កីឡាអន្តរជាតិ
អន្តរជាតិ
ភ្នាក់ងារកីឡាករល្បីឈ្មោះ Raiola ថានឹងនាំ Pogba ទៅ Real Madrid នៅឆ្នាំនេះ
× លោក Mino Raiola អះអាងថាលោកមានបំណងនាំយកកីឡាករឆ្នើមម្នាក់ទៅកាន់ក្រុមយក្ស Real Madrid នៅឆ្នាំនេះ។ ការលើកឡើងដូច្នេះ ស្របពេលភ្នាក់ងារទិញដូរកីឡាកររូបនេះបានធ្វើឲ្យមានពាក្យចចាមអារ៉ាមជាថ្មីអំពីការចាកចេញរបស់ខ្សែបម្រើ Paul Pogba ពីក្រុម Manchester United។
Pogba ត្រូវបានគេរាយការណ៍ថាជាគោលដៅសំខាន់សម្រាប់លោក Zinedine Zidane ដែលជាមិត្តរួមជាតិបារាំងយូរមកហើយដោយចង់នាំយកខ្សែបម្រើដ៏មានទេពកោសល្យរូបនេះទៅកាន់ទឹកដី Santiago Bernabeu។
ទន្ទឹមគ្នានេះដែរ Pogba ខ្លួនឯងនិង Raiola មិនបានធ្វើឲ្យអាថ៌កំបាំងនៃបំណងប្រាថ្នារបស់ខ្សែបម្រើឆ្នើមក្រុមជម្រើសជាតិបារាំង វ័យ ២៧ ឆ្នាំសម្រាប់ការប្រកួតប្រជែងថ្មីរបស់ខ្លួនទេ ខណៈភ្នាក់ងាររូបនេះក៏ធ្លាប់បានលើកឡើងថាកិច្ចសន្យាថ្មីនៅ Man Utd មិនមែនជារនាំងរបស់ Real Madrid ឡើយ។
កិច្ចសន្យាបច្ចុប្បន្នរបស់ Pogba នៅ Old Trafford នឹងផុតកំណត់នៅឆ្នាំក្រោយ ប៉ុន្តែបិសាចក្រហមនៅមានជម្រើសក្នុងការពង្រីកកិច្ចព្រមព្រៀងបន្ថែមក្នុងរយៈពេល ១២ ខែទៀត។ យ៉ាងណា លទ្ធភាពចាកចេញរបស់ Pogba មានភាគរយច្រើន ហើយលោក Raiola អះអាងថា រដ្ឋធានីអេស្ប៉ាញជាកន្លែងល្អបំផុតសម្រាប់រូបគេ។
«Pogba កំពុងឆ្លងកាត់ពេលវេលាដ៏លំបាកមួយ។ ប៉ុន្តែសូមឲ្យខ្ញុំដឹងច្បាស់ព្រោះនៅអង់គ្លេសពួកគេមានភាពរសើបខ្លាំងណាស់ Pogba កំពុងផ្តោតអារម្មណ៍ដើម្បីបញ្ចប់រដូវកាលដ៏អស្ចារ្យជាមួយក្រុម Man Utd។ លោក Raiola បានប្រាប់កាសែត Marca ដូច្នេះ។
ភ្នាក់ងារទិញដូរកីឡាករសញ្ជាតិអ៊ីតាលីរូបនេះបន្ថែមថា Pogba ចង់ចូលក្រុមម្តងទៀតដើម្បីបញ្ចប់រដូវកាលដ៏អស្ចារ្យ និងជួយ Man Utd ដណ្តើមកៅអី Champions League រដូវកាលក្រោយ។
លោក Raiola បន្តថា៖ «ទំនាក់ទំនងរបស់ខ្ញុំជាមួយ Real Madrid គឺល្អណាស់។ ខ្ញុំមានទំនាក់ទំនងជាមួយលោក Jose Angel ដែលជាអគ្គនាយក។ ខ្ញុំសង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងអាចនាំកីឡាករឆ្នើមម្នាក់ទៅកាន់ទៅទីនោះ។ ឥឡូវនេះខ្ញុំបាន នាំអ្នកចាំទី Alphonse Areola ពី PSG ទៅ Real ប៉ុន្តែត្រឹមលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ។ ខ្ញុំនឹងយកកីឡាករបាល់ទាត់ម្នាក់នៅទីនោះឲ្យបាន ហើយខ្ញុំនឹងព្យាយាមនៅរដូវក្តៅនេះតែម្តង។ Real Madrid ជាក្លិបដ៏អស្ចារ្យលើលោក»។
ការចាកចេញពីក្រុមយក្សនៅអង់គ្លេសរបស់ Pogba ពិតជាមានលទ្ធភាពខ្ពស់ ដ្បិតតំណែងនៅតំបន់បម្រើរបស់ក្រុមលោក Ole Gunnar Solskjær សព្វថ្ងៃរបស់អតីតសមាជិកក្រុម Juventus រូបនេះ ត្រូវបានសមាជិកថ្មី Bruno Fernandes ជំនួសបានយ៉ាងមានប្រសិទ្ធភាព៕
Tag:
Mino Raiola
Paul Pogba
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com