COVID-19
ជាតិ
តំណាងរាស្រ្តអាមេរិកម្នាក់ធ្លាប់ស្នើច្បាប់ដាក់ទណ្ឌកម្មកម្ពុជា អរគុណសម្តេច ហ៊ុន សែន ដែលឲ្យ Westerdam ចូលចត
21, Mar 2020 , 5:25 pm        
រូបភាព
លោក ថេត យូហូ (Ted Yoho) តំណាងរាស្រ្តអាមេរិកម្នាក់ ពីគណបក្សសាធារណរដ្ឋ ដែលតែងតែរិះគន់រដ្ឋាភិបាលកម្ពុជា ហើយក៏ធ្លាប់ជាអ្នកផ្តួចផ្តើមគំនិតតាក់តែងច្បាប់ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាដែរនោះ បានសរសេរលិខិតថ្លែងអំណរគុណ ជូនមកសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿងរបស់អាមេរិកឈ្មោះ Westerdam ចូលនាពេលកន្លងមក ទាំងដែលប្រទេស ដែនដី និង កោះមួយចំនួន មិនហ៊ានឲ្យចូលចត ព្រោះខ្លាចការរាលដាលនៃវីរុសកូវីដ-១៩។



ក្រសួងការបរទេសកម្ពុជា បានបង្ហោះលិខិតរបស់លោក ថេត យូហូ លើទំព័រហ្វេសប៊ុកនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។ លោក ថេត យូហូ ដែលគេសង្កេតឃើញថា តែងមានទំនងជិតស្និទ្ធជាមួយលោក សម រង្ស៊ី បានសរសេរក្នុងលិខិតនោះ យ៉ាងដូច្នេះថា៖«បដិសណ្ឋារកិច្ចរបស់សម្តេច ក្នុងការផ្តល់កន្លែងសុវត្ថិភាពដល់នាវានេះ និងអនុញ្ញាតឲ្យបុគ្គលិកស្ថានទូតយើង បាននាំពលរដ្ឋអាមេរិកជាង៦០០នាក់ ឲ្យទទួលបានសុវត្ថិភាព គឺជាគំរូសាមគ្គីដ៏ល្អសម្រាប់អន្តរជាតិ»។

តំណាងរាស្រ្តអាមេរិករូបនេះ ដែលធ្លាប់បង្ហាញការគាំទ្រដល់ក្រុមអ្នកប្រឆាំងនៅកម្ពុជា និយាយមកកាន់តសម្តេច ហ៊ុន សែន ក្នុងលិខិតនោះទៀតថា៖«...ទោះបីជាយើង អាចមានគំនិតខ្វែងគ្នាលើបញ្ហាសំខាន់ៗមួយចំនួនក៏ដោយ តែខ្ញុំ រីករាយដែលប្រទេសយើងទាំងពីរ នៅតែអាចសម្របសម្រួលហើយសហការគ្នា នៅពេលមានបញ្ហាសំខាន់បំផុត»។

ចំណែកលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ក៏បានអរគុណប្រទេសកម្ពុជាដែរ ចំពោះការឲ្យវានា Westerdam ចូលចត។ តាមរយៈសារ ដែលបង្ហោះសារលើបណ្តាញសង្គមហ្វេប៊ុក និង Twitter កន្លងមក លោកប្រធានាធិបតី បានហៅកម្ពុជា ថា ជាប្រទេសដ៏ស្រស់ស្អាត និងបានសរសេរថា អាមេរិក នឹងចងចាំទង្វើល្អរបស់កម្ពុជា។

នាវា Westerdam បានចូលចតនៅកំពង់ផែព្រះសីហនុ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២០។ លើនាវានោះ មានអ្នកដំណើរជាង១,៤ពាន់នាក់ និងបុគ្គលិកបម្រើការងារជាង៨០០នាក់។ អ្នកដំណើរច្រើនជាងគេ លើនាវានេះ គឺជនជាតិអាមេរិក។

ក្រោយចេញពីនាវា Westserdam វិលទៅប្រទេសរៀងៗខ្លួន ពុំមានសេចក្តីរាយការណ៍ណាមួយ ថា ក្នុងចំណោមពួកគេ មានអ្នកឆ្លងវីរុសកូវីដ-១៩នោះទេ។ មានតែស្រ្តីអាមេរិកវ័យ៨៣ឆ្នាំម្នាក់ប៉ុណ្ណោះ ដែលត្រូវបានម៉ាឡេស៊ី ប្រកាសថា ឆ្លងវីរុសកូវីដ-១៩ ពេលគាត់និងស្វាមី ចេញពីនាវា ហើយធ្វើដំណើរតាមជើងហោះហើរ ទៅដល់ម៉ាឡេស៊ី ក្នុងគោលដៅ ឡើងយន្តហោះ បន្តទៅអាមេរិក។ តែប្រហែលមួយសប្តាហ៍ក្រោយមក ស្រាប់តែម៉ាឡេស៊ី បញ្ជាក់ថា គាត់ បានជាសះស្បើយវិញ។

កាលពីកម្ពុជា អនុញ្ញាតឲ្យនាវា Westerdam ចូលចត ស្ថានភាពវីរុសកូវីដ-១៩ មិនទាន់រាលដាលនោះទេ ដោយកាលនោះ កម្ពុជា រកឃើញបុរសជនជាតិចិនតែម្នាក់ប៉ុណ្ណោះ ដែលមានកូវីដ-១៩ និងបានជាសះស្បើយវិញ។ តែមកដល់បច្ចប្បុន្ន ដោយគិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ កម្ពុជា រកឃើញមនុស្ស៥០នាក់ទៀត ដែលឆ្លងកូវីដ-១៩៕

Tag:
 COVID-19
  ហ៊ុន សែន
  ថេត យូហូ
© រក្សាសិទ្ធិដោយ thmeythmey.com