COVID-19
ជាតិ
អ្នកជំងឺ​COVID-19 ចំនួន​២​នាក់ ដែល​សម្រាក​ព្យាបាល​នៅ​ពេទ្យ​បង្អែក​ខេត្តសៀមរាប​មាន​សុខភាព​ធម្មតា​
23, Mar 2020 , 3:44 pm        
រូបភាព
​សៀមរាប​៖ មកដល់ពេលនេះ ស្ថានភាព​អ្នកជំងឺ​ដែលជា​ជនជាតិខ្មែរ​២​នាក់ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មាន​សុខ​ភាពល្អ​ធម្មតា តែ​ក្រុមគ្រូពេទ្យ​បន្ត​តាមដាន​សុខភាព​ពួកគេ​ដោយ​យកចិត្តទុកដាក់​ខ្ពស់​។ តាម​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ម្នាក់​ក្នុងចំណោម​២​នាក់ គឺ​លទ្ធផល​តាមដាន​ការពិនិត្យ​សុខភាព ឃើញថា អវិជ្ជមាន​មេរោគ​ហើយ​។​


 
​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៣ មីនា នេះ​ថា សុខភាព​បុរស​ជនជាតិ​ខ្មែរ​ទី​១ ដែល​ឆ្លង​ពី​ជនជាតិ​ជប៉ុន​កាលពី​ដើមខែ មីនា​មក​នោះ គឺមាន​សុខភាព​ធម្មតា តែ​ការតាមដាន​ពិនិត្យ​សុខភាព ឃើញ​នៅតែមាន​មេរោគ​កូ​វីដ​១៩ តែមាន​ចំនួន​តិច​។ មកដល់ពេលនេះ គឺ​ការធ្វើ​តេស្ដ​មាន​ចំនួន​៧​ដង​រួចហើយ តែ​លទ្ធផល​នៅតែ​វិជ្ជមាន ហើយ​រំពឹងថា ការធ្វើ​តេស្ដ​មេរោគ​នៅ​លើក​ទី​៨ ដែល​ក្រុមគ្រូពេទ្យ​នឹងធ្វើ​នៅ​ថ្ងៃទី​២៣​នេះ អាច​ចេញ​លទ្ធផល អវិជ្ជមាន​។ នេះ​ជាការ​លើកឡើង​របស់លោក ក្រុស សារ៉ាត់​។​
 
​សូម​ស្ដាប់​សំឡេង លោក ក្រុស សារ៉ាត់ ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​នៅ​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​២៣ មីនា​៖

 
 
​ចំណែក​បុរស​ជនជាតិខ្មែរ​ម្នាក់ទៀត ដែល​ទើប​មកពី​ប្រទេស​ម៉ាឡេស៊ី សុខភាព​កាន់តែ​ល្អប្រសើរ​។ ការធ្វើ​តេស្ដ​ត្រួត​ពិនិត្យឃើញថា មាន​លទ្ធផល​អវិជ្ជមាន​នៃ​មេរោគ​កូ​វីដ​១៩​ហើយ តែ​ក្រុមគ្រូពេទ្យ​នឹង​បន្ត​ធ្វើតេស្ដ​លើក​ទី​២​ម្ដងទៀត​។ លោក ក្រុស សារ៉ាត់ បញ្ជាក់ថា ប្រសិន​ណា​លទ្ធផល​នៅ​បន្ដ​អវិជ្ជមាន គ្រូពេទ្យ​នឹង​ពិចារណា​ឱ្យ​បុរស​អាយុ​៤០​ឆ្នាំនេះ ត្រឡប់ទៅផ្ទះ​វិញ តែ​ត្រូវ​ស្ថិតនៅ​ដាច់ដោយឡែក​ពី​គ្រួសារ​ក្នុង​រយៈពេល​ដែល​បានកំណត់​។​
 
​គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ មាន​មនុស្ស​១៧២​នាក់​ហើយ ដែល​ត្រូវបាន​ពិនិត្យ និង​ធ្វើតេស្ដ​រក​ជំងឺ​កូ​វីដ​១៩ ហើយ​លទ្ធផល​គឺ​សុទ្ធសឹង​អវិជ្ជមាន​។ លោក ក្រុស សារ៉ាត់ បញ្ជាក់ថា អ្នក​ទាំងនោះ​គឺមាន​ទំនាក់​ទំនាក់​ជិតស្និទ្ធ និង​ដោយផ្ទាល់​ពី​អ្នកជំងឺ​កូ​វីដ​១៩៕









© រក្សាសិទ្ធិដោយ thmeythmey.com