ភ្នំពេញ៖ កម្ពុជា-ថៃ បានសម្រេចរួមគ្នា បិទច្រកអន្តរជាតិប៉ោយប៉ែត និងច្រកទាំង២៣ទៀត ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ (COVID-19)។ នេះបើយោងតាមតារាងបរិច្ឆេទ ស្តីពីការបិទច្រកព្រំដែនទាំង២៤ រវាងកម្ពុជា-ថៃ។
សេចក្ដីប្រកាសពីរដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ បានឲ្យដឹងថា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងត្រូវបិទរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ទៅ។ លោក កែវ វណ្ណថន អគ្គនាយករងនិងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្ញើសេចក្តីប្រកាសនេះ មកសារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម នាថ្ងៃទី២២ ខែមីនា។
សេចក្ដីប្រកាសនេះ បញ្ជាក់ថា ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មិនអាចឆ្លងកាត់បានឡើយ លើកលែងតែយានយន្តដឹកទំនិញនិងអ្នកបំរើលើយានយន្ត ទើបអាចឆ្លងកាត់បាន។
ចំណែកច្រកទាំង២៣ផ្សេងទៀត ត្រូវបិទនៅថ្ងៃផ្សេងៗគ្នា។ នេះបើមើលតាមតារាងកាលបរិច្ឆេទ ស្តីពីការបិទច្រកព្រំដែន។
ច្រកទ្វារតំបន់ជប់គគីរ និង ច្រកទ្វារតំបន់អានសេះ បានបិទនៅថ្ងៃទី១៨ ខែមីនា។
ច្រកទ្វារអន្តរជាតិព្រំ (ប៉ៃលិន) ច្រកទ្វារតំបន់ពាមតា ច្រកទ្វារតំបន់២០៣ ច្រកទ្វារតំបន់៤០០ (សំឡូត) ច្រកទ្វារតំបន់សែនចៅ ច្រកទ្វារអូរអន្លក់ និង ច្រកទ្វារតំបន់អូររំដួល បានបិទនៅថ្ងៃទី២០ ខែមីនា។
ច្រកទ្វារអន្តរជាតិអូរស្មាច់ បានបិទនៅថ្ងៃទី២១ ខែមីនា។
ច្រកទ្វារអន្តរជាតិចាំយាម និង ច្រកទ្វារតំបន់ស្ពានជ័យជម្នះ ត្រូវបិទនៅថ្ងៃទី២២ ខែមីនានេះ។
ច្រកទ្វារអន្តរជាតិភ្នំជី ច្រកទ្វារតំបន់ម៉ាឡៃ និង ច្រកទ្វារតំបន់បឹងត្រកូន នឹងត្រូវបិទនៅថ្ងៃទី២៣ ខែមីនាស្អែកនេះ។
ច្រក៧ទៀត រួមមាន ច្រកទ្វារអន្តរជាតិដូង ច្រកទ្វារអន្តរជាតិជាំ (អន្លង់វែង) ច្រកទ្វារតំបន់ប្រាសាទតាមន្ត ច្រកទ្វារតំបន់ថ្មដូន ច្រកទ្វារតំបន់ប្រាសាទព្រះវិហារ ច្រកទ្វារតំបន់តាថាវ ច្រកទ្វារតំបន់ស្បូវ-ជាំតែ និង ច្រកទ្វារតំបន់មុំបី ត្រូវបានបញ្ជាក់ក្នុងតារាងកាលបរិច្ឆេទនេះថា ទុកឲ្យដំណើរការសិន ដោយមិនទាន់បង្ហាញព័ត៌មានថា នឹងត្រូវបិទនៅថ្ងៃណានោះទេ (តែទំនងជាប៉ុន្មានថ្ងៃខាងមុខទៀត)។ ទោះក្នុងតារាងកាលបរិច្ឆេទនេះ មិនបានបញ្ជាក់ក្តី តែដោយឡែក ចំពោះច្រកទ្វារអន្តរជាតិជាំ ត្រូវបានរដ្ឋបាលខេត្តឧត្តរមានជ័យ ប្រកាសថា ត្រូវបិទនៅថ្ងៃទី២២ ខែមីនានេះ។
រីឯ ជាមួយវៀតណាមវិញ កម្ពុជា សម្រេចបិទច្រកចេញចូលទាំង៣តែម្តង គឺទាំងផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស។ យ៉ាងណា កម្ពុជា នៅតែសហការគ្នាក្នុងការនាំទំនិញចេញចូល ជាមួយវៀតណាម និង ថៃ ដដែល។
គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ទាំងអស់គ្នា កម្ពុជា មានមនុស្ស៥៣នាក់ ដែលឆ្លងកូវីដ-១៩ វៀតណាម មានជាង៨០នាក់ ហើយថៃ មានជាង៤០០នាក់។ កម្ពុជានិងវៀតណាម មិនទាន់មានអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ នោះទេ តែថៃ មាន១នាក់៕