COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Fellaini ដែល​លេង​នៅ​ចិន​, Dybala និង​មិត្តស្រី លោក Maldini និង​កូនប្រុស ឆ្លង COVID-19
22, Mar 2020 , 10:42 am        
រូបភាព
ដោយ: រួបរួម
Real Madrid ទើប​ប្រកាស​ពី​ដំណឹង​មរណភាព​លោក Lorenzo Sanz ដែល​បាន​ស្លាប់​ក្នុង​អាយុ​៧៦​ឆ្នាំ ក្រោយ​ឆ្លង COVID-19​។ ជាមួយគ្នានេះ កីឡាករ និង​អតីត​កីឡាករ​អាជីព ជា​បន្តបន្ទាប់ មាន​លទ្ធផល​តេស្ត​វិជ្ជមាន​នៅ​តំបន់​ផ្សេងៗ​គ្នា ក្នុងនោះ​មានដូចជា​កីឡាករ​ឆ្នើម​ចិន Wu Lei ដែល​លេង​នៅ​អេ​ស្ប៉ា​ញ ហើយ​ក្រោយមក​មាន Marouane Fellaini, Paulo Dybala និង​លោក Paolo Maldini ជាដើម​។​



អត្ថបទទាក់ទង


Marouane Fellaini ជា​កីឡាករ​ដំបូង​នៅ Chinese Super League ដែល​តេស្ត​វិជ្ជមាន #COVID19​។ បច្ចុប្បន្ន​គេ​លេង​នៅ​ក្លិប Shandong Luneng ហើយ​តេស្ត​ឃើញ​នៅ​ខេត្ត Jinan​។ Fellaini ជា​សមាជិក​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក ហើយក៏​ធ្លាប់​លេង​នៅ Everton និង Manchester United ផងដែរ​។​

​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Paulo Dybala ក្លាយជា​កីឡា​ករទី​បី​របស់ Juventus ដែល​ឆ្លង COVID-19 ដោយ​កីឡាករ​២​នាក់​ផ្សេងទៀត​មាន Daniele Rugani និង Blaise Matuidi​។ Dybala បានប្រកាស​ករណី​ខ្លួន តាម Instagram ដោយ​បញ្ជាក់ថា មិត្តស្រី Oriana Sabatini ដែលជា​តារាចម្រៀង និង​ជា​តារា​បង្ហាញ​ម៉ូដ​អា​ហ្ស​ង់​ទីន ក៏​ឆ្លង​ផងដែរ​។​

​លោក Paolo Maldini អាយុ​៥១​ឆ្នាំ អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អ៊ីតាលី និង​ជា​នាយក​បច្ចេកទេស​ក្លិប AC Milan រួមទាំង​កូនប្រុស​ឈ្មោះ Daniel Maldini អាយុ​១៨​ឆ្នាំ ដែល​លេង​នៅ​ក្លិប​យុវជន AC Milan ក៏បាន​ឆ្លង​ផងដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ ក្លិប​អះអាងថា ពួកគាត់​មាន​ស្ថានភាព​ប្រក្រតី​៕
​    ​



© រក្សាសិទ្ធិដោយ thmeythmey.com