ចំណោមខ្មែរ៣១នាក់ ដែលឆ្លងកូវីដ-១៩ មានមន្រ្តីជាន់ខ្ពស់ម្នាក់
COVID-19
ជាតិ
ចំណោមខ្មែរ៣១នាក់ ដែលឆ្លងកូវីដ-១៩ មានមន្រ្តីជាន់ខ្ពស់ម្នាក់
22, Mar 2020 , 8:25 pm        
រូបភាព
សកម្មភាពក្រុមគ្រូពេទ្យ កំពុងបំពេញការងារទាក់ទងនឹងបញ្ហាកូវីដ-១៩ (រូបពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង)
សកម្មភាពក្រុមគ្រូពេទ្យ កំពុងបំពេញការងារទាក់ទងនឹងបញ្ហាកូវីដ-១៩ (រូបពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង)
ដោយ: ថ្មីៗ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល បានបំភ្លឺថា ពិតជាមានមន្រ្តីជាន់ខ្ពស់កម្ពុជាម្នាក់ បានឆ្លងកូវីដ-១៩ មែន។ ការបំភ្លឺនេះ ធ្វើឡើង បន្ទាប់ពីមានការផ្សាយរបស់ស្ថាប័នសារព័ត៌មានមួយចំនួន រួមទាំងតាមបណ្តាញសង្គមផងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ថា មានមន្រ្តីតាមក្រសួងខ្លះឬក្នុងជួរដ្ឋាភិបាលកម្ពុជា បានឆ្លងវីរុសកូវីដ-១៩​ តែមិនត្រូវបានបញ្ចេញព័ត៌មាន។



តាមរយៈសារលើទំព័រហ្វេសប៊ុក នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជំងឺ បានរម្លឹកសាវតារថា មន្រ្តីជាន់ខ្ពស់រូបនោះ បានធ្វើដំណើរមកពីបារាំង ហើយក្រោយធ្វើតេស្តរកឃើញវីរុសកូវីដ-១៩ ក្រសួងសុខាភិបាល ក៏បានបញ្ជូលករណីរបស់គាត់ ទៅក្នុងតារាងទិន្នន័យ នៃអ្នកឆ្លងកូវីដ-១៩នៅកម្ពុជា តាំងពីថ្ងៃទី១៨ ខែមីនា មកម្ល៉េះ។ គាត់ ត្រូវរកឃើញថាមានវីរុសកូវីដ-១៩ នៅថ្ងៃទី១៥ ខែមីនា។ 

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បកស្រាយដូច្នេះថា៖«យេីង គ្មានហេតុផលលាក់ទិន្នន័យទេ។  យេីង ធ្វេីតាមជំនាញបច្ចេកទេស ដោយសហការជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃសហរដ្ឋអាមេរក និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា»។

យ៉ាងណាក៏ដោយ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ពុំបានផ្តល់ព័ត៌មានបន្ថែមឡើយថា មន្រ្តីជាន់ខ្ពស់នោះ បម្រើការងារនៅស្ថាប័នឬក្រសួងណា។ បច្ចុប្បន្ន គាត់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
 
គិតត្រឹមយប់ម្សិលមិញ (ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០) កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ ៥៣នាក់ហើយ ដោយក្នុងនោះ មាន២នាក់ គឺបុរសជនជាតិចិននិងស្រ្តីជនជាតិអង់គ្លេស បានជាសះស្បើយវិញ។ ក្នុងចំណោម៥១នាក់ ដែលកំពុងសម្រាកព្យាបាល មានជនជាតិខ្មែរ៣១នាក់ ហើយក្នុងចំណោមជនជាតិខ្មែរទាំង៣១នាក់ មានខ្មែរ-អ៊ិស្លាម២៨នាក់ ក្រៅពីនេះ គឺជនបរទេសផ្សេងៗ។ 

ចំនួនខ្មែរ៣១នាក់នេះ គឺមិនរាប់បញ្ចូលពលរដ្ឋខ្មែរនៅក្រៅប្រទេសនោះទេ។ នៅថ្ងៃទី២២ ខែមីនា ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង ប្រកាសថា មានពលរដ្ឋខ្មែរ៣នាក់ បានឆ្លងកូវីដ-១៩។ វា ជាព័ត៌មានលើកទី១ អំពីពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលឆ្លងកូវីដ-១៩។ 

ក្នុងចំណោមពួកគេ គឺម្នាក់ ជាស្រ្តីអាយុ២៣ បានរៀបការជាមួយស្វាមីជនជាតិកូរ៉េ ហើយនាង បានឆ្លងវីរុសកូវីដ-១៩ ពីស្វាមី។ ចំណែកស្រ្តីម្នាក់ទៀតអាយុ៤៦ឆ្នាំ ដែលជាម្តាយបង្កើតរបស់នាង និង កូនប្រុសរបស់នាង ដែលមានអាយុទើប៣ខែ ក៏បានឆ្លងកូវីដ-១៩ ពីស្វាមីរបស់នាងដែរ៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com