COVID-19
ជាតិ
COVID-19៖ រកឃើញ២ករណីទៀតដែលជាជនជាតិបារាំងនៅខេត្តព្រះសីហនុ សរុប៥៣ករណីនៅកម្ពុជា
× ក្រសួងសុខាភិបាល នាល្ងាចថ្ងៃទី២១ ខែមីនា នេះ បានប្រកាសពីការរកឃើញ២ករណីទៀតនៅខេត្តព្រះសីហនុ ដែលជាជនជាតិបារាំង។ ការរកឃើញនេះ នាំឲ្យកម្ពុជាមានអ្នកឆ្លង COVID-19 សរុប៥៣ករណីហើយ។
របាយការណ៍បានបង្ហាញថា បុរសទេសចរបារាំងទាំងពីរអាយុ៦៧ឆ្នាំ និង៨០ឆ្នាំ ស្នាក់នៅសណ្ឋាគារក្នុងក្រុងព្រះសីហនុ ដោយបានទៅដល់ខេត្តសមុទ្រមួយនេះ នៅថ្ងៃទី១៨ ខែមីនា ហើយគ្រោងវិលត្រឡប់ទៅវិញនៅថ្ងៃទី២១ ខែមីនា។ ពួកគាត់ទាំងពីរស្ថិតនៅព្យាបាលក្នុងមន្ទីរពេទ្យខេត្ត។ ខេត្តព្រះសីហនុ មានសរុប៣ករណី បន្ទាប់ពីករណីដំបូងបំផុតនៅកម្ពុជាត្រូវបានរកឃើញនៅខេត្តមួយនេះ កាលពីខែមករា កន្លងមក ដោយអ្នកជំងឺជាជនជាតិចិនពីវូហាន អាយុ៦០ឆ្នាំ និងបានជាសះស្បើយ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានបញ្ជាក់ពីករណីស្ត្រីអង់គ្លេសវ័យ៦៥ឆ្នាំ ដែលជាជនពិការ និងជាអ្នកដំណើរលើនាវា Viking Cruise។ ស្ត្រីរូបនេះ មានលទ្ធផលតេស្តអវិជ្ជមាន២លើក ហើយត្រូវបានអនុញ្ញាតឲ្យចេញពីពេទ្យរ៉ូយ៉ាល់ភ្នំពេញ នាថ្ងៃស្អែក៕
© រក្សាសិទ្ធិដោយ thmeythmey.com