COVID-19
អន្តរជាតិ
COVID-19៖ លោក ជេក ម៉ា បរិច្ចាគម៉ាស់និងសម្ភារចាំបាច់ឲ្យកម្ពុជានិងប្រទេស៩ទៀតនៅអាស៊ី មហាសេដ្ឋីចិន ជេក ម៉ា ពេលទស្សនាអង្គរវត្តនាពេលកន្លងមក។
× មហាសេដ្ឋីចិន លោក ជេក ម៉ា (Jack Ma) នៅថ្ងៃទី២១ ខែមីនា បានប្រកាសចែកម៉ាស់ និងសម្ភារចាំបាច់ជាច្រើនទៀតសម្រាប់ប្រទេសចំនួន១០នៅតំបន់អាស៊ី ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។ ប្រទេសទាំង១០នេះ មិនទាន់មានការឆ្លងរាលដាល COVID-19 ខ្លាំងក្លាឡើយ ប៉ុន្តែត្រូវបានមើលឃើញថា មានហានិភ័យក្នុងការឆ្លង។ នៅលើ Twitter របស់ខ្លួន អ្នកមានលំដាប់កំពូលនៅអាស៊ីរូបនេះអះអាងថា នឹងព្យាយាមបញ្ជូនសម្ភារទាំងនេះឲ្យបានលឿន។
អាហ្វហ្គានីស្ថាន បង់ក្លាដែស កម្ពុជា ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និងស្រីលង្កា ជាប្រទេសទាំង១០ ដែលមហាសេដ្ឋីចិន ជេក ម៉ា ផ្ដល់សម្ភារសម្រាប់ការទប់ទល់នឹងជំងឺផ្លូវដង្ហើម COVID-19 ។
លោក ជេក ម៉ា បានប្រកាសលើបណ្ដាញសង្គម Twitter របស់ខ្លួនថា សម្ភារបន្ទាន់សម្រាប់ទាំង១០រួមមាន ម៉ាស់១,៨លានសន្លឹក, ឧបករណ៏ធ្វើតេស្តចំនួន២១០០០០គ្រឿង, សម្លៀកបំពាក់ការពារចំនួន៣៦០០០សម្រាប់ បូករួមទាំងឧបករណ៍ស្ទង់កម្ដៅ និងឧបករណ៍បញ្ចូលខ្យល់ផងដែរ។
«ការចែកចាយឲ្យបានរហ័សមិនមែនជារឿងងាយស្រួលឡើយ។ ប៉ុន្តែយើងនឹងធ្វើបាន។» លោក ជេក ម៉ា សរសេរបែបនេះលើ Twitter នៅថ្ងៃទី២១ ខែមីនា។
នេះមិនមែនជាលើកទីមួយដែលអ្នកមានចិនរូបនេះ ចែកម៉ាស់ និងគ្រឿងបរិក្ខារចាំបាច់ដើម្បីប្រយុទ្ធនឹង COVID-19 ឡើយ។ កន្លងទៅ លោក ក៏ធ្លាប់បរិច្ចាគម៉ាស់ឲ្យអ៊ីតាលីដែលរងគ្រោះខ្លាំងនៅអឺរ៉ុប ហ្វីលីពីន រួមទាំងអាមេរិកផងដែរ៕
Tag:
COVID-19
Jack Ma
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com