COVID-19
អន្តរជាតិ
Covid-19៖ នាយករដ្ឋមន្ត្រីឡាវ ទទូចឲ្យពលរដ្ឋដាំបន្លែ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ដោយខ្លួនឯង នាយករដ្ឋមន្ត្រឡាវ Thongloun Sisoulith (រូបភាព៖ Malaysia Gazette)
× រដ្ឋាភិបាលក្រុងវៀងចន្ទន៍ បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋក្នុងស្រុករបស់ខ្លួនធានាពីចំណីអាហារប្រចាំថ្ងៃ តាមរយៈការបន្តដាំបន្លែ និងចិញ្ចឹមសត្វជាដើម។ ការណ៍ដែលក្រុងវៀងចន្ទន៍ធ្វើបែបនេះ ដើម្បីជាផ្នែកមួយ នៃការទប់ស្កាត់ពីការរីករាលនៃវីរុស Covid-19 ពីការប្រាស្រ័យទាក់ទងនៅទីប្រជុំជន និងសុវត្ថិភាពចំណីអាហារក្នុងដំណាក់កាលវិបត្តិវីរុសនេះ។
តាមរយៈសេចក្តីណែនាំដែលទើបតែចេញផ្សាយកាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ថុងលួន ស៊ីសូលីត បានដាស់តឿនប្រជាជនឡាវឲ្យមានការត្រៀមខ្លួន និងគិតទុកជាមុនពីលទ្ធភាពនៃការផ្ទុះឡើងនៃវិបត្តិ Covid-19 ខណៈដែលពិភលោក ជាពិសេសប្រទេសជិតខាងរបស់ឡាវ បន្តកើនឡើងករណីអ្នកឆ្លងវីរុស នេះជាបន្តបន្ទាប់។
គួរជម្រាបបន្តិចថា ឡាវ ប្រទេសដែលគ្មានព្រំដែនសមុទ្រជាប់ជាមួយប្រទេសដទៃទៀតនោះ ពុំទាន់រកឃើញមានពីករណីឆ្លងវីរុស Covid-19 នៅឡើយនោះទេ។ ជាអ្នកជិតខាងរបស់ចិនផងនោះ ឡាវ បានមានការរឹតបន្តឹងខ្ពស់លើការត្រួតពិនិត្យអ្នកដំណើរ ដែលឆ្លងតាមព្រំដែនរបស់ខ្លួន។
ទោះបីបែបនេះ តាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times លោកនាយករដ្ឋមន្ត្រីឡាវ បានទទូចឲ្យពលរដ្ឋ ដាំដំណាំ និងចិញ្ចឹមសត្វនៅតាមផ្ទះរៀងៗខ្លួន ដើម្បីជាការត្រៀមទុកជាមុនពីកង្វះខាតនៃការផ្គត់ផ្គង់ចំណីអាហារនៅផ្សារ ក្នុងករណីមានវិបត្តិនេះផ្ទុះឡើង។ កន្លងមកទំនិញ និងរបស់ប្រើប្រាស់ភាគច្រើននៅឡាវ ត្រូវបាននាំចូលពីបណ្តាប្រទេសជិតខាងនោះទេ។
តាមការអះអាងរបស់លោកនាយករដ្ឋមន្ត្រី បញ្ហាចំណីអាហារ មិនអាចក្លាយជាបញ្ហាចោទសម្រាប់ប្រជាជនឡាវប៉ុន្មាននោះទេ ក្នុងករណីពាណិជ្ជកម្មអន្តរជាតិ រាប់បញ្ចូលទាំងការផ្គត់ផ្តង់ទំនិញ ជាពិសេសចំណីអាហារ ត្រូវបានផ្អាក។ នោះ ក៏ព្រោះតែប្រជាជន ឡាវ អាចមានលទ្ធភាពក្នុងការដាំដុះតាមបែបប្រពៃណីរបស់ខ្លួនសម្រាប់ផ្គត់ផ្គង់ដោយខ្លួនឯង បានក្នុងរយៈពេលលំបាកនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com