ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
កញ្ញា ឆន ចាន់ដារ៉ា ប្រឹងជម្នះនឹងផ្នត់គំនិតដែលថា«ជំនាញមេកានិច»រៀនបានតែមនុស្សប្រុស
× ភ្នំពេញ៖ ថ្វីបើការសិក្សាជំនាញមេកានិច ភាគច្រើនឃើញតែវត្តមានបុរសក៏ពិតមែន តែសម្រាប់កញ្ញា ឆន ចាន់ដារ៉ា ដែលកំពុងសិក្សាមេកានិច នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា យល់ថា ជំនាញអ្វីក៏ដោយមនុស្សប្រុសអាចរៀនបាន មនុស្សស្រីក៏អាចរៀនបានដែរ។ ដោយស្គាល់ខ្លួនឯងថា ចូលចិត្តមុខវិជ្ជាបែបវិទ្យាសាស្ត្រ និងចូលចិត្តការបង្កើតគំនិតថ្មីៗ ទើបធ្វើឲ្យយុវតីវ័យ២២ឆ្នាំរូបនេះ មិនរុញរាក្នុងការសំរេចចិត្តជ្រើសរើសជំនាញមេកានិចនេះឡើយ។ បើទោះបីជា គ្រួសារមិនសូវពេញចិត្តឲ្យរៀនជំនាញបច្ចេកវិទ្យាក៏ដោយ ព្រោះពួកគាត់យល់ថា ជំនាញនេះត្រូវប្រើកម្លាំងមិនសាកសមនឹងមនុស្សស្រីរៀន តែ ចាន់ដារ៉ា បានជម្នះនឹងការយល់ឃើញរបស់ឪពុកម្តាយ រហូតទាល់តែពួកគាត់ក្លាយជាអ្នកជំរុញទឹកចិត្តឲ្យកូនស្រីរបស់ខ្លួន រៀនជំនាញវិទ្យាសាស្ត្រមេកានិចនេះចប់ថ្នាក់បរិញ្ញាបត្រ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ និងកញ្ញា ឆន ចាន់ដារ៉ា និស្សិតមេកានិចដូចតទៅ៖
«គាត់ព្រួយបារម្ភខ្លាចខ្ញុំរៀនអត់កើត មានបញ្ហាសុខភាព ព្រោះអ្នករៀនជំនាញ(មេកានិច)ហ្នឹង ភាគច្រើនសុទ្ធតែប្រុស តែក្រោយមកខ្ញុំបានពន្យល់គាត់ថា ពេលរៀនមិនអីទេ មានមិត្តភ័ក្កជួយណែនាំច្រើន។ បើពេលធ្វើការវិញ យើងមានការងារផ្នែកនៅក្នុងការិយាល័យ អត់ធ្វើការនៅរោងម៉ាស៊ីនទេ គាត់ខ្លាចខ្ញុំធ្វើការកន្លែងមានសំឡេងខ្លាំងអត់បាន ហើយសព្វថ្ងៃមានតែការលើកទឹកចិត្តវិញ»។ នេះជាសម្ដីរបស់និស្សិត ចាន់ដារ៉ា ដែលបានជម្នះការមិនពេញចិត្តរបស់គ្រួសារ ឱ្យងាកមកគាំទ្រការសម្រេចចិត្តរបស់ខ្លួន។ ទោះបីគ្រួសារមិនសូវពេញចិត្ត តែពួកគាត់មិនបានបង្ខំឱ្យកញ្ញា ឆន ចាន់ដារ៉ា ចាប់យកជំនាញផ្សេងនោះឡើយ។
យុវតី ចាន់ដារ៉ា ដែលជានិស្សិតឆ្នាំទី៥ ជំនាញមេកានិច នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានឱ្យដឹងថា ទោះបីជំនាញមេកានិចនេះ មានផលលំបាកមួយចំនួនចំពោះមនុស្សស្រីក៏ដោយ ប៉ុន្តែ ទាំងការសិក្សា ការងារ និងពេលចូលរួមកម្មវិធីផ្សេងៗ គេផ្ដល់អទិភាពឱ្យមនុស្សស្រីច្រើនជាង។ ដារ៉ា បានអះអាងបែបនេះថា៖ «ពួកគាត់ (និស្សិតប្រុស) លើកទឹកចិត្តច្រើន ហើយពេលខ្លះខ្ញុំទទួលបានការជួយពីពួកគាត់ដែរ ដូចជា ការធ្វើកិច្ចការសាលា ពេលម៉ោងអនុវត្ត គាត់ផ្ដល់អទិភាពឱ្យខ្ញុំ ជ្រើសរើសយកការងារណាដែលមិនប្រើកម្លាំងកាយច្រើន។ មួយវិញទៀត បើខ្ញុំចង់កាន់ម៉ាស៊ីន គាត់ផ្ដល់ឱកាសឲ្យខ្ញុំ ទោះបីដឹងថា បើខ្ញុំធ្វើការងារហ្នឹងត្រូវយឺតក៏ដោយ»។
រយៈពេល៥ឆ្នាំសិក្សាលើជំនាញមេកានិចនេះ និស្សិតស្រីដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម រូបនេះ បានបង្ហាញសមត្ថភាព និងការព្យាយាមរៀនសូត្រឱ្យក្រុមគ្រួសារបានឃើញពីអ្វី ដែលខ្លួនស្រលាញ់ ដូចជាការចូលរួមកម្មវិធីនៅក្រៅប្រទេស និងការចុះកម្មសិក្សាតាមក្រុមហ៊ុនជាហូរហែជាដើម។ ក្នុងឆ្នាំ២០១៨ ដារ៉ា បានចូលរួមកម្មវិធី Jonesy ២០១៨ ដែលសិក្សាពីផលិតកម្មនិងបច្ចេកវិទ្យា នៅប្រទេសជប៉ុនរយៈពេល១០ថ្ងៃ និងបានចុះកម្មសិក្សាផ្នែកឌីហ្សាញ និងបរិក្ខាត្រជាក់ នៅក្រុមហ៊ុន Cominkhmere និង Khmere AZoZ រយៈពេល៦ខែ។
នៅសល់រយៈពេល៥ខែទៀតប៉ុណ្ណោះ និស្សិត ឆន ចាន់ដារ៉ា នឹងត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញមេកានិច នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលមុខជំនាញនេះត្រូវរៀនរយៈពេល៥ឆ្នាំ។ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ យុវតី ដារ៉ា មានបំណងចង់ធ្វើជាអ្នកឌីហ្សាញ និងសិក្សាបរិក្ខាត្រជាក់ នៅក្នុងក្រុមហ៊ុនមួយ ដើម្បីដកស្រង់បទពិសោធ មុននឹងចាប់ផ្តើមធ្វើជំនួញលើមុខជំនាញរបស់ខ្លួននៅថ្ងៃអនាគត៕
Tag:
និស្សិតស្រី
ជំនាញ
មេកានិច
© រក្សាសិទ្ធិដោយ thmeythmey.com