COVID-19
ជាតិ
លោក កឹម សុខា ៖ សូមកុំ​បំភ្លៃ​ព័ត៌មាន និង​​កុំ​លាក់បាំង​ព័ត៌មាន​ពិត នៃ​COVID-19
23, Mar 2020 , 11:10 am        
រូបភាព
​ភ្នំពេញ​៖ មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ស្នើឱ្យ​ពលរដ្ឋ​រួមគ្នា​ទប់ស្កាត់​វីរុស​COVID-19 ប្រសើរ​ជាង​បំភ្លៃ​ព័ត៌មាន និង​លាក់បាំង​ព័ត៌មាន​ពិត​ជុំវិញ​បញ្ហា​វីរុស​នេះ​។​



«​សាមគ្គីភាព​ជាតិ និង​សាមគ្គីភាព​អន្តរជាតិ​” គឺជា​ការចាំបាច់​ណាស់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​Covid-19 ដ៏​សាហាវ​ឃោ​ឃៅ​នៅពេលនេះ​។ ពីព្រោះ​គ្រោះអាសន្ន​នេះ មិនមែនជា​បញ្ហា​របស់​បុគ្គល​ណា គ្រួសារ​ណា សហគមន៍​ណា ប្រទេស​ណា ជាតិ​សាសន៍​ណាមួយ​នោះឡើយ វា​ក្លាយទៅជា​វិបត្តិ​សកល​ទៅហើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក កឹម សុខា​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការខ្លួន មេដឹកនាំ​អតីត​ប្រឆាំង​ដែល​កំពុង​ដំណើរ​នីតិវិធី​ក្តីក្ដាំ​រូបនេះ បាន​បញ្ជាក់ថា មនុស្ស​ទាំងអស់​ត្រូវ​រួមគ្នា ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​COVID-19​នេះ ព្រោះ​វា​មិន​ត្រឹមតែ​សម្លាប់​ជីវិត​មនុស្ស​ទេ តែ​វា​ក៏​បំផ្លាញ​ដល់​សេដ្ឋកិច្ច និង​ជីវភាព​ពលរដ្ឋ​ទៀតផង​។​

​លោក កឹម សុខា បាន​សរសេរ​ដូច្នេះ​ថា​៖«​ម្យ៉ាងទៀត​វីរុស​Covid-19​នេះ វា​រាតត្បាត​បង្ករ​ជំងឺ និង​សម្លាប់​មនុស្ស​ដោយ​មិន​រើសមុខ មិន​រើសអើង ជាតិ​សាសន៍ ប្រទេស​តូច​ឬ​ធំ ប្លុក​កុ​ម្មុនី​ស ឬ​សេរី អ្នកធំ អ្នកតូច អ្នកមាន​ឬ​អ្នកក្រ​...​នោះឡើយ​។ ជាពិសេស​ជំងឺ​រាតត្បាត​នេះ មិន​ត្រឹមតែ​វាយប្រហារ​ទៅលើ​សុខភាព និង​អាយុជីវិត​មនុស្ស​ដោយផ្ទាល់​នោះទេ លើសពីនេះទៅទៀត វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចជាតិ​និង​ជីវភាព​រស់នៅ​របស់​ម​នុស្ស​ទូទៅ​យ៉ាងធ្ងន់ធ្ងរ បើ​យើង​មិន​រួបរួមគ្នា​ប្រយុទ្ធ​យកឈ្នះ​លើ​វា​ឲ្យ​បាន​ព្រមៗ​គ្នា និង​ឲ្យ​បាន​ឆាប់រហ័ស​នោះទេ​»​។​

​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​រូបនេះ ក៏​ស្នើឱ្យ​ពលរដ្ឋ​រួមគ្នា​ទប់ស្កាត់​វីរុស​COVID-19 ដោយ​កុំ​ប្រកាន់​និន្នាការ​នយោបាយ និង​កុំ​រើសអើង​ជាតិ​សាសន៍​។ ជាពិសេស​កុំ​បំភ្លៃ ឬ​បំប៉ោង​ពត៌មាន និង​កុំ​លាក់បាំង​ព័ត៌មាន​ពិត​ជុំវិញ​COVID-19​នេះ​។​បើតាម​លោក កឹម សុខា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស ក៏ត្រូវ​ចូលរួម​សាមគ្គី​ជាតិ ឯកភាព​ជាតិ និង ផ្តល់​អាទិភាព​ខ្ពស់​ចំពោះ​ការដោះស្រាយ​បញ្ហា​នេះដែរ​។​

​គិត​ត្រឹម​ថ្ងៃទី​២៣ មីនា​នេះ កម្ពុជា មាន​អ្នក​ឆ្លង​វីរុស​COVID-19 ចំនួន​៨៦នាក់​ហើយ​។​


Tag:
 ​កឹម សុខា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com