COVID-19
អន្តរជាតិ
COVID-19៖ បារាំង បញ្ជាទិញម៉ាស់២៥០លានសន្លឹកដើម្បីបំពេញតម្រូវការ
× រដ្ឋាភិបាលបារាំង បានបញ្ជាទិញម៉ាស់វេជ្ជសាស្ត្រចំនួន២៥០លានសន្លឹកដើម្បីបំពេញតម្រូវការប្រើប្រាស់ ស្របពេលដែលករណីឆ្លង COVID-19 បន្តកើនឡើង។ រដ្ឋាភិបាលបារាំង បានរិះគន់ខ្លាំងពីក្រុមគ្រូពេទ្យ និងប៉ូលិសពាក់ព័ន្ធការខ្វះខាតម៉ាស់ដើម្បីឲ្យពួកគេធ្វើការ។ ពួកគេព្រមានដើរចេញពីកន្លែងធ្វើការ ប្រសិនបើគ្មានឧបករណ៍ការពារគ្រប់គ្រាន់ទេនោះ។
គិតត្រឹមថ្ងៃទី២១ ខែមីនា បារាំងមានករណីឆ្លង COVID-19 ជាង១៤៤០០នាក់ ហើយករណីស្លាប់មានចំនួនជាង៥៦០នាក់ផងដែរ។ តម្រូវការម៉ាស់ និងឧបករណ៍ការពារផ្សេងៗ បានហក់ឡើងខ្ពស់រហូតនាំឲ្យការផ្គត់ផ្គង់សម្រាប់បុគ្គលិកសុខាភិបាលប្រឈមមុខការខ្វះខាត។ ប៉ុន្តែរដ្ឋាភិបាលបារាំង បានចាត់វិធានការតបភ្លាមៗដែរ។
រដ្ឋមន្ត្រីសុខាភិបាលបារាំង Olivier Veran និយាយថា រដ្ឋាភិបាលបានបញ្ជាទិញម៉ាស់ចំនួន២៥០លានសន្លឹកពីក្រុមហ៊ុនផ្គត់ផ្គង់បារាំងផ្ទាល់ និងមកពីបរទេស ហើយលោកក៏សន្យាថា នឹងបង្កើនការធ្វើតេស្តឲ្យបានច្រើនថែមទៀតដើម្បីស្វែងរកករណីឆ្លង។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Veran បញ្ជាក់ថា លោកយល់ពីក្ដីបារម្ភរបស់ប្រជាជន និងបុគ្គលិកសុខាភិបាលទាំងអស់ដែលប្រឈមមុខនឹងវិបត្តិធំបំផុតក្នុងសតវត្សរ៍មកនេះ។
បារាំង ស្ថិតក្នុងក្រោមការបិទជិតស្ទើរទាំងស្រុងទៅហើយតាំងពីដើមសប្ដាហ៍នេះមក ដោយប្រជាជនត្រូវបានអនុញ្ញាតឲ្យចេញពីផ្ទះដើម្បីតែទិញអាហារ ហាត់ប្រាណ ធ្វើការ ឬទៅរកសេវាកម្មសុខាភិបាលប៉ុណ្ណោះ។ រដ្ឋាភិបាលបារាំងព្រមានថា រយៈពេលហាមប្រាមនេះ អាចពង្រីកថែមទៀត បើស្ថានការណ៍ចាំបាច់។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Veran អះអាងថា ការធ្វើតេស្តរក COVID-19 នឹងត្រូវបង្កើនថែមទៀត ដោយអនុវត្តតាមគោលការណ៍របស់អង្គការសុខភាពពិភពលោក។ បច្ចុប្បន្ននេះ បារាំង ធ្វើតេស្តតែលើបុគ្គលមានរោគសញ្ញាធ្ងន់ធ្ងរប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com