COVID-19
អន្តរជាតិ
នូ​វែ​ល​សេ​ឡង់ ប្រកាស​បិទ​ប្រទេស​ទាំងមូល ខណៈ​ករណី​COVID-19​លើស​១០០​នាក់​
23, Mar 2020 , 4:32 pm        
រូបភាព
លោកស្រី  Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលសេឡង់-AFP
លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលសេឡង់-AFP
ដោយ:
​លោកស្រី  Jacinda Ardern នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ នឹងដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​កម្រិត​ខ្ពស់ ដោយ​សាលារៀន ការិយាល័យ និង​សេវាកម្ម​មិនចាំបាច់​មួយចំនួន​នឹងត្រូវ​បិទ ចាប់​ពីថ្ងៃ​អង្គារ ទី​២៤ មីនា​តទៅ​។ ចំណាត់ការ​នេះ នឹង​រក្សា​អនុវត្ត​យ៉ាងតិច ៤​សប្តាហ៍​ខាងមុខ​។

 
​ថ្លែង​នៅ​សន្និសីទ​ព័ត៌មាន​មួយ នៅ​ថ្ងៃ​ចន្ទ ២៣ ខែមីនា​នេះ លោកស្រី​នាយករដ្ឋមន្ត្រី អះអាងថា រង្គសាល ហាង​កា​ហ្វ ភោជនីយដ្ឋាន និង​រោងភាពយន្ត​នានា​នឹងត្រូវ​បិទទ្វារ ខណៈ​ឱសថស្ថាន និង​ហាង​លក់​ម្ហូបអាហារ នឹងត្រូវ​បន្ត​បើក​ដំណើរ​ការធម្មតា​។ 
 
​ទំនិញ និង​សម្ភារ​ចាំបាច់​សម្រាប់​តម្រូវការ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ទាំងអស់នេះ នឹងមាន​ការផ្គត់ផ្គង់​គ្រប់គ្រាន់​។ លោកស្រី Ardern សង្កត់ធ្ងន់​បែបនេះ ដោយ​បន្ថែម​ដូច្នេះ​ថា​៖«​នូ​វែ​ល​សេ​ឡង់ កំពុង​រៀបចំ​ប្រទេស​ដើម្បី​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​»​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា ចំនួន​អ្នក​ឆ្លង COVID-19 បាន​កើន​ឡើងដល់ ១០០​ករណី​ហើយ ក្រោយ​រកឃើញ​ការឆ្លង​ថ្មី​ចំនួន ៣៦​ករណី​។ ក្នុងករណី​ឆ្លង​ខាងលើ មាន​ករណី​ចំនួន​២ ដែលជា​ការឆ្លង​បែប​សហគមន៍​។ នេះ​ជាការ​បន្ថែម​របស់លោក​វេជ្ជបណ្ឌិត  Ashley Bloomfield អគ្គនាយក​សុខាភិបាល​ក្នុង​ស​ន្និសិទ​សារ​ព័​ត៍​មាន​ថ្ងៃ​ចន្ទ​នេះ​។ ខណៈ​ករណី​ពាក់កណ្តាល​ទៀត​ទាក់ទង​នឹង​ការធ្វើដំណើរ​ទៅ​ក្រៅប្រទេស​។​
 
​នៅមុន​ការប្រកាស​របស់លោក​ស្រី Jacinda Ardern នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ មេដឹកនាំ​គណបក្សប្រឆាំង​បានសម្រេច​ផ្អាក​យុទ្ធនាការ​ផ្សព្វផ្សាយ ក្នុងការ​បោះឆ្នោត​សកល​នា​ថ្ងៃ ១៩ កញ្ញា​ខាង​មុន​។​
 
«​ព្រឹក​នេះ ខ្ញុំ​បានស្នើ​ឲ្យ​អ្នកតំណាងរាស្ត្រ​របស់​យើង​ផ្អាក​យុទ្ធនាការ​ផ្សព្វផ្សាយ​ការបោះឆ្នោត​គ្រប់​ទម្រង់​» នេះ​ជាស​ម្តី​លោក Simon Bridges​មេដឹកនាំ​អ្នក​បក្ស​ជាតិ ដែលជា​បក្សប្រឆាំង​ដែលមាន​ទំនោរ កណ្តាល និង​ស្តាំនិយម​។ 
 
​កាលពី​គ្រា​មុន លោក Bridges ដែលជា​មេដឹកនាំ​គណបក្សប្រឆាំង​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​កម្រិត​ខ្ពស់បំផុត​។ ដោយឡែក កាលពី​សប្តាហ៍​មុន នូ​វែ​ល​សេ​ឡង់​បានប្រកាសថា​ខ្លួន​នឹង​បិទ​ព្រំដែន មិន​ឲ្យ​ជនបរទេស​ចូល​ប្រទេស​ខ្លួន ជា​កិច្ចប្រឹងប្រែង​ក្នុងការ​រាំងខ្ទប់​ការឆ្លង​ជំងឺ​កូ​រ៉ូ​ណាវី​រ៉ុ​ស​៕

© រក្សាសិទ្ធិដោយ thmeythmey.com