អន្តរជាតិ
អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី សិក្សា​ពី​របៀប​ដែល​ខ្លួន​មនុស្ស​ប្រយុទ្ធ​នឹង​COVID-19
21, Mar 2020 , 8:39 pm        
រូបភាព
​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅឯ​ប្រទេស​អូស្ត្រាលី បាន​និយាយថា​ពួកគេ​រកឃើញ​វិធីសាស្ត្រ​ដែល​ប្រព័ន្ធ​កា​ពារ​រា​ង្គ​កាយ (immune system) របស់​មនុស្ស​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ផ្លូវដង្ហើម COVID-19 ដែល​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស​ចិន​។ ការពិសោធ​របស់​ពួកគេ ដែល​ត្រូវបាន​ចុះផ្សាយ​នៅក្នុង Nature Medicine Journal កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ បាន​បង្ហាញថា មនុស្ស​ជាច្រើន បាននិងកំពុង​ជាសះស្បើយ​ពី​វីរុស​មួយ​នេះ ដូច​ជាការ​ជាសះស្បើយ​ពី​ជំងឺ​ផ្តាសាយធំ​ធម្មតា​ដែរ​។

 
 
​សារព័ត៌មាន​អង់គ្លេស BBC កាលពី​ថ្ងៃទី​១៧ ខែមីនា បាន​ចុះផ្សាយ​ថា ការយល់ដឹង​ពី​វត្តមាន​នៃ​ប្រភេទ​ប្រព័ន្ធ​ការពារ​របស់​មនុស្ស​នៅពេល​មាន​វីរុស​ចូលទៅក្នុង​ខ្លួន គឺជា​វិធីសាស្ត្រ​ដ៏​សំខាន់​មួយ​ក្នុង​ការផលិត​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព​។​
 
​នៅ​ជុំវិញ​ពិភពលោក ប្រមាណ​ជា​១៦០​ពាន់​ករណី​នៃ​ការឆ្លង​ជំងឺ COVID-19 ត្រូវបាន​គេ​រកឃើញ ដែល​ក្នុងនោះ​មាន​អ្នកស្លាប់​ប្រមាណ​ជា​៦៥០០​នាក់​។ សហ​អ្នកនិពន្ធ​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ​នេះ សាស្ត្រាចារ្យ​នៃ​វិទ្យាស្ថាន Peter Doherty អ្នកស្រី Katherine Kedzierska បាន​និយាយថា​៖«​ការរកឃើញ​នេះ​ពិតជា​សំខាន់​ណាស់ ពីព្រោះ​នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​យើង​អាច​តាមដាន​ដឹង​ពី​របៀប​ដែល​ប្រព័ន្ធ​ការពារ​រា​ង្គ​កាយ​របស់​មនុស្ស​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​វីរុស​កូ​រ៉ូ​ណា​»​។ 
 
​នៅពេល​ដែលមាន​មនុស្ស​ជាសះស្បើយ​ពី​វីរុស​មួយ​នេះ គេ​អាច​ដឹងបាន​ថា​ខ្លួនប្រាណ​មនុស្ស​កំពុងតែ​ប្រើប្រាស់​ប្រព័ន្ធ​ការពារ​របស់ខ្លួន​ក្នុងការ​ប្រយុទ្ធ​នឹង​វីរុស​។ អ្នកជំនាញ​បានធ្វើការ​ត្រួតពិនិត្យ​អ្នកជំងឺ​ដែលមាន​រោគសញ្ញា​ពី​កម្រិត​តិចតួច​ទៅកាន់​កម្រិត​មធ្យម​។ 
 
​តួយ៉ាង ស្ត្រី​អាយុ​៤៧​ឆ្នាំ​មួយរូប​មកពី​ទីក្រុង​វូ​ហាន បានមក​ស្នាក់​នៅក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស​អូស្ត្រាលី​។ ស្ត្រី​មួយរូប​នេះ​បានជា​សះស្បើយ​ឡើងវិញ​ក្នុង​រយៈពេល​១៤​ថ្ងៃ​។ ការសិក្សា​បានបញ្ជាក់​ថា បី​ថ្ងៃមុន​ពេលដែល​ស្ត្រី​ម្នាក់នេះ​ត្រៀម​នឹង​ជាសះស្បើយ អ្នកជំនាញ​បាន​រកឃើញ​កោសិកា​ពិសេស​ម្យ៉ាង​មក​មាន​វត្តមាន​នៅក្នុង​សរសៃឈាម​។ បើ​និយាយ​អំពី​អ្នក​ដែល​កើតមាន​ជំងឺ​ផ្តាសាយធំ​វិញ កោសិកា​ពិសេស​នេះ​ក៏មាន​វត្តមាន​ក្នុង​ពេលវេលា​ប្រហាក់ប្រហែលគ្នា​ជាមួយនឹង​អ្នក​ដែល​ផ្ទុក​វីរុស COVID-19 នេះដែរ​។ 
 
«​ការដឹង​ពី​ពេលវេលា និង​សកម្មភាព​របស់​ប្រព័ន្ធ​ការពារ​រា​ង្គ​កាយ អាច​ផ្តល់​ជា​តម្រុយ​ឲ្យ​យើង​ដឹង​ពី​សកម្មភាព​របស់​វីរុស​ផងដែរ​» នេះ​ជាការ​លើកឡើង​របស់​សាស្ត្រាចារ្យ Bruce Thompson នៃ​សកល​វិទ្យាល័យ​បច្ចេកវិទ្យា Swinburne ។ លោក​បាន​បន្តទៀតថា ការដឹង​ពី​ដំណាក់កាល​នៃ​ការប្រយុទ្ធ​របស់​ប្រព័ន្ធ​ការពារ​រា​ង្គ​កាយ អាចធ្វើ​ឲ្យ​យើង​មាន​រូបភាព​កាន់តែច្បាស់​អំពី​ដំណាក់កាល​នៃ​ការ​ជាសះស្បើយ​របស់​អ្នកជំងឺ​។ 
 
​ទាក់ទិន​នឹង​រឿងនេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អូស្ត្រាលី​ក៏បាន​និយាយ​ផងដែរ​ថា ការរកឃើញ​នេះ​អាច​ព​ន្លឿ​ន​ការផលិត​វ៉ាក់សាំង និង​វិធី​ព្យាបាល​ផ្សេងៗ​ទៀត​ទៅកាន់​អ្នក​ដែល​កំពុង​ផ្ទុក​វីរុស​។ ទន្ទឹមនេះ សាស្ត្រាចារ្យ អ្នកស្រី Katherine ក៏បាន​បន្ថែមទៀតថា ជំហាន​បន្ទាប់​នៃ​ការសិក្សា​គឺ​ការពិនិត្យ​មើលទៅ​លើ​មូលហេតុ​ដែល​នាំ​ឲ្យ​ប្រព័ន្ធ​ការពារ​រា​ង្គ​កាយ​ចុះខ្សោយ​ខ្លាំង​នៅក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​។ ជាពិសេស​គឺ​ការកំណត់​ភាពខុសគ្នា​រវាង​អ្នក​ដែល​បានជា​សះស្បើយ​ពី​វីរុស និង​អ្នក​ដែល​បានទទួល​ភាព​ធ្ងន់ធ្ងរ ឬ​ស្លាប់​ដោយសារ​វីរុស​៕

© រក្សាសិទ្ធិដោយ thmeythmey.com