COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រុមអាជីវករ​នៅ​តំបន់​ផាប់​ស្ទ្រី​ត​កំពុង​ប្រឹង​ទប់​អាជីវកម្ម​ដែល​អាច​ប្រឈម​នឹង​ការបិទទ្វារ​
21, Mar 2020 , 7:39 pm        
រូបភាព
​សៀមរាប​៖ សកម្មភាព​អាជីវកម្ម​ក្នុង​តំបន់​ផាប់​ស្ទ្រី​ត​ដែល​ស្ថិតនៅ​កណ្ដាល​ក្រុង​សៀមរាប កាន់តែ​ស្ងប់ស្ងាត់​ទៅៗ បន្ទាប់ពី​កម្ពុជា បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ជា​បន្តបន្ទាប់ និង​ក្រោយ​ពេលដែល​ថ្នាក់ដឹកនាំ​ប្រទេស​នេះ បានប្រកាស​បិទ​ការធ្វើដំណើរ​នៃ​បណ្ដា​ប្រទេស​អឺរ៉ុប​មួយចំនួន​រួចមក​។ ក្រុមអាជីវករ​ក្នុង​តំបន់​នេះ កំពុង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ទប់ទល់​នឹង​ស្ថានការណ៍​ដ៏​អាក្រក់​នេះ ខណៈពេលដែល​ការចំណាយ​ទ្វេដង​បើ​ធៀប​នឹង​ចំណូល​នាពេលនេះ​។ ពួកគេ​ប្រាប់ថា អាជីវកម្ម​ខ្លួន​ប្រឈម​នឹង​ការបិទទ្វារ​ជា​បន្តបន្ទាប់ ប្រសិនបើ​ស្ថានការណ៍​នៅ​បន្ត​អូសបន្លាយ​ទៅមុខទៀត​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​
 
 
 
​សកម្មភាព​ដ៏​មមាញឹក​នៅ​តំបន់​ផាប់​ស្ទ្រី​ត ឬ​តំបន់​ផ្សារ​ចាស់​ក្នុង​ក្រុង​សៀមរាប ប្រែជា​ស្ងប់ស្ងាត់​។ តំបន់​ដែល​ធ្លាប់តែ​ឮ​តន្ត្រី​អ៊ូអរ ប្រគំ​កំដរ​ភ្ញៀវទេសចរ​មកពី​គ្រប់​ជាតិ​សាសន៍​ដែល​និយម​ដើរ​លំហែ​នាពេល​រាត្រី បែរជា​ឮ​ល្វើយៗ​ពី​ភោជនីយដ្ឋាន​មួយចំនួន ដែល​កៅអី​នៅ​ស្រឡះ​ធេង មាន​ត្រឹម​បុគ្គលិក​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​កំពុង​ឈរ​ហៅភ្ញៀវ​។ ម៉ោង​៦​ល្ងាច​ទៅហើយ សកម្ម​ភាពមិន​អ៊ូអរ​ដូចពេលមុនៗ​ឡើយ គឺ​ទេសចរ​មាន​ជម្រើស​ច្រើន ក្នុងការ​ជ្រើសរើស​តុ​អង្គុយ​។​
 
​ស្ថានភាព​បែបនេះ ត្រូវបាន​កត់សម្គាល់ថា កើតឡើង​តាំងពី​ករណី​ផ្ទុះឡើង​ថ្មីៗ​នៃ​ជំងឺ​កូ​វីដ​១៩​មក​ម្លេះ ដែល​មកដល់ពេលនេះ ជំងឺ​នេះ​បាន​អង្រួន​សេដ្ឋកិច្ចពិភពលោក​។ ភ្ញៀវទេសចរ​លែង​ធ្វើដំណើរ​ចេញ​ក្រៅប្រទេស ដោយ​បារម្ភ​ឆ្លង​ជំងឺ​ថ្មី​នេះ​។​


 
​កញ្ញា ណា​រី បុគ្គលិក​ក្នុង​ហាង​ម៉ាស្សា​មួយកន្លែង​ក្នុង​តំបន់​ផាប់​ស្ទ្រី​ត​បាន​និយាយថា ការធ្លាក់ចុះ​អតិថិជន​ក្នុង​ហាង​របស់ខ្លួន គឺ​មុន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ក្នុង​ខេត្តសៀមរាប​។ បុរស​ជនជាតិខ្មែរ​មួយរូប ត្រូវបាន​រកឃើញថា​ឆ្លង​ជំងឺ​នេះ​ពី​ថៅកែ​ជា​ជនជាតិ​ជប៉ុន​ដែល​បើក​សាលារៀន​នៅ​ក្រុង​សៀមរាប ក្រោយ​មាន​ប្រវត្តិ​ធ្វើដំណើរ​នៅ​បរទេស​ច្រើន និង​បាន​តេស្ត​ឃើញ​ជំងឺ​ថ្មី​នេះ​នៅ​ប្រទេស​ជប៉ុន​។ កញ្ញា ណា​រី បន្ថែមថា ហាង​មួយចំនួន​នៅក្បែរៗ​នោះបាន​បិទទ្វារ​ជា​បន្តបន្ទាប់ ដោយ​ទ្រាំទ្រ​នឹង​ការខាតបង់​មិន​រួច​។​
 
​តាម​ការប៉ាន់ស្មាន​រប​ស់ក​ញ្ញា ណា​រី ហាង​របស់​នាង​បាត់​ភ្ញៀវ​ប្រមាណ​៦០​ភាគរយ ដែល​កន្លងមក​មាន​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​ចេញចូល តែ​បច្ចុប្បន្ន​នៅសល់​ទេសចរ​ប៉ែក​អឺរ៉ុប​មួយៗ​ប៉ុណ្ណោះ​។ កំពុងស្ថិត​ក្នុងស្ថានភាព​ស្រ​ពិ​ក​ស្រពិល តើ​អាជីវកម្ម​ហាង​ម៉ាស្សា​ដែល​ឈរជើង​ច្រើន​ឆ្នាំ​ក្នុង​តំបន់​ដ៏​មមាញឹក​នេះ អាច​នឹងត្រូវ​បិទទ្វារ​ឬ​យ៉ាងណា​? កញ្ញា ណា​រី បញ្ជាក់ថា កំពុង​មើល​ស្ថានការណ៍​បន្តទៀត ថា​តើ​អាច​នឹង​ស្ងប់ស្ងាត់​ទៅវិញ​នៅពេលណា​។ ក្នុង​កាលៈទេសៈ​នេះ ម្ចាស់ផ្ទះ​ក៏បាន​ព្រមព្រៀង​បញ្ចុះតម្លៃ​ដល់​អ្នក​ជួល​ដែរ ពិសេស​ក្នុង​តំបន់​ផាប់​ស្ទ្រី​ត ដែល​តម្លៃ​ជួល​ខ្ពស់​ខ្លាំង ក្នុងនោះ​ក៏មាន​ហាង​ម៉ាស្សា ដែល​កញ្ញា ណា​រី​កំពុងធ្វើការ​ផង​។​
 
​រីឯ​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​របស់​អ្នកស្រី សំបូរ ស្ថិតនៅ​ជ្រុង​ខាងកើត​ផ្សារ​ចាស់​នោះ​វិញ ក៏​កំពុង​ពិបាក​ដែរ​។ អ្នកស្រី​ប្រាប់ថា កំពុង​បារម្ភ​នឹង​អាជីវកម្ម​ដែល​ឈរជើង​បាន​៤​ឆ្នាំ​មកហើយ​នេះ ថា​អាច​នឹង​ទ្រាំទ្រ​ទៅនឹង​ស្ថានការណ៍​នេះ​ដល់​ពេលណា​ទៀត​។ «​ចំណូល​មិនអាច​ទប់​ចំណាយ​រាល់ថ្ងៃ​បានទេ យើង​បាន​ចរចា​ជាមួយ​ម្ចាស់ផ្ទះ​ដែរ ឱ្យ​បន្ធូ​បន្ថយថ្លៃ​ជួល​ខ្លះ តែ​យើង​មិនទាន់​ដឹងថា​គាត់​សម្រេច​យ៉ាងណាទេ  ចង់ឱ្យ​ជ្ញា​ធរ​ជួយ​សម្រួល​ការងារ​នេះ​ជាមួយ​ម្ចាស់ផ្ទះ​ដែរ  អាជីវកម្ម​ទៅមុខទៀត​យើង​មើល​មិនដឹង​ទេ​ថា​តើ​អាច​ទប់ទល់​បាន​យ៉ាងណា​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​ពី​អ្នកស្រី សំបូរ​។​
 


 
​យុវជន វិ​ច្ឆ័​យ មានរ​បរជា​អ្នកដើរ​លក់​វែ​នតា​ការពារ​កម្ដៅថ្ងៃ​ក្នុង​តំបន់​នេះ​ក៏​រអ៊ូ​ពី​ការធ្លាក់​ភ្ញៀវ​ដែរ​។ ធ្លាប់​លក់បាន​ក្នុង​មួយថ្ងៃ​បាន​ខ្ទង់​៣០​ដុល្លារ ធ្លាក់​មក​សល់​១០​ដុល្លារ ឬ​ថ្ងៃ​ខ្លះ​រក​មិនបាន​ផង​ក៏មាន ធ្វើឱ្យ វិ​ច្ឆ័​យ ត្រូវ​ដើរ​លក់​ច្រើន​ម៉ោងជាង​រាល់ដង​ដើម្បី​បាន​លុយ​ខ្លះ​ត្រឡប់ទៅផ្ទះ​ជួល​វិញ​។ «​ពីមុន​លក់​ពី​ម៉ោង​១០ ដល់​ម៉ោង​៥​រសៀល ឥឡូវ​អត់​ភ្ញៀវ​អ៊ីចឹង រៀង​នៅ​យូរ​បន្ដិច​»​។ វិ​ច្ឆ័​យ បន្ថែម​។​
 
​អ្នកគ្រប់គ្រង​ហាង​ការ៉េម​ឆា​មួយកន្លែង យុវជន រដ្ឋ បង្ហាញ​ទឹកមុខ​ស្រពោន​ពេល​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​។ តាំងពី​ដើមខែ មីនា មកហើយ ដែល​ការលក់ដូរ​នៅ​ហាង​នេះ​មាន​សភាព​ស្ងប់ស្ងាត់​។ រដ្ឋ ប្រាប់ថា ខ្លួន​ធ្លា​ប់លក់​ការ៉េម​ឆា​ក្នុង​មួយ​យប់​បាន​៥០​ទៅ​៦០​កែវ ធ្លាក់​មក​នៅត្រឹម​១០​កែវ ឬ​យប់​ខ្លះ​លក់​មិន​ដាច់​ក៏មាន​។ រដ្ឋ បន្ថែមថា​៖« បរទេស​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ចេះតែ​ធ្លាក់​ទៅៗ​ទប់ទល់​ចំណាយ​មិន​បានទេ ព្រោះ​តម្លៃ​ថ្លៃ ការធ្លាក់​នេះ​ចាប់ពី​ដើមខែ ៣​មក ហាង​ការ៉េម​ឆា​យើង​ទើបនឹង​លក់បាន​២​ឆ្នាំនេះ​ទេ តែ​ហាង​ម៉ាស្សា​ដែលមាន​ថៅកែ​តែមួយ​នេះ បើក​បាន​៦ ទៅ​៧​ឆ្នាំ​ហើយ​»​។​
 
​ដូច​អ្នកលក់​ឯទៀត​ខាងលើ​ដែរ រដ្ឋ ប្រាប់ថា បើ​ស្ថានការណ៍​នៅ​អូសបន្លាយ យ៉ាងយូរ​អាជីវកម្ម​កា​រ៉េ​ម​ឆា ឬ​ហាង​ម៉ាស្សា អាច​នឹង​ប្រឈមមុខ​បិទទ្វារ ព្រោះថា​ការចំណាយ​ច្រើនសន្ធឹក​ទាំង​តម្លៃ​ទីតាំង និង​បុគ្គលិក​៕




 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com