ជាតិ
កូន​កន្ធាយ​ក្បាល​កង្កែប ២៨៨​ក្បាល ត្រូវបាន​លែង​ឲ្យ​រស់ក្នុង​ទីជម្រក​ធម្មជាតិ​
23, Mar 2020 , 8:39 am        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុករបស់អង្គការ WCS
រូបភាពពីទំព័រហ្វេសប៊ុករបស់អង្គការ WCS
​ភ្នំពេញ​៖ កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន​២៨៨​ក្បាល ឬ​ល្មិច ត្រូវបាន​ក្រុម​អ្នក​អភិរក្ស​សត្វ លែង​ចូលទៅក្នុង​ទន្លេមេគង្គ​ខេត្តក្រចេះ ដែលជា​ទីជម្រក​ធម្មជាតិ​របស់​វា កាលពីពេល​សប្តាហ៍​កន្ល​ង​ទៅ​។ នេះ​បើតាម​ការផ្សាយ​របស់​អង្គការ​អភិរក្ស​សត្វព្រៃ WCS​។


 
​បើតាម​អង្គការ WCS កូន​កន្ធាយ​ក្បាល​កង្កែប​ទាំង​២៨៨​ក្បាល មាន​អាយុ​ចន្លោះ​ពី​២​សប្ដាហ៍ ដល់​១​ខែ ដែល​ត្រូវបាន​ក្រុមការងារ​ការពារ​សំបុក នៃ​អង្គការ WCS នៅ​ខេត្តក្រចេះ យាម និង​ការពារ​តាំងពី​ពេល​ញាស់​ចេញពី​សំបុក​។​
 
​ការ​ប្រលែង​កូន​កន្ធាយ​ទាំងអស់នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​ក្នុង​តំបន់ ឲ្យ​យល់ដឹង ក៏ដូចជា​បាន​ស្គាល់​កាន់តែច្បាស់​ពី​ការអភិរក្ស​សត្វ​ប្រភេទ​ដែល​ជិត​ផុត​ពូជ​នេះ​។ នេះ​បើតាម​អង្គការ WCS ដែល​បាន​បន្តថា សត្វ​កន្ធាយ​ក្បាល​កង្កែប​នេះ ត្រូវបាន​ប្រទះឃើញ​នៅតាម​ដង​ទន្លេមេគង្គ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង និង​ត្រូវបាន​កត់ចូល​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ជា​សកល​ផងដែរ​។ គម្រោង​អភិរក្ស​សត្វ​កន្ធាយ​ក្បាល​កង្កែប របស់​អង្គការ WCS នៅតាម​ដង​ទន្លេមេគង្គ ទទួលបាន​ការគាំទ្រ​ពី​សហភាព​អឺរ៉ុប សួនសត្វ​ស៊ី​ង​ហ្គា​ពួរ WRS និង Margaret A Cargill Philanthropies៕

Tag:
 កន្ធាយ​ក្បាល​កង្កែប​
 ​ល្មិច​
 ​ក្រចេះ​
 ​ទន្លេមេគង្គ​
© រក្សាសិទ្ធិដោយ thmeythmey.com