគាត់​ឲ្យ​ខំប្រឹង​ធ្វើ ឧស្សាហ៍​ធ្វើ កុំ​ឲ្យ​បាត់បង់​។ ទោះ​ខ្ញុំ​ចំណេញ​បន្តិចបន្តួច​ក៏ដោយ  ក៏​ខ្ញុំ​បាន​ជួយ​ឲ្យ​ពួកគាត់ មានមុខ​របរ ម្យ៉ាងទៀត​ឲ្យ​ពួកគាត់​ខំប្រឹង​ធ្វើ ឲ្យ​ពួកគាត់​ថែរក្សា​។ មាន​អ្នកទិញ មាន​កន្លែង​លក់ អីចឹង​ពួកគាត់​មាន​កម្លាំង​ធ្វើ​»​។​

​អ្នកស្រី ប្រា ឌិន សង្ឃឹមថា ការ​ខំប្រឹង​របស់ខ្លួន ក្លាយជា​ចំណែក​មួយ​នៃ​ការអភិរក្ស​ប្រពៃណី​តម្បាញ​ជនជាតិដើម​ភាគតិច​៕






© រក្សាសិទ្ធិដោយ thmeythmey.com