កីឡាអន្តរជាតិ
អន្តរជាតិ
ភ្នាក់ងារ​កីឡាករ​ល្បីឈ្មោះ Raiola ថា​នឹង​នាំ Pogba ទៅ Real Madrid នៅ​ឆ្នាំនេះ​
21, Mar 2020 , 9:39 pm        
រូបភាព
​លោក Mino Raiola អះអាងថា​លោក​មានបំណង​នាំយក​កីឡាករ​ឆ្នើម​ម្នាក់​ទៅកាន់​ក្រុម​យក្ស Real Madrid នៅ​ឆ្នាំនេះ​។ ការលើកឡើង​ដូច្នេះ ស្របពេល​ភ្នាក់ងារ​ទិញដូរ​កីឡាករ​រូបនេះ​បានធ្វើ​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ជាថ្មី​អំពី​ការចាកចេញ​របស់​ខ្សែបម្រើ Paul Pogba ពី​ក្រុម Manchester United​។​


 
Pogba ត្រូវបាន​គេ​រាយការណ៍​ថា​ជា​គោលដៅ​សំខាន់​សម្រាប់​លោក Zinedine Zidane ដែលជា​មិត្ត​រួម​ជាតិ​បារាំង​យូរ​មកហើយ​ដោយ​ចង់​នាំយក​ខ្សែបម្រើ​ដ៏​មាន​ទេពកោសល្យ​រូបនេះ​ទៅកាន់​ទឹកដី Santiago Bernabeu​។​
 
​ទន្ទឹមគ្នា​នេះដែរ Pogba ខ្លួនឯង​និង Raiola មិនបាន​ធ្វើ​ឲ្យ​អាថ៌កំបាំង​នៃ​បំណងប្រាថ្នា​របស់​ខ្សែបម្រើ​ឆ្នើម​ក្រុម​ជម្រើសជាតិ​បារាំង វ័យ ២៧ ឆ្នាំ​សម្រាប់​ការប្រកួតប្រជែង​ថ្មី​របស់ខ្លួន​ទេ ខណៈ​ភ្នាក់ងារ​រូបនេះ​ក៏​ធ្លាប់បាន​លើកឡើងថា​កិច្ចសន្យា​ថ្មី​នៅ Man Utd មិនមែនជា​រនាំង​រប​ស់ Real Madrid ឡើយ​។​
 
​កិច្ចសន្យា​បច្ចុប្បន្ន​របស់ Pogba នៅ Old Trafford នឹង​ផុតកំណត់​នៅ​ឆ្នាំក្រោយ ប៉ុន្តែ​បិសាច​ក្រហម​នៅមាន​ជម្រើស​ក្នុងការ​ពង្រីក​កិច្ចព្រមព្រៀង​បន្ថែម​ក្នុង​រយៈពេល ១២ ខែ​ទៀត​។ យ៉ាងណា លទ្ធភាព​ចាកចេញ​របស់ Pogba មាន​ភាគរយ​ច្រើន ហើយ​លោក Raiola អះអាងថា រដ្ឋធានី​អេ​ស្ប៉ា​ញ​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​រូបគេ​។​
 
«Pogba កំពុង​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​មួយ​។ ប៉ុន្តែ​សូម​ឲ្យ​ខ្ញុំ​ដឹង​ច្បាស់​ព្រោះ​នៅ​អង់គ្លេស​ពួកគេ​មាន​ភាព​រសើប​ខ្លាំងណាស់ Pogba កំពុង​ផ្តោតអារម្មណ៍​ដើម្បី​បញ្ចប់​រដូវ​កាល​ដ៏​អស្ចារ្យ​ជាមួយ​ក្រុម Man Utd​។ លោក Raiola បាន​ប្រាប់​កាសែត Marca ដូច្នេះ​។​
 
​ភ្នាក់ងារ​ទិញដូរ​កីឡាករ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បន្ថែមថា Pogba ចង់​ចូល​ក្រុម​ម្តងទៀត​ដើម្បី​បញ្ចប់​រដូវ​កាល​ដ៏​អស្ចារ្យ និង​ជួយ Man Utd ដណ្តើម​កៅអី Champions League រដូវ​កាល​ក្រោយ​។​
 
​លោក Raiola បន្តថា​៖ «​ទំនាក់ទំនង​របស់ខ្ញុំ​ជាមួយ Real Madrid គឺ​ល្អ​ណាស់​។ ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​លោក Jose Angel ដែលជា​អគ្គនាយក​។ ខ្ញុំ​សង្ឃឹមថា​ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​អាច​នាំ​កីឡាករ​ឆ្នើម​ម្នាក់​ទៅកាន់​ទៅ​ទីនោះ​។ ឥឡូវនេះ​ខ្ញុំ​បាន នាំ​អ្នកចាំទី Alphonse Areola ពី PSG ទៅ Real ប៉ុន្តែ​ត្រឹម​លក្ខខណ្ឌ​ខ្ចី​ជើង​ប៉ុណ្ណោះ​។ ខ្ញុំ​នឹង​យក​កីឡាករ​បាល់ទាត់​ម្នា​ក់នៅ​ទីនោះ​ឲ្យ​បាន ហើយ​ខ្ញុំ​នឹង​ព្យាយាម​នៅ​រដូវក្តៅ​នេះ​តែម្តង​។ Real Madrid ជា​ក្លិប​ដ៏​អស្ចារ្យ​លើ​លោក​»​។​
 
​ការចាកចេញ​ពី​ក្រុម​យក្ស​នៅ​អង់គ្លេស​របស់ Pogba ពិតជា​មានលទ្ធភាព​ខ្ពស់ ដ្បិត​តំណែង​នៅ​តំបន់​បម្រើ​របស់​ក្រុម​លោក Ole Gunnar Solskjær សព្វថ្ងៃ​របស់​អតីត​សមាជិក​ក្រុម Juventus រូបនេះ ត្រូវបាន​សមាជិក​ថ្មី Bruno Fernandes ជំនួស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​៕

Tag:
 Mino Raiola
  Paul Pogba
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com