អន្តរជាតិ
បង់ក្លាដែស ខកចិត្ត ក្រោយប្រគល់បញ្ជីជនភៀសខ្លួនឲ្យមីយ៉ាន់ម៉ា តែមិនបានចម្លើយព្រមឬបដិសេធ ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅលើទឹកដីបង់ក្លាដែស (រូបភាព៖ Xinhua)
× រដ្ឋាភិបាលក្រុងដាហ្កា បានប្រគល់បញ្ជីឈ្មោះលម្អិតរបស់ជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជិតហាសិបម៉ឺននាក់ដល់រដ្ឋាភិបាលក្រុងណៃពិដោរ ដើម្បីសុំកិច្ចសហការក្នុងកិច្ចការបញ្ជូនពួកគេទៅកាន់ទីកន្លែងដើមវិញ។ ក៏ប៉ុន្តែមិនខុសពីពេលមុនឡើយ ក្រុងដាហ្កា មិនទទួលបានចម្លើយ និងកិច្ចសហការពីក្រុងណៃពិដោរឡើយ ពោលគឺពន្លឺនៃការវិលត្រលប់របស់ជនភៀសខ្លួន នៅតែស្ថិតក្នុងភាពស្រពិចស្រពិលដដែល។
រដ្ឋមន្ត្រីការបរទសបង់ក្លាដែស លោក AK Abdul Momen នៅថ្ងៃ២០ មីនា បានឲ្យដឹងថា បង់ក្លាដែស បានប្រគល់បញ្ជីឈ្មោះជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាចំនួន ៤៩២ ០០០ នាក់ ដែលស្នាក់នៅជំរំបណ្តោះអាសន្នក្នុងប្រទេសខ្លួន ដល់អាជ្ញាធរមីយ៉ាន់ម៉ាហើយ។ បង់ក្លាដែស នៅតែចង់ឃើញកិច្ចសហការពីមីយ៉ាន់ម៉ា ដើម្បីដោះស្រាយបញ្ហាវិបត្តិជនភៀសខ្លួននេះ។
តាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy លោករដ្ឋមន្ត្រី អះអាងថា បញ្ជីឈ្មោះនេះ បានបញ្ជាក់ពីសាវតា និងព័ត៌មានលម្អិតរបស់ជនភៀសខ្លួនរាប់បញ្ចូលទាំងទីកន្លែងកំណើត និងសាច់ញាតិបងប្អូន ដែលនេះ គឺជាអ្វីដែលមីយ៉ាន់ម៉ា ចង់បានមុនពេលការវិលត្រលប់របស់ជនភៀសខ្លួន។
ក៏ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ការប្រគល់បញ្ជីឈ្មោះ ដែលបង់ក្លាដែសអះអាងថា ជាលើកទីប្រាំហើយនោះ មិនទទួលបានការឆ្លើយតបពីភាគីមីយ៉ាន់ម៉ាវិញឡើយ។ លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា សូម្បីតែការឯកភាព (Yes) ឬ បដិសេធ ( No) ក៏លោក មិនទទួលបានផង។
តាមប្រភពព័ត៌មានដដែល ប្រមុខការទូតបង់ក្លាដែសរូបនេះ បានលើកឡើងថា ៖« យើងមិនអាចធ្វើអ្វីដោយបង្ខំបានឡើយ។ មីយ៉ាន់ម៉ាខ្លួនឯងផ្ទាល់ ជាអ្នកបង្កើតបញ្ហា ហើយដំណោះស្រាយ ក៏ស្ថិតនៅលើមីយ៉ាន់ម៉ាដែរ។ អ្វីដែលយើងអាចធ្វើនោះគឺ សំណើសុំកិច្ចសហការ ហើយក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព បង់ក្លាដែស មិនជ្រើសយកសង្គ្រាម ជាជម្រើសឡើយ »។
គួរជម្រាបផងដែរថា បង់ក្លាដែស គឺជារដ្ឋកំពុងតែអភិវឌ្ឍមួយ ដែលកំពុងតែទទួលបន្ទុកមួយដ៏ធ្ងន់ក្នុងការធានារ៉ាប់រងអាយុជីវិតរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់សិបម៉ឺននាក់ ដែលបានភៀសខ្លួនមីយ៉ាន់ម៉ាតាំងពីឆ្នាំ២០១៧មក ដោយសារតែបញ្ហាអសន្តិសុខផ្ទៃក្នុង។ បង់ក្លាដែស ជារឿយៗបានអំពាវនាវសុំកិច្ចសហប្រតិបត្តិការពីបណ្តាអង្គការ និងប្រទេសពាក់ព័ន្ធដើម្បីជំរុញមីយ៉ាន់ម៉ាឲ្យទទួលខុសត្រូវលើវិបត្តិមនុស្សជាតិនេះ៕
Tag:
បង់ក្លាដែស
មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com