ពីនេះ ពីនោះ
ត្រីក្រុសម៉េម៉ាយ មានរស់នៅក្នុងបឹងទន្លេសាប ទន្លេ ស្ទឹង ព្រែក ដែលមានទឹកហូរយឺតៗ និងនៅស្រទាប់បាតក្រោមមានភក់ ខ្សាច់ ត្រីក្រុសម៉េម៉ាយ។ រូបភាព៖ សៀវភៅមគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាន នៃរដ្ឋបាលជលផល
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីមានស្រកាមួយប្រភេទ ដែលជាប្រភេទត្រីទឹកសាប មានរស់នៅក្នុងទ្វីបអាស៊ី នៅក្នុងទន្លេមេគង្គ និងទន្លេចៅប្រាយ៉ា ឧបទ្វីបម៉ាឡេ កោះស៊ូម៉ាត្រា កោះជ្វា បូណេអូ ទន្លេសាល់វីន ក្នុងប្រភេទមីយ៉ាន់ម៉ា ទន្លេមេខ្លងក្នុងប្រទេសថៃ និងនៅក្នុងប្រភេទចិន។
ត្រីក្រុសមេម៉ាយ មានឈ្មោះវិទ្យាសាស្ត្រ (Osteochilus vittatus) និងឈ្មោះជាភាសាអង់គ្លេស Bonylip barb មានស្តង់ដាប្រវែងដងខ្លួនអតិបរមាសរុប ៣២.០ស.ម និងស្តង់ដាប្រវែងដងខ្លួនទូទៅ ២០.០ស.ម។ វារស់នៅក្នុងបឹងទន្លេសាប ទន្លេ ស្ទឹង ព្រែក ដែលមានទឹកហូរយឺតៗ និងនៅស្រទាប់បាតក្រោមមានភក់ ខ្សាច់។ វាធ្វើចរាចរផ្លាស់ទីចេញពីទន្លេចូលទៅក្នុងតំបន់វាលទំនាបលិចទឹក អំឡុងពេលទឹកជំនន់ និងត្រឡប់ចូលទៅទីជម្រកដើមក្នុងទន្លេវិញ នៅចុងរដូវទឹកជំនន់។ ត្រីក្រុសមេម៉ាយជំទង់ ជាទូទៅឃើញមានជាលើកដំបូងនៅក្នុងខែសីហា ពួកវាវិលត្រឡប់ចូលទៅទីជម្រកដើមវិញ ខណៈតាមតំបន់វាលទំនាបលិចទឹករីងហួត។ វា ស៊ីស្លែ កម្ទេចកម្ទី ប្លង់តុងរុក្ខជាតិ ប្លង់តុងសត្វ និងជន្លេនជាអាហារ។
លក្ខណៈសម្គាល់៖ មានព្រុយទ្រនង់ខ្នងទន់មានចំនួន ១៧-១៩ទ្រនង់។ ព្រុយទន់នៅគូទ មានចំនួន៨ ទ្រនង់។ ខុសប្លែកពីត្រីផ្សេងទៀត ដែលស្ថិតនៅក្នុងពួកតែមួយ ព្រុយខ្នងរបស់ត្រីក្រុសមេម៉ាយ មានទ្រនុងព្រុយបែក ចំនួន ១២-១៨ ទ្រនុង មានស្នាមអុតខ្មៅ និងពណ៌ទឹកក្រូចមួយចំនួននៅតាមបណ្តោយជួរស្រកា និងមានស្នាមអុតខ្មៅធំមួយទៅក្បែរគល់កន្ទុយ។ វាគ្មានខ្សែឆ្នូតនៅជំហៀងដងខ្លួនឡើយ។
បញ្ហាប្រឈមចំពោះត្រីប្រភេទនេះ មានដូចជា៖ ការបាត់បង់ទីជម្រក និងការនេសាទហួសកម្រិត។ ក្នុងនោះផងដែរ ការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ ជាពិសេសការប្រើឧបករណ៍ឆក់ក្តៅ ឆក់ត្រជាក់ ដែលជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ។
ដកស្រង់ចេញពីប្រភព៖ មគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា, fishbase.org និង iucnredlist.org
© រក្សាសិទ្ធិដោយ thmeythmey.com