លោក ត្រាំ ផ្ញើ​សំបុត្រ​ឲ្យ​លោក គីម ដោយ​ស្នើ​សហការ​ជាមួយ​កូរ៉េខាងជើង​ទប់ទល់ COVID-19
COVID-19
អន្តរជាតិ
លោក ត្រាំ ផ្ញើ​សំបុត្រ​ឲ្យ​លោក គីម ដោយ​ស្នើ​សហការ​ជាមួយ​កូរ៉េខាងជើង​ទប់ទល់ COVID-19
22, Mar 2020 , 10:59 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ផ្ញើ​សំបុត្រ​មួយច្បាប់​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដោយបាន​ស្នើ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ទប់ស្កាត់​ជំងឺ COVID-19 ។ អ្នកស្រី គីម យ៉ូ​ចុង ប្អូនស្រី​បង្កើត​លោក គីម ជា​អ្នក​ប្រកាស​ព័ត៌មាន​នេះ​ដែល​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​នៅ​ថ្ងៃទី​២២ ខែមីនា​។ បើតាម​អ្នកស្រី គីម សំបុត្រ​នេះ​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​រវាង​ថ្នាក់ដឹកនាំ​កំពូល ប៉ុន្តែ​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស​នៅតែ​មិនទាន់​ល្អ​នៅឡើយ​។​

 
​អ្នកស្រី គីម យ៉ូ​ចុង ប្អូនស្រី​បង្កើត​លោក គីម ជុង​អ៊ុន មិនបាន​បញ្ជាក់​កាលបរិច្ឆេទ​ជាក់លាក់​ដែល​បងប្រុស​ខ្លួន​ទទួល​សំបុត្រ​ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ឡើយ​។ ប៉ុន្តែ​សំបុត្រ​មួយច្បាប់​នេះ ជា​ឧទាហរណ៍​ល្អ​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​រវាង​លោក ត្រាំ និង​លោក គីម ។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA អ្នកស្រី គីម ដែលមាន​តំណែង​ជា​អនុប្រធាននាយកដ្ឋាន​មួយ​នៃ​បក្ស​ពលករ​កូរ៉េ​នោះ បញ្ជាក់ថា​៖ «​សំបុត្រ​របស់លោក ត្រាំ ជាការ​គន់គូរ​ដ៏​ល្អ និង​ជា​សកម្មភាព​ត្រឹមត្រូវ​សម្រាប់​ប្រធានាធិបតី​អាមេរិក​ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយ​លោក គីម ចំ​ពេលដែល​បញ្ហាលំបាក និង​ការប្រឈមមុខ​នានា​ស្ថិត​លើផ្លូវ​នៃ​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​។​»
 
​ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់លោក គីម បន្តថា ក្នុង​សំបុត្រ​នេះ លោក ត្រាំ ក៏បាន​បញ្ជាក់​ពី​ផែនការ​ដើម្បី​ជំរុញ​ទំនាក់ទំនង​អាមេរិក និង​កូរ៉េខាងជើង​ផងដែរ​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ ប្រធានាធិបតី​អាមេរិក ក៏​ចង់​សហការ​ជាមួយ​កូរ៉េខាងជើង​លើ​ការងារ​ប្រឆាំង​ជំងឺឆ្លង​ទៀតផង​។ នេះ​បើតាម​ការ​ស្រង់​សម្ដី​អ្នកស្រី គីម ដោយ KCNA ។ 
 
​សូមបញ្ជាក់ថា មកទល់ពេលនេះ កូរ៉េខាងជើង មិនទាន់មាន​ករណី​ឆ្លង COVID-19 នៅឡើយ​ទេ​។ យ៉ាងណាមិញ របប​ដឹកនាំ​កូរ៉េខាងជើង ត្រូវគេ​សង្ស័យថា លាក់បាំង​ករណី​ឆ្លង​ជំងឺ​នេះ ដ្បិត​កូរ៉េខាងជើង​នៅជាប់​ចិន​ដែល​ជាទី​ផ្ទុះ​ករណី​ឆ្លង COVID-19 ខ្លាំងក្លា​។ កន្លងទៅ រដ្ឋាភិបាល​កូរ៉េខាងជើង​បាន​អនុវត្ត​វិធានការ​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​នេះ ដោយ​បិទ​ព្រំដែន​ទាំងអស់ អនុវត្ត​វិធានការ​នៅ​ដោយឡែក​៣០​ថ្ងៃ ខណៈ​ស្ថានទូត​បរទេស​ទាំងអស់ ក៏ត្រូវ​បិទ​ដែរ​។​
 
​ដូច​ដឹង​ស្រាប់ ទំនាក់ទំនង​អាមេរិក និង​កូរ៉េខាងជើង​មិនល្អ​ឡើយ ប៉ុន្តែ​រវាង​លោក ត្រាំ និង​លោក គីម ហាក់​ប្រសើរ​ខ្លះ​។ ជារឿយៗ មេដឹកនាំ​ទាំងពីរ បាន​ផ្លាស់ប្ដូរ​សំបុត្រ​គ្នា​ទៅ​ទៅមក​។ កាលពី​ខែមករា លោក ត្រាំ បាន​សរសេរ​សំបុត្រ​ជូនពរ​លោក គីម ក្នុង​ថ្ងៃ​ខួបកំណើត​។ ប្អូនស្រី​លោក គីម អះអាងថា លោក ត្រាំ ក៏​ប្រា​ប់លោក គីម ពី​បំណង​រក្សា​ទំនាក់ទំនង​នេះ ប៉ុន្តែ​ជួប​ប​បញ្ហា​ខ្លះ ព្រោះ​ការទាក់ទង​ទៅ​វី​ញ​ទៅមក មិនត្រូវ​បានធ្វើ​ឲ្យ​បាន​ញឹកញាប់​៕    

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com