COVID-19
អន្តរជាតិ
អធិការបតី​អាល្លឺម៉ង់ មឺ​ហ្គែ​ល ត្រូវដាក់​នៅ​ដោយឡែក ក្រោយ​ជួប​គ្រូពេទ្យ​មាន COVID-19
23, Mar 2020 , 1:14 pm        
រូបភាព
​អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល នៅ​ថ្ងៃទី​២២ ខែមីនា ត្រូវបាន​ដាក់​នៅ​ដោយឡែក​បន្ទាប់ពី​អ្នកស្រី​បាន​ជួប​ជាមួយ​គ្រូពេទ្យ​ម្នាក់​ដែល​ត្រូវបាន​រកឃើញថា មាន​ផ្ទុក​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (COVID-19) ។ មុន​ដាក់​នៅ​ដោយឡែក អ្នកស្រី មឺ​ហ្គែ​ល ក៏​ប្រកាស​រឹតបន្តឹង​វិធានការ​ក្នុងស្រុក​ដោយ​ហាម​ការជួបជុំ​ចាប់ពី​ពីរ​នាក់​ឡើងទៅ​តែម្ដង ខណៈ​អាជីវកម្ម​មិនចាំបាច់​ជាច្រើន ក៏ត្រូវ​បញ្ជា​ឲ្យ​បិទ​ជា​បណ្ដោះអាសន្ន​ផងដែរ​។​



«​អ្នកស្រី​អធិការបតី សម្រេចចិត្ត​ដាក់ខ្លួន​ក្រោម​វិធាន​ច​ត្តា​ឡី​ស័ក​ភា្ល​មៗ​នៅផ្ទះ​អ្នកស្រី​។ អ្នកស្រី នឹង​ទទួល​ការធ្វើ​តេស្ត​ទៀងទាត់​នៅ​ថ្ងៃ​ខាងមុខ ហើយ​បន្ត​បំពេញ​តួនាទី​ពី​ផ្ទះ​អ្នកស្រី​។​» អ្នកនាំពាក្យ​អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល បញ្ជាក់​បែបនេះ​នៅ​ថ្ងៃទី​២២ ខែមីនា​។

​អ្នកស្រី មឺ​ហ្គែ​ល ជាប់​សង្ស័យ​ឆ្លង COVID-19 បន្ទាប់ពី​គ្រូពេទ្យ​ម្នាក់​ដែល​ចាក់​ថ្នាំ​វ៉ាក់សាំង​លើ​អ្នកស្រី មាន​លទ្ធផល​វិជ្ជមាន COVID-19 ។ បើតាម​លោក Steffen Seibert ដែលជា​អ្នកនាំពាក្យ លទ្ធផល​អ្នកស្រី មឺ​ហ្គែ​ល អាច​ឆ្លង​វីរុស​នេះ​ឬ​យ៉ាងណា​នោះ ត្រូវ​រង់ចាំ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទើប​ដឹង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រកាស​ពី​វិធានការ​ទប់ស្កាត់ COVID-19 នៅ​ថ្ងៃទី​២២ ខែមីនា អ្នកស្រី​មិនបាន​បង្ហាញ​រោគសញ្ញា​អ្វី​ឡើយ​។​

​ដ្បិត​មាន​វ័យ​ចំណាស់​បន្តិច​មែន អ្នកស្រី មឺ​ហ្គែ​ល ដែល​ដឹកនាំ​អាល្លឺម៉ង់​១៥​ឆ្នាំ​មកនេះ មាន​សុខ​ភាពល្អ​រឹងមាំ ទោះជា​ឆ្នាំមុន​អ្នកស្រី​មាន​បញ្ហា​ញ័រ​ដៃ​ក្ដី​។ ក្នុងករណី អ្នកស្រី មឺ​ហ្គែ​ល មិនអាច​ធ្វើការ​បាន អធិការបតី​រង Olaf Scholz ដែលជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ នឹង​ដឹកនាំ​អាល្លឺម៉ង់​ជំនួស​។​

​មុន​ឃុំ​ខ្លួនឯង អធិការបតី​អាល្លឺម៉ង់​រូបនេះ បាន​ដាក់ចេញ​វិធានការ​តឹងរ៉ឹង​ជាង​មុន​លើ​ការជួបជុំ​ចាប់ពី​ពីរ​នាក់​ឡើងទៅ ដោយបាន​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​តំបន់​ទាំងអស់​នៃ​រដ្ឋ​សហព័ន្ធ​ទាំង​១៦​។ សាលារៀន​ទាំងអស់ ត្រូវបាន​បិទ ជាមួយនឹង​ហាង​មិនចាំបាច់ ខណៈ​កន្លែង​ម៉ាស្សា និង​កាត់សក់ ក៏ត្រូវ​បាន​បិទ​ដំណើរការ​ដែរ ប៉ុន្តែ​ភោជនីយដ្ឋាន​ដែលមាន​សេវាកម្ម​ដឹកជញ្ជូន អាច​បន្ត​រកស៊ី​បាន​។​

​តួលេខ​ដែល​ផ្សាយ​ដោយ​វិទ្យាស្ថាន Robert Koch ដែលជា​ស្ថាប័ន​គ្រប់គ្រង​ជំងឺឆ្លង​អាល្លឺម៉ង់ ករណី​ឆ្លង​នៅ​ប្រទេស​អឺរ៉ុប​មួយ​នេះ​មាន​ប្រមាណ​១៨០០០​នាក់ ប៉ុន្តែ​មាន​អ្នកស្លាប់​៥៥​នាក់​។ បើ​ប្រៀបធៀប​នឹង​ប្រទេស​មួយចំនួន​ដូចជា​អ៊ីតាលី បារាំង  និង​អេ​ស្ប៉ា​ញ​ជាដើម អាល្លឺម៉ង់​ហាក់​ធូរស្រាល​ជាង​បន្តិច​៕


 



Tag:
 អាល្លឺម៉ង់​
  COVID-19
  អែន​ជែ​ឡា មឺ​ហ្គែ​ល
© រក្សាសិទ្ធិដោយ thmeythmey.com